ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNAបាននិយាយថា ការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាងក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាលើកដំបូងកាលពីព្រឹកថ្ងៃពុធនេះទទួលបរាជ័យ បន្ទាប់ពីគ្រាប់រ៉ុក្កែតបានធ្លាក់ចូលទៅក្នុងសមុទ្រហើយទីក្រុងសេអ៊ូលបានរកឃើញបំណែកខ្លះនៃកំទេចកំទី។
KCNA បានរាយការណ៍ថា រ៉ុក្កែតបាញ់បង្ហោះផ្កាយរណបថ្មី Chollima-1បរាជ័យដោយសារតែអស្ថិរភាពនៅក្នុងម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈ។ ភាពជឿជាក់កម្រិតទាបនិងស្ថេរភាព” នៃប្រព័ន្ធម៉ាស៊ីនថ្មីគឺជាមូលហេតុចម្បងនៃការបរាជ័យនេះ។ សេចក្តីថ្លែងការណ៍បាននិយាយថាអ្នកវិទ្យាសាស្ត្រកំពុងពិនិត្យមើលមូលហេតុនៃការបរាជ័យ។

KCNA បានរាយការណ៍ថា ការបាញ់បង្ហោះលើកទីពីរនឹងប្រព្រឹត្តទៅ “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ការហោះហើរនេះគឺជាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបទីប្រាំមួយរបស់រដ្ឋឯកោប្រដាប់ដោយអាវុធនុយក្លេអ៊ែរនិងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦។វាត្រូវបានគេសន្មត់ថាដាក់ផ្កាយរណបចារកម្មដំបូងរបស់កូរ៉េខាងជើងនៅលើគន្លង។
អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បាននិយាយថា ខ្លួនបានតាមដានការបាញ់បង្ហោះចេញពី Tongchang-ri នៅលើឆ្នេរសមុទ្រភាគខាងលិចកាលពីម៉ោង ៦និង២៩ព្រឹកហើយគ្រាប់នោះបានធ្លាក់ចូលទៅក្នុងសមុទ្រ ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីភាគខាងលិចនៃកោះ Eocheong របស់ប្រទេសកូរ៉េខាងត្បូងនៅម៉ោហ៦និង៣៥នាទី ។
ទីក្រុងសេអ៊ូលបាននិយាយថាទីក្រុងព្យុងយ៉ាងអាចនឹងធ្វើការប៉ុនប៉ងបាញ់បង្ហោះជាលើកទីពីរមុនពេលបិទកាលបរិច្ឆេទបាញ់បង្ហោះដែលគេបានប្រកាសនៅថ្ងៃទី ១១ខែមិថុនា។
ក្រសួងការបរទេសជប៉ុនបាននិយាយថា មន្ត្រីមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបាននិយាយតាមទូរស័ព្ទ និងថ្កោលទោសយ៉ាងខ្លាំង»ចំពោះការបាញ់បង្ហោះនេះ។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសទាំងបីនឹងរក្សាការប្រុងប្រយ័ត្នជាមួយនឹងភាពបន្ទាន់ខ្ពស់។

ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង គឺជាការបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមឃាត់ប្រទេសនេះពីការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការបាញ់បង្ហោះផ្កាយរណប និងបានជំរុញឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់ទៅរកកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរដែលត្រូវបានជាប់គាំងចាប់តាំងពីឆ្នាំ២០១៩។
លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះផ្កាយរណបយោធាដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
«រាល់ការបាញ់បង្ហោះដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង គឺផ្ទុយទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខដែលពាក់ព័ន្ធ»៕