ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យមានការកែលម្អផ្នែកប្រព័ន្ធការពារដែនអាកាសបន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកលើទីក្រុងម៉ស្គូកាលពីព្រឹកថ្ងៃអង្គារ។
លោកពូទីនបាននិយាយតាមទូរទស្សន៍រដ្ឋរុស្ស៊ីថា ទោះបីជាប្រព័ន្ធនៅទីក្រុងម៉ូស្គូ និងតំបន់ជុំវិញដំណើរការបានត្រឹមត្រូវក៏ដោយ ក៏នៅតែមានតម្រូវការសម្រាប់ការធ្វើការកែលម្អរអោយប្រសើរឡើង។ ការការពារដែនអាកាសនៅតែត្រូវរឹតបន្តឹង។

លោកពូទីនបាននិយាយថា យើងនឹងធ្វើវា។ លោកបានចោទអ៊ុយក្រែនពីបទបង្កប្រតិកម្មថ្មីមកលើរុស្ស៊ីជាមួយនឹងការវាយប្រហារបែបនេះ ដោយនិយាយថាក្រុងម៉ូស្គូនឹងឆ្លើយតប។ រដ្ឋាភិបាលក្រុងគៀវបានបដិសេធការជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការវាយប្រហារនេះ។
យោងតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថាក្រសួងការពារជាតិរុស្ស៊ីបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលវាយប្រហារលើទីក្រុងមូស្គូនៅពេលយប់។លោក Shoigu បានបន្តថា យន្តហោះគ្មានមនុស្សបើកបីគ្រឿង ត្រូវបានធ្វើអោយបាត់បង់ ប្រព័ន្ធគ្រប់គ្រងនិងបានវង្វេងចេញពីគោលដៅដែលបានគ្រោងទុកខណៈប្រាំគ្រឿងផ្សេងទៀតត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់ម៉ូស្គូដោយប្រព័ន្ធ ប្រឆាំងយន្តហោះ Panzir។

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានបណ្តាលឲ្យខូចខាតបន្តិចបន្តួចដល់អគារជាច្រើនកន្លែង និង មនុស្សពីរនាក់របួសស្រាល។នេះបើយោងតាមរបាយការណ៍ពីរុស្ស៊ីមុននេះ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចោទលោកខាងលិចថាគាំទ្រការប្រល័យពូជសាសន៍លើជនជាតិរុស្ស៊ី
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទប្រកាន់លោកខាងលិចកាលពីថ្ងៃអង្គារថាបានគាំទ្រ អំពើប្រល័យពូជសាសន៍របស់អ៊ុយក្រែនប្រឆាំងនឹងជនជាតិរុស្ស៊ី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Bujumbura នៃប្រទេសប៊ូរុនឌី លោក Lavrov បាននិយាយថាប្រសិនបើលោកខាងលិចចាត់ទុក រូបមន្តសន្តិភាពរបស់អ៊ុយក្រែនជាមូលដ្ឋានតែមួយគត់សម្រាប់ដំណោះស្រាយដែលត្រូវបានអមដោយការគំរាមកំហែងដើម្បីចាប់ផ្តើមសម្លាប់ជនជាតិរុស្ស៊ីទាំងអស់ និងបំផ្លាញអ្វីៗទាំងអស់របស់រុស្ស៊ី នោះ សេចក្តីសន្និដ្ឋាន គឺសាមញ្ញមានន័យថាលោកខាងលិចគាំទ្រដោយផ្ទាល់នូវការប្រល័យពូជសាសន៍។
លោកបាននិយាយថា ក្នុងកម្រិតជាក់លាក់មួយ នេះគឺជាការអភិវឌ្ឍន៍ថ្មីប្រកបដោយគុណភាពនៃស្ថានភាព នៅពេលដែលលោកខាងលិចជាលើកដំបូងបានក្លាយជាអ្នកចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមដែលប្រឆាំងនឹងសហព័ន្ធរុស្ស៊ីហើយឥឡូវនេះក៏អំពាវនាវឱ្យមានអំពើប្រល័យពូជសាសន៍ផងដែរ។
លោកបានកត់សម្គាល់ថា ការគំរាមកំហែង និងការអំពាវនាវដើម្បីសម្លាប់ជនជាតិរុស្ស៊ី ត្រូវបានធ្វើឡើងដោយមន្ត្រីអ៊ុយក្រែនជាច្រើន រួមទាំងទីប្រឹក្សាប្រធានាធិបតីលោក Mykhailo Podolyak លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ Oleksiy Danilov ឯកអគ្គរដ្ឋទូតជាច្រើនរូប និងសមាជិកព្រឹទ្ធសភាអាមេរិក Lindsey Graham ៕