មន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយថា ប្រទេសរុស្ស៊ីនឹងមិនទទួលបានជ័យជំនះផ្នែកយោធានៅអ៊ុយក្រែនទេ ហើយកងកម្លាំងរបស់ទីក្រុងគៀវ ទំនងជាមិនរុញច្រានកងទ័ពរុស្ស៊ីទាំងអស់ចេញពីទឹកដីរបស់ពួកគេនៅពេលណាមួយក្នុងពេលឆាប់ៗនោះដែរ។
ឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «រុស្ស៊ីនឹងមិនឈ្នះសង្គ្រាមនេះដោយយោធានោះទេ។ វាមិនអាចទៅរួចទេ’’។

លោកMilleyបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំតាមអនឡានជាមួយតប្រទេសមួយចំនួនដែលជាសមាជិកនៃក្រុមទំនាក់ទំនងការពារអ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថាជា Ramstein ថាគោលដៅយុទ្ធសាស្ត្រដើមរបស់រុស្ស៊ី រួមទាំងការផ្តួលរំលំរដ្ឋាភិបាលក្នុងទីក្រុងគៀវមិនអាចសម្រេចបានដោយយោធាទេ។
Milley បាននិយាយថាមានទាហានរុស្ស៊ីរាប់សែននាក់នៅក្នុងអ៊ុយក្រែន ដែលនឹងធ្វើឱ្យគោលបំណងរបស់ទីក្រុង គៀវក្នុងការដណ្តើមយកទឹកដីទាំងអស់ដែលបានបាត់បង់ទៅឱ្យកងកម្លាំងរបស់ទីក្រុងម៉ូស្គូត្រឡប់មកវិញ ទំនងជាទៅមិនរួចទេ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
នេះមានន័យថា ការប្រយុទ្ធនឹងបន្ត វានឹងបង្ហូរឈាម វានឹងពិបាក។ ហើយនៅពេលណាមួយ ភាគីទាំងពីរនឹងចរចារកដំណោះស្រាយ ឬពួកគេនឹងឈានដល់ការសន្និដ្ឋានយោធា។
ការលើកឡើងរបស់លោកស្របគ្នាជាមួយអតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយផងដែរថាសង្រ្គាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែនអាចបន្តអស់ជាច្រើនទសវត្សរ៍។ លោកបានប្រាប់ភ្នាក់ងារសារព័ត៌មាន RIA ថា ជម្លោះនេះនឹងមានរយៈពេលយូរណាស់ ដែលទំនងជាច្រើនទសវត្សរ៍៕