ប្រធានក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បាននិយាយថា កងកម្លាំងរបស់លោកនឹងចាកចេញពីទីក្រុង Bakhmut នៅថ្ងៃទី២៥ខែឧសភាហើយផ្ទេរការគ្រប់គ្រងនៃទីក្រុងភាគខាងកើតអ៊ុយក្រែនទៅអោយប្រទេសរុស្ស៊ីវិញ។

លោក Yevgeny Prigozhin បាននិយាយនៅក្នុងសារជាសំឡេងដែលបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram ថា Wagner មិនមានការវាយលុកទៅមុខទៀតទេ។ ថ្ងៃនេះ Wagnerមិនចាប់យកទឹកដីទេ។យើងបានចាប់យកទឹកដីទាំងអស់ដែលយើងបានសន្យាថានឹងចាប់យករហូតដល់សង់ទីម៉ែត្រចុងក្រោយ។
អ៊ុយក្រែនបដិសេធការអះអាងរបស់រុស្ស៊ីដែលថាទីក្រុង Bakhmut បានធ្លាក់ទៅលើដៃរុស្ស៊ីទាំងស្រុង ខណៈអនុរដ្ឋមន្ត្រីការពារជាតិនិយាយថាគៀវកំពុងកាន់កាប់ទីតាំងមួយចំនួននៅក្នុងទីក្រុងនេះ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ៖ ជំនួយយន្តហោះចម្បាំង F-16 មកអ៊ុយក្រែនគ្មានប្រយោជន៍ទេ
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានពណ៌នាការគ្រោងបញ្ជូនយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែនថាគ្មានប្រយោជន៍សម្រាប់ដំណើរការសង្រ្គាម។
Ryabkov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax កាលពីថ្ងៃចន្ទថា ផែនការរបស់លោកខាងលិច រួមទាំងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនសម្រាប់យន្តហោះ F-16 នឹងមិនជួយសម្រេចបានលទ្ធផលដែលចង់បានប្រឆាំងនឹងប្រទេសរុស្ស៊ីនោះទេ។

លោកបានថ្លែងថា៖ «កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះគឺគ្មានប្រយោជន៍ទាំងស្រុង។សមត្ថភាពរបស់យើងគឺបែបនេះដែលគោលដៅទាំងអស់នៃប្រតិបត្តិការយោធាពិសេសនឹងអាចសម្រេចបាន។ រុស្ស៊ីហៅការឈ្លានពានអ៊ុយក្រែន ជាផ្លូវការដែលខ្លួនបានចាប់ផ្តើមប្រហែល ១៥ ខែមុនថាជាប្រតិបត្តិការយោធាពិសេស។
លោក Ryabkov បានសង្កត់ធ្ងន់ថាការប៉ុនប៉ងរបស់សមូហភាព លោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីធ្វើការវាយប្រហារលើសន្តិសុខរបស់រុស្ស៊ីនឹងមិនជោគជ័យឡើយ។ លោកបាននិយាយថា វាច្បាស់ណាស់សម្រាប់រុស្ស៊ីថាប្រភេទសព្វាវុធទាំងអស់ដែលបានពិភាក្សាគ្នានឹងឆាប់ ឬក្រោយមកបញ្ចប់នៅអ៊ុយក្រែន៕