ប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទទី២៤ ខែមេសា ថា ខ្លួនគោរពឋានៈរដ្ឋអធិបតេយ្យនៃបណ្តា ប្រទេសអតីត សហភាពសូវៀតទាំងអស់។ការលើកឡើងបែបនេះ បន្ទាប់ពីឯកអគ្គរដ្ឋទូតទីក្រុងប៉េកាំងប្រចាំប្រទេស បារាំង បានបង្កឱ្យមានកំហឹងនៅអឺរ៉ុបនៅពេលចោទសួរអំពីអធិបតេយ្យភាពរបស់ប្រទេសទាំងនោះ។

ឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំងប្រចាំប្រទេសបារាំង លោក Lu Shaye បានបង្កឱ្យមានការខឹងសម្បារ បន្ទាប់ពីបានលើកឡើងថាប្រទេសដែលកើតឡើងបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតមិនមានឋានៈប្រសិទ្ធភាពក្រោមច្បាប់អន្តរជាតិទេពីព្រោះមិនមានកិច្ចព្រមព្រៀងអន្តរជាតិបញ្ជាក់ពីឋានៈរបស់ពួកគេជាប្រទេសអធិបតេយ្យ។
ការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតហាក់ដូចជាមិនគ្រាន់តែសំដៅទៅលើអ៊ុយក្រែនដែលរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ ២០២២ប៉ុណ្ណោះទេប៉ុន្តែថែមទាំងសំដៅចំពោះអតីតសាធារណរដ្ឋសូវៀតទាំងអស់ដែលបានកើតចេញជាប្រទេសឯករាជ្យបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ រួមទាំងសមាជិកនៃសហភាពអឺរ៉ុបផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រីម៉ៅនីងបានប្រាប់អ្នកយកព័ត៌មានថាប្រទេសចិនគោរពឋានៈរដ្ឋអធិបតេយ្យនៃសាធារណរដ្ឋដែលចូលរួមបន្ទាប់ពីការរំលាយសហភាពសូវៀត។
លោកស្រីម៉ៅនីងបានទទូចកាលពីថ្ងៃចន្ទថា ប្រទេសចិនគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ហើយប្រកាន់ខ្ជាប់នូវគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោកស្រីបន្តថាបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសពាក់ព័ន្ធ។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសទាំងនោះប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក និងសមភាព ដើម្បីអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកស្រីបានបន្ថែមថាប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបកស្រាយខុសអំពីជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែន ហើយកំពុងសាបព្រួសភាពមិនចុះសម្រុងក្នុងទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសពាក់ព័ន្ធដោយបានព្រមានថា យើងនឹងមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះ។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានចាត់ទុកការកត់សម្គាល់របស់ចិនថា មិនអាចទទួលយកបានដោយបន្ថែមនៅក្នុង tweetថា សហភាពអឺរ៉ុបគ្រាន់តែអាចសន្មត់ថាការប្រកាសទាំងនេះមិនតំណាងឱ្យគោលនយោបាយផ្លូវការរបស់ប្រទេសចិន ៕