ភ្នំពេញ ៖ ទេវតាឆ្នាំថោះ ព្រះនាម កិមិរាទេវី នឹងយាងចុះមក នៅម៉ោង ៤:០០នាទីរសៀល ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣ ដូច្នេះសូមជនរួមជាតិ ត្រៀមរៀបចំរណ្តាប់គ្រឿងពលិការ ទទួលទេវតាឆ្នាំថ្មី ទៅតាមលទ្ធភាពរៀងៗខ្លួន។
សុភមស្តុ ! វរមង្គលាជយាតិរេក ព្រះពុទ្ធសករាជព្រះសាសនា អតិក្កន្តាកន្លងទៅហើយ បាន២៥៦៦ព្រះវស្សា ត្រឹម ថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូណ៌មី នៃខែពិសាខ លុះដល់ថ្ងៃសុក្រ ១រោច ខែពិសាខ ចូលព្រះពុទ្ធសករាជ ២៥៦៧ ព្រះវស្សាតទៅ។
នឹងគណនាឆ្នាំថោះ បញ្ចស័ក ឥឡូវនេះ សង្ក្រាន្ត ចូលមកនៅក្នុងសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី (៤:០០នាទីរសៀល) ពេលនោះព្រះអាទិត្យ ចរចេញពីមីនរាសី ទៅស្ថិតនៅ មេ សរាសី តាមគោវិថី គឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកា ព្រះនាម កិមិរាទេវី ជាបុត្រីទី៦ របស់កបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌សេត (ពណ៌ស) ព្រះកាណ៌សៀតផ្កាចង្កុលណី (អម្បូរឈូក-លំចង់) អាភរណៈ ទ្រង់បុស្សរាគ័ម (ត្បូងពណ៌លឿង) ព្រះហស្តស្តាំ ទ្រង់ព្រះខ័ន (ដាវមុខ២) ព្រះ ហស្តឆ្វេង ទ្រង់ពិណ ភក្សាហារ ចេកទឹក (ចេកណាំវ៉ា) គង់ពាក់ឆៀងលើខ្នងមហឹសា (ក្របី) ជាពាហនៈ ទើប នាំអស់ពួកទេពនិករទាំងមួយសែនកោដិ ហោះឆ្ពោះទៅកាន់គុហារកែវ ឈ្មោះគន្ធមាលី ឯទីភ្នំកៃលាស ខេត្ត ហេមពាន្ត ដែលជាទីប្រតិស្ថានទុកព្រះសិរសានៃកបិលមហាព្រហ្ម ព្រះវរបិតា តម្កល់លើពានមាស នាំចេញ មក ដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ ជុំចក្រវាល តាមផ្លូវព្រះអាទិត្យចរ ជាគម្រប់ ៦០នាទី ហើយដង្ហែចូលទៅ តម្កល់ ទុកដូចដើមវិញ។ រួចស្រេច ស្តេចប្រជុំអស់ទេវបុត្រ ទេពធីតាទាំងមួយសែនកោដិ ចូលទៅ ស្រង់ទឹក អនោ តត្តម ហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវមាត់គោឧសភរាជ ទាំង៧ ត្រជាក់ត្រជំក្សេ មក្សាន្តព្រះ រាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភា ដែលវិស្ស កម្មទេវបុត្រ និមិត្តថ្វាយ ដើម្បីបន្ទោបង់នូវអពមង្គល ឱ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរីសួស្តី ជន្មាយុ យឺនយូរតរៀងទៅ។
-ថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទីរសៀល ជាថ្ងៃមហា សង្ក្រាន្ត
-ថ្ងៃសៅរ៍ ១០រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃវារៈវ័នបត
-ថ្ងៃអាទិត្យ ១១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃវារៈឡើងស័ក ។ គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ចុល្លសករាជ ១៣៨៥ តរៀងទៅ។
គ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថោះ ៖
នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាមផ្ទះនីមួយៗ មានរៀបគ្រឿងពលិការ ឬរណ្តាប់ទទួលទេវតា រៀងៗខ្លួន។ បើតាមទំនៀមទម្លាប់ពីបុរាណរៀងរហូតមក ចំពោះរណ្តាប់ទទួលទេវតា គឺត្រូវរៀបរានមួយ នៅខាងមុខផ្ទះ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ ដូចខាងក្រោម ៖
– ក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា ដូចជា បាយសី ៩ថ្នាក់ ១គូ, បាយសី ៧ថ្នាក់ ១គូ, បាយសី ៥ថ្នាក់ ១គូ, បាយសី ៣ថ្នាក់ ១គូ, បាយសីប៉ាកឆាម ១គូ, ស្លាធម៌ ១គូ, ទឹកអប់ ១គូ, ទៀន៥, ធូប៥, លាច៥, ផ្កា៥ ដាក់លើជើងពាន ១គូ, ចេកនួន ចេកណាំវ៉ា ដាក់លើជើងពាន ១គូ, ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន ១១គូ, ដូងឡៅ ១គូ, និងទឹកស្អាត ២កែវ (យោងតាមឯកសារព្រះរាជពិធីទ្វាទសមាស ចំពោះបាយសី ៩ថ្នាក់ ឬ ៧ថ្នាក់ គឺមានអនុវត្តនៅព្រះបរមរាជវាំង ប៉ុន្តែចំពោះរាស្ត្រសាមញ្ញ គួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ឱ្យបានត្រឹម ៣-៥មុខ ក៏ជាការប្រសើរ តាមលទ្ធភាពរៀងៗខ្លួន)។ អ្វីដែលគួរកត់ចំណាំ គឺនៅគ្រប់តង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួង ពីលើគ្រប់តង្វាយ នៅលើជើងពាន និងបាយសី ហើយត្រូវដោតទៀន ព្រមទាំងដុតបំភ្លឺផង។ សម្រាប់ឆ្នាំថ្មី ឆ្នាំថោះនេះ ទេវតា ព្រះនាម កិមិរាទេវី សោយចេកទឹក (ចេកណាំវ៉ា) ដូច្នេះត្រូវមានចេកណាំវ៉ា ២ស្និត ថ្វាយទេវតា កុំបីខាន។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ឆ្នាំ២០២៣ នេះ «នគរធំ» សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាថ្មី ព្រះនាម កិមិរាទេវី សូមប្រោះព្រំ ផ្តល់ពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនជនរួមជាតិទាំងអស់ ជាពិសេសអ្នកគាំទ្រកាសែត «នគរធំ» សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕ ខៀវទុំ