Monday, July 7, 2025
Homeព័ត៌មានជាតិអណ្តើកហ្លួង២០ក្បាល លែងចូលព្រែកស្រែអំបិល

អណ្តើកហ្លួង២០ក្បាល លែងចូលព្រែកស្រែអំបិល

កោះកុង ៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា សហការជាមួយ Mandai Nature និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានលែងអណ្តើកហ្លួង ឬ អណ្តើកសរសៃ ចំនួន២០ក្បាល ចូលទៅក្នុងជម្រកធម្មជាតិ តាមប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងស្រុកស្រែ អំបិល។

លោកសោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួង នៃអង្គការ WCS បានបញ្ជាក់ប្រាប់ថា អណ្តើកហ្លួង ទាំង ២០ក្បាល ឬហៅតាមឈ្មោះវិទ្យាសាស្ត្រ the Southern River Terrapins (Batagur affinis) ដែលបានលែងនេះ ត្រូវបានក្រុមអភិរក្ស ប្រមូលយកក្រោយពីបានញាស់ពីសំបុក ដែលបានការពារតាមដងព្រែកស្រែអំបិល និង ព្រែកកំពង់សិលា ក្នុងខេត្តកោះកុង និងព្រះសីហនុ ចន្លោះពីឆ្នាំ២០០៦ ដល់ ២០១៦ បន្ទាប់មកបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដើម្បីចិញ្ចឹមថែទាំឱ្យធំលូតលាស់ មុននឹងលែងចូលទៅក្នុងទីជម្រក ធម្ម ជាតិរបស់វាវិញ។

លោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានថ្លែងសាទរចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្តារប្រភេទ ដែលកំពុងរងគ្រោះនេះ ឱ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។

លោកអ៊ុក វិបុល បានបន្ថែមថា ក្នុងឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដាក់បញ្ចូល ប្រព័ន្ធព្រែកស្រែអំបិល និងព្រៃលិចទឹកតាមដងព្រែក ក្នុងប្រកាសលេខ១៣៣ ស្តីពីការបង្កើតតំបន់ គ្រប់គ្រង អណ្តើកហ្លួង ឬអណ្តើកសរសៃ និងក្រពើត្រី។ ដូច្នេះ រាល់ការកាប់ទន្ទ្រានព្រៃលិចទឹកតាមដងព្រែក ដើម្បីយក ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាទង្វើល្មើសច្បាប់។ ជាមួយនេះ លោកក៏បានក្រើនរំលឹកដល់ សហគមន៍ មូលដ្ឋាន ឱ្យចៀសវាងការជួញដូរប្រភេទសត្វដ៏កម្រនេះផងដែរ។

លោកបណ្ឌិត សុនចា ឡូហ្ស (Dr. Sonja Luz) នាយក Mandai Nature បានគូសបញ្ជាក់ថា «យើងខ្ញុំសូមចូល រួមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS ដែលបានខិតខំប្រឹង ប្រែងរួមគ្នា ការ ពារនិងអភិរក្សអណ្តើកហ្លួង ទាំងនេះ។ ការលែងអណ្តើកហ្លួងបន្ថែមទៀត ចូលទៅក្នុងទីជម្រកធម្មជាតិបាន បង្ហាញពីជោគជ័យនៃកិច្ចប្រឹងប្រែងអភិរក្ស ដោយមានការចូលរួមបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ។ ការចូល រួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាននិងសហគមន៍ ពិតជាមានសារសខាន់ ក្នុងការធានាដល់កំណើនអណ្តើក ប្រភេទនេះ នៅក្នុងទីជម្រកធម្មជាតិ»។

អណ្តើកហ្លួង ស្ថិតក្នុងប្រភេទអណ្តើកគោក និងទឹកសាប ចំនួន ២៥ប្រភេទ ដែលជិតផុតពូជ បំផុតនៅលើពិភព លោក។ ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហម របស់អង្គការ IUCN ថាជាប្រភេទអណ្តើក ជិតផុត ពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូន តំណាងឱ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រឹត្យ ឆ្នាំ២០០៥។ ក្រុមអ្នកអភិរក្សជឿថា អណ្តើកហ្លួងនេះ បានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជាតែរហូតដល់ ឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសាជាថ្មី នូវប្រភេទអណ្តើកហ្លួងនេះ មួយចំនួនគូ នៅ សេសសល់តាមដងព្រែកស្រែអំបិល។

ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បានសហការគ្នាការពារប្រភេទសត្វអណ្តើកនេះ កុំឱ្យផុតពូជ រួមមានកម្មវិធីការពារសំបុកអណ្តើកហ្លួង ការចិញ្ចឹមថែទាំក្រោយពេលញាស់ ការពង្រឹងការអនុ វត្តច្បាប់ ការពិនិត្យតាមដាន ការទប់ស្កាត់ការជួញដូរខុសច្បាប់ ការអប់រំផ្សព្វផ្សាយ និងការគាំទ្រលើ ជីវភាព រស់នៅរបស់សហគមន៍។ ការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រក ការធ្វើអាជីវកម្មខ្សាច់ និងការកាប់បំផ្លា ញព្រៃលិចទឹក នៅតាមប្រព័ន្ធព្រែកស្រែអំបិល បាននិងកំពុងតែគំរាមកំហែងដល់ការរស់រាន និងការបង្កកំណើត របស់សត្វ ប្រភេទនេះ។

ការលែងអណ្តើកនេះ គឺជាផ្នែកមួយនៃគម្រោងអភិរក្សអណ្តើកហ្លួង គាំទ្រដោយសហភាពអឺរ៉ុប (2019-2022) និងម្ចាស់ជំនួយផ្សេងទៀត មានដូចជា Mandai Nature, US Forest Service, US Fish and Wildlife Service, Rainforest Trust, United States Forest Service, Allan & Patricia Koval Foundation, USAID Feed the Future, and Turtle Survival Alliance។ គម្រោងនេះអនុវត្ត ដោយអង្គការ WCS សហការជាមួយរដ្ឋបាលជលផល។

ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ ក្នុងការការពារសំបុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការ ពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយម្ចាស់ជំនួយ មានរាយនាមដូច ខាងលើ។ ចាប់តាំងពីឆ្នាំ ២០១៥ មក នេះជាការលែងអណ្តើកហ្លួង លើកទី៧ ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលសរុបទាំងប្រាំពីរលើកនេះ មានចំនួន ១៦៧ក្បាល៕

RELATED ARTICLES