ទីក្រុងវ៉ាស៊ីនតោននិងប៉េកាំងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ១១ ខែឧសភាឆ្នាំ ២០២៣ថាទីប្រឹក្សាសន្តិសុខ ជាតិអាមេរិក លោក Jake Sullivan និងអ្នកការទូតកំពូលចិន លោក Wang Yi បានជួបប្រជុំគ្នានៅទីក្រុងវីយែន ប្រទេសអូទ្រីសក្នុងសប្តាហ៍នេះខណៈដែលមហាអំណាចទាំងពីរព្យាយាមរក្សាទំនាក់ទំនងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាពិសេសលើកោះតៃវ៉ាន់។

ភាគីទាំងពីរបានពិភាក្សាគ្នាអស់រយៈពេលប្រាំបីម៉ោងចាប់តាំងពីថ្ងៃពុធរហូតដល់ថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានីអូទ្រីស។កិច្ចប្រជុំនេះមិនត្រូវបានគេអោយដឹងមុនទេក្រៅតែពី អាជ្ញាធរអូទ្រីសទទួលបន្ទុកសន្តិសុខរៀបចំការប្រ ជុំ។នេះគឺជាជំនួបគ្នាលើកដំបូងដោយបញ្ចប់ការផ្អាកក្រៅផ្លូវការក្នុងទំនាក់ទំនងកម្រិតខ្ពស់ចាប់តាំងពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងហោះឈ្លបយកការណ៍របស់ចិនដែលបានធ្វើដំណើរទូទាំងប្រទេសកាលពីខែមករា និង កុម្ភៈ។
យោងតាមមន្ត្រីសេតវិមានបានឱ្យដឹងថា ភាគីទាំងពីរបានពណ៌នាកិច្ចប្រជុំដែលមិនបានប្រកាសអោយដឹងមុន ថាមានភាពច្បាស់លាស់ សំខាន់ និងស្ថាបនា ដែលគ្របដណ្តប់លើប្រធានបទរួមទាំងការលុក លុយរបស់រុស្ស៊ី លើអ៊ុយក្រែននិងកោះតៃវ៉ាន់ដែលជាប្រធានបទដ៏រសើបបំផុតពីរនៅក្នុងទំនាក់ទំនងដ៏ត្រជាក់រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក។
ក្រុងវ៉ាស៊ីនតោនបានព្រមានចិនម្តងហើយម្តងទៀតប្រឆាំងនឹងការផ្តល់ជំនួយយោធាណាមួយដល់រុស្ស៊ីហើយកំពុងឃ្លាំមើលយ៉ាងដិតដល់នូវចំណាត់ការរបស់ខ្លួនលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជា ទឹកដីរបស់ខ្លួន ។

ចំណែកឯទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរបាននិយាយថាលោកWangបានពន្យល់យ៉ាងទូលំទូលាយអំពី ជំហរដ៏ឧឡារិករបស់ចិនលើកោះតៃវ៉ាន់ ដោយបន្ថែមថា អ្នកការទូតទាំងពីរ បានយល់ព្រមបន្តប្រើប្រាស់ឱ្យបាន ល្អនូវបណ្តាញយុទ្ធសាស្ត្រនេះសម្រាប់ការទំនាក់ទំនង។
មន្ត្រីអាមេរិកបាននិយាយថា លោក Sullivan និងលោក Wang មិនបានពិភាក្សាអំពីកាលបរិច្ឆេទសម្រាប់ ដំណើរ ទស្សនកិច្ចដែលបានគ្រោងទុកឡើងវិញទៅកាន់ទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ប៉ុន្តែសេតវិមានរំពឹងថាភាគីទាំងពីរនឹងបន្តចូលរួមនៅក្នុងប៉ុន្មានខែខាងមុខនេះ៕