កងទ័ពអាកាសថៃ (RTAF) បាននិយាយថា សំណើទិញយន្តហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកត្រូវបានបរាជ័ដោយសារតែមានឧបសគ្គពេលវេលា។នេះបើយោងតាមការចេញផ្សាយរបស់ការសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែឧសភាឆ្នាំ២០២៣។កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែឧសភាលោកAVM Prapas Sonjaidee អ្នកនាំពាក្យកងទ័ពអាកាសបានពន្យល់ អំពីឧបសគ្គពេលវេលាដែលរារាំងសហរដ្ឋអាមេរិកពីការផ្គត់ផ្គង់យន្តហោះចម្បាំងជំនាន់ទីប្រាំរបស់ខ្លួនដល់កងទ័ពអាកាសថៃថាសហរដ្ឋអាមេរិកត្រូវការរយៈពេលយ៉ាងតិច ១០ ឆ្នាំ ដើម្បីដំណើរការការផ្គត់ផ្គង់យន្តហោះចម្បាំង F-35A របស់ខ្លួនទៅកាន់ប្រទេសបញ្ជាទិញថ្មី មុនពេលចែកចាយ។លោកបានបន្តថាបន្ថែមពីនេះទៀតប្រទេសអ្នកទិញត្រូវដំឡើងហេដ្ឋារចនាសម្ព័ន្ធជាក់លាក់ ការបណ្តុះបណ្តាល និងប្រព័ន្ធសន្តិសុខដោយសារយន្តហោះប្រភេទនេះត្រូវបានរចនាឡើងជាមួយនឹងគំនិតបច្ចេកទេស និងប្រតិបត្តិការថ្មី និងមានសមត្ថភាពបំបាំងកាយ។

លោកបាននិយាយថា ប្រព័ន្ធដឹកជញ្ជូន ស្តុកសារពើភ័ណ្ឌ និងការគ្រប់គ្រងសម្រាប់យន្តហោះ F-35A ខុសពីយន្តហោះ F-16 ដែលធ្វើឱ្យយន្តហោះចម្បាំងទាំងពីរប្រភេទនេះ មិនអាចចែករំលែកប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធជាមួយគ្នាបាន។
ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា សហរដ្ឋអាមេរិកមានបំណងពិភាក្សាអំពីការរៀបចំចាំបាច់សម្រាប់ការផ្គត់ផ្គង់យន្តហោះចម្បាំង F-35A នាពេលអនាគតទៅកាន់ RTAF ជាមួយអាជ្ញាធរថៃ។AVM Prapas ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកក៏បានស្នើឱ្យ RTAF ពិចារណាទិញយន្តហោះចម្បាំងជំនាន់ទី ៤របស់ខ្លួន ដូចជាយន្តហោះចម្បាំង F-16 Block 70 និង F-15 E Strike Eagle ទៅកាន់ប្រទេសថៃ ដែលអាចដឹកជញ្ជូនបានឆាប់ និងបំពេញតាមតម្រូវការរបស់កងទ័ពអាកាស។
អ្នកនាំពាក្យរូបដដែលនេះបានទទូចលើតម្រូវការរបស់កងទ័ពអាកាសដើម្បីជំនួសយន្តហោះ F-16 ចាស់ៗរបស់ខ្លួន ដែលខិតជិតដល់ការដាក់អោយចូលនិវត្តន៍។
កាលពីថ្ងៃទី១១ខែមករាគណៈរដ្ឋមន្ត្រីបានអនុម័តផែនការរបស់ RTAF ក្នុងការទិញយន្តហោះចម្បាំង F-35A ចំនួន ៤ គ្រឿងដែលចាប់ផ្តើមនៅឆ្នាំសារពើពន្ធបន្ទាប់ក្នុងខែតុលានេះ ជាមួយនឹងថវិកាចំនួន ១៣,៨ពាន់លានបាតស្មើនឹងជាង៣៩៨លានដុល្លារ។

ប្រភព RTAF បាននិយាយថា នៅពេលដែលសំណើត្រូវបានបដិសេធជាផ្លូវការ កងកម្លាំងអាកាសត្រូវប្រគល់ប្រាក់ ជាង៣៦៩លានបាត ឬការទូទាត់ជាមុន៥%ដែលត្រូវបានអនុម័តដោយសភាតំណាងឱ្យរដ្ឋ។យោងតាមប្រភពខាងលើRTAFនៅតែកំពុងពិចារណាទិញយន្តហោះចម្បាំង Gripen មួយទៀតពីក្រុមហ៊ុន Saab AB របស់ប្រទេសស៊ុយអែត។ កងទ័ពអាកាសបានទិញយន្តហោះចម្បាំង Gripen ចំនួន ១២ គ្រឿង ដែលមានមូលដ្ឋាននៅ Wing 7 ក្នុងខេត្ត Surat Thani ប៉ុន្តែបានបាត់បង់មួយនៅក្នុងការធ្លាក់៕