យោងតាមប្រភេពទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣បានឲ្យដឹងថា ប្រទេសចិននឹងបញ្ជូនអវកាសយានិកស៊ីវិលដំបូងរបស់ខ្លួនទៅកាន់ទីអវកាសដែលជាផ្នែកមួយនៃបេសកកម្មនាវិកទៅកាន់ស្ថានីយអវកាស Tiangong នៅថ្ងៃអង្គារនេះខណៈដែលទីក្រុងប៉េកាំងបន្តឆ្ពោះទៅមុខជាមួយនឹងមហិ ច្ឆតាក្រៅដីរបស់ខ្លួន។

មហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកបានបណ្តាក់ទុនរាប់ពាន់លានដុល្លារទៅក្នុងកម្មវិធីអវកាសដែលគ្រប់គ្រងដោយយោធារបស់ខ្លួន ដើម្បីព្យាយាមតាមទាន់សហរដ្ឋអាមេរិក និងរុស្សី។
អាជ្ញាធរអវកាសចិនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា លោក Gui Haichao) សាស្រ្តាចារ្យនៃសាកលវិទ្យាល័យផ្នែក អវកាស Beihang នឹងចេញដំណើរជាមួយអវកាសយានិក២នាក់ទៀត នៅវេលាម៉ោង៩និង៣១នាទីព្រឹកថ្ងៃអង្គារ (ម៉ោងនៅទីក្រុងប៉េកាំង) ក្នុងបេសកកម្មយានអវកាសShenzhou-16 ដែលជាបេសកកម្មជើងទី៥នៃ ការបញ្ជូន មនុស្សទៅកាន់ស្ថានីយអវកាសចិន Tiangong គិតចាប់តាំងពីឆ្នាំ ២០២១មក។ មកទល់ឥឡូវ អវកាសយានិក ចិនទាំងអស់ ដែលត្រូវបានបញ្ជូនឡើងទៅទីអវកាស សុទ្ធតែជាសមាជិកនៃកងកម្លាំងយោធារបស់ចិន។
ចិនបានសាងសង់ស្ថានីយអវកាសខាងលើរបស់ខ្លួន ចប់រួចរាល់ជាស្ថាពរ កាលពីចុងឆ្នាំមុន ហើយវាត្រូវគេរំពឹង ថា នឹងស្ថិតនៅគន្លងកម្រិតទាបក្បែរផែនដី ដែលមានកម្ពស់ចន្លោះ៤០០-៤៥០គីឡូម៉ែត្រពីផ្ទៃនៃភពរបស់យើង សម្រាប់រយៈពេលយ៉ាងហោច១០ឆ្នាំ។ ទីក្រុងប៉េកាំង នឹងបន្តបញ្ជូនក្រុមអវកាសយានិក ឱ្យផ្លាស់វេនគ្នាស្នាក់ នៅក្នុងស្ថានីយនោះជាប់រហូត។
សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅស្ថានីយ ISS គឺប្រទេសចិនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមឡើយ ដ្បិតសហរដ្ឋអាមេរិក បានចេញច្បាប់មួយកាលពីឆ្នាំ២០១១ ដែលហាមឃាត់ការធ្វើកិច្ចសហប្រតិបត្តិការជា មួយចិន ក្នុងវិស័យអវកាស៕