Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក និងជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ​យោធា​ត្រី​ភាគីទប់ទល់កូរ៉េខាងជើង

អាមេរិក និងជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ​យោធា​ត្រី​ភាគីទប់ទល់កូរ៉េខាងជើង

សហរដ្ឋអាមេរិកនិងជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានព្រមព្រៀងគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយោធាត្រីភាគីជាមួយកូរ៉េខាងត្បូងប្រឆាំងនឹងកូរ៉េខាងជើងបន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មយោធា របស់ទីក្រុង​ព្យុង​យ៉ាងបរាជ័យ។

សារព័ត៌មានជប៉ុនក្យូដូបានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបជាមួយរដ្ឋ​មន្ត្រី​ការពារជាតិជប៉ុន លោក Yasukazu Hamada ក្នុងទីក្រុងតូក្យូដើម្បីពិភាក្សាអំពីការជំរុញកិច្ច​សហប្រតិបត្តិការ​យោធា។

លោកAustinបានទៅដល់ប្រទេសជប៉ុនក្នុងជើងទីមួយនៃដំណើរទស្សនកិច្ចបួនប្រទេសគឺឥណ្ឌា បារាំង និងសិង្ហ​បុរី​ផងដែរ។

យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីការពារជាតិទាំងពីរបានព្រមព្រៀងគ្នាក្នុងការ​ពង្រឹងកិច្ចសហ​ប្រតិបត្តិ​ការរបស់ពួកគេជាមួយកូរ៉េខាងត្បូង និងអូស្ត្រាលី ដើម្បីបង្កើនសមត្ថភាពទប់ស្កាត់ និងឆ្លើយតបបន្ថែមទៀត រួម​ទាំង​សមត្ថភាពវាយប្រហារគោលដៅក្នុងទឹកដីសត្រូវ(កូរ៉េខាងជើង)។

ទីភ្នាក់ងារខាងលើនេះបានដកស្រង់សម្តីលោក Austin ដែលបាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាន​រួមគ្នា​ជាមួយសមភាគីរបស់គាត់ថាសហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសន្តិសុខខ្លួនឯង និងសម្ព័ន្ធមិត្តរបស់ខ្លួន។

លោក Hamada បាននិយាយថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនឹងមិនអត់ឱនចំពោះការប៉ុនប៉ងឯក​តោភាគី​ណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពរបស់ប្រទេសណាមួយ ។

កាលពីថ្ងៃពុធ ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះគ្រាប់រ៉ុក្កែតផ្ទុកផ្កាយរណបឈ្លបយកការណ៍ប្រភេទថ្មីឈ្មោះ Chollima-1ដែលបានធ្លាក់ចូលសមុទ្រភាគខាងលិចនៃប្រទេសកូរ៉េខាងត្បូង។សហរដ្ឋអាមេរិកជប៉ុននិងកូរ៉េខាងត្បូងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះចុងក្រោយរបស់កូរ៉េខាងជើង ហើយបានហៅវាថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើដំណោះ​ស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហ​ប្រជាជាតិ៕

RELATED ARTICLES