Wednesday, December 11, 2024
Homeបរិយាយកិច្ចព្រមព្រៀងផុតសុពលភាព

កិច្ចព្រមព្រៀងផុតសុពលភាព

ដោយ អាចារ្យថាំ

ច្បាប់រដ្ឋធម្មនុញ្ញ សន្ធិសញ្ញា កតិកាសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ ទោះបីជាមិនបានកំណត់សុពលភាព ក៏ពេលយក ទៅអនុវត្តយូរឆ្នាំ វាមិនអាចឋិតថេរគង់វង្សបានឡើយ។ ជាក់ស្តែង រដ្ឋធម្មនុញ្ញប្រទេសណា ក៏បានឆ្លងកាត់វិសោធនកម្ម រីឯ សន្ធិសញ្ញា កតិកាសញ្ញា ក៏សាបរលាបទៅ។ ដូច្នេះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទោះបីជាមិនបានកំណត់ សុពលភាព ក៏គង់តែភ្លាវ សែតព្រលែត អនុវត្តលែងកើត ព្រោះវាមិនទាន់កាលៈទេសៈឈានឡើងរបស់កម្ពុជា ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “កិច្ចព្រមព្រៀងផុតសុពលភាព” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ

លោកសម រង្ស៊ី មេប្រឆាំងដ៏ស្វិតស្វាញ បានផុសសំណេរតាមហ្វេសប៊ុកថា “ក្រោយពីហ៊ុន សែន សម្រេចមិនឱ្យគណបក្ស ភ្លើងទៀន ចូលរួមក្នុងការបោះឆ្នោត ខែកក្កដា ខាងមុខ ប្រទេសបារាំង រំព្ញកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ ស្តីពីកម្ពុជា។ ការរំព្ញកនេះ ធ្វើឡើងជាលើកទី១ហើយ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ដោយសារតែហ៊ុន សែន ធ្វើអាក្រក់ជ្រុលហួសហេតុ”។

ការលើកឡើងរបស់មេប្រឆាំង ជារឿងដដែលៗ គ្មានអ្វីប្លែកទេ ដោយហេតុថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១” បើគិតមកដល់ឆ្នាំ២០២៣ នេះ ឃើញបាន៣២ឆ្នាំហើយ គេមិនអាចយកមាត្រាចាស់ៗ ក្នុងកិច្ចព្រមព្រៀងមកប្រើការបានទៀតទេ។ រយៈពេល៣២ឆ្នាំកន្លងទៅនេះ កម្ពុជា បានឆ្លងកាត់ការបោះឆ្នោតតំណាងរាស្ត្រ ៦អាណត្តិទៅហើយ និងកំពុងរៀបចំបោះឆ្នោត អាណត្តិទី៧ទៀត។

ធម្មតា “នង្គ័លចាស់” គេមិនអាចយកមកភ្ជួរស្រែបានរហូតដល់រាប់សិបឆ្នាំនោះទេ ទោះបីជាកសិករ ព្យាយាមថែទាំ យ៉ាងណាក៏ដោយ ចុះគង់តែនង្គ័ល ពុកបាក់ ទៅតាមលក្ខណៈធម្មជាតិតាក់តែងមក។

សូម្បីតែ “សន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤” ដែលព្រមព្រៀងគ្នាឱ្យពួកយៀកមិញ ដកទ័ពចេញពីកម្ពុជា ឃើញអនុវត្តបាន មួយខ្យល់ ខណៈដល់កងទ័ពយួនកុម្មុយនិស្ត ដកចេញពីទឹកដីខ្មែរ ដើម្បីទុកឱកាសឱ្យសម្តេចព្រះនរោត្តម សីហនុ រៀបចំ កសាងប្រទេស បង្កើតចលនាសង្គមរាស្ត្រនិយម មិនចូលបក្សសម្ព័ន្ធណា ក្រោយពេលបារាំង ប្រគល់ឯករាជ្យនៅថ្ងៃ៩ វិច្ឆិកា ១៩៥៣។ សន្និសីទហ្សឺណែវនោះ មិនទាន់ស្ងួតទឹកខ្មៅ និងហត្ថលេខាគណៈប្រតិភូទៅចូលរួមប្រជុំផងនោះ ស្រាប់តែមាន រដ្ឋប្រហារផ្ទុះឡើង នៅថ្ងៃ ១៨ មីនា ១៩៧០ ខណៈដែលកងទ័ពយៀកណាមខាងជើងយៀកកុង ចូលបោះទីតាំងពេញទឹកដី កម្ពុជា ធ្វើឱ្យភ្លើងសង្គ្រាមឆាបឆេះឡើង ដែលជាលទ្ធផល “ផុតសុពលភាពនៃ សន្និសីទហ្សឺណែវ”។ តាមពិត សន្និសីទនោះ អត់កំណត់សុពលភាពនោះទេ ប៉ុន្តែវាសាបរលាបឯងៗ ក្រោយពេលអនុវត្តបានត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះ។

ដោយឡែក “កិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ” សួរថា តើមានមហាអំណាចណាគោរព? គឺ អត់ទេ កិច្ចព្រមព្រៀង វាមានតែលើក្រដាសប៉ុណ្ណោះ។ សព្វថ្ងៃសង្គ្រាមនៅអ៊ុយក្រែន កំពុងអូសទាញពិភពលោក ទៅរក គ្រោះមហន្តរាយនុយក្លេអ៊ែរ ដែលកំពុងមើលឃើញស្ទុងៗ ខណៈដែលរុស្ស៊ី កំពុងដាក់ពង្រាយក្បាលគ្រាប់អាវុធប្រល័យ​លោក នេះ នៅលើទឹកដីប្រទេសដែលរណបខ្លួន។ ទន្ទឹមនោះដែរ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអូតង់ ក៏មិននៅស្ងៀមនោះដែរ សុទ្ធតែត្រៀមនុយក្លេអ៊ែរ រួចជាស្រេច រង់ចាំតែដល់ពេលវេលាបំផ្លាញពិភពលោកឱ្យទៅជាផេះ ដែលលទ្ធផលនៃ “កិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរ” នេះឯង។

ដូច្នេះវាមិនខុសគ្នាប៉ុន្មានទេ ពាក់ព័ន្ធដល់ “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១” ដែលមាន បណ្តាប្រទេសរួមទាំងកម្ពុជា សាមីសរុប ១៩ បានចុះហត្ថលេខា ដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា។ រយៈពេល៣២ឆ្នាំ កន្លង ទៅនេះ ម្ចាស់ហត្ថលេខីខ្លះ លាចាកលោកទៅហើយ ដូចជាសម្តេចឪ ព្រះនរោត្តម សីហនុ សម្តេចបវរសេដ្ឋាធិបតី សឺន សាន លោកអាលី អាឡាតាស់ រដ្ឋមន្ត្រីក្រសួងការបរទេស ឥណ្ឌូនេស៊ី ជាដើម។ ចំណែកលោកខៀវ សំផន តំណាងកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ម្ចាស់ហត្ថលេខីម្នាក់ដែរ កំពុងជាប់ពន្ធនាគារមួយជីវិត ខណៈដែលកិច្ចកិច្ចព្រមព្រៀងនៅជាធរមាន ប៉ុន្តែសាបរលាបអស់ទៅហើយ។

ករណីមេប្រឆាំងសម រង្ស៊ី លើកឡើងថា ប្រទេសបារាំង “កំពុងរំព្ញកពីកិច្ចព្រមព្រៀង” បើពិចារណាទៅ បានត្រឹមតែ រំព្ញកហ្នឹងហើយ ប៉ុន្តែបារាំង មិនអាចលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា បានទេ។ បើត្រឹមតែរំព្ញកនោះ គណបក្សប្រជាជនកម្ពុជា (CPP) ក៏បានរំព្ញកដែរ “មានទៅភ្លេចឯណា?” ប៉ុន្តែកម្ពុជា “មិនជិះឡានកញ្ចាស់” ដដែលៗទេ ចាំបាច់ត្រូវតែប្រើរថយន្តថ្មី។

តាមពិត កិច្ចព្រមព្រៀងសន្តិភាពនេះ បានត្រួសត្រាយផ្លូវឱ្យមានការបោះឆ្នោតលើកទី១ ឆ្នាំ១៩៩៣ ក្រោមការចាត់ចែងរបស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ (អ៊ុនតាក់, UNTAC) ដោយបានបង្កើត “សភាធម្មនុញ្ញ” រៀបចំ ច្បាប់កំពូលនេះរួចរាល់អស់ហើយ។ ច្បាប់កំពូល ឬរដ្ឋធម្មនុញ្ញ ក៏បានឆ្លងកាត់វិសោធន កម្មជាហូរហែ មិនខុសពី “កសិករ កែផ្នៀងនង្គ័ល” បើភ្ជួរទៅរអាក់រអួល ក៏គោះស្នៀត ឬទ្រាប់ស្នៀតឡើងវិញ លៃយ៉ាងណាឱ្យក្លាយទៅជា “នង្គ័លចាក់ក្អម” ដែលអាចភ្ជួរបានរលូន។

រដ្ឋធម្មនុញ្ញកម្ពុជា បានមកជំនួសកិច្ចព្រមព្រៀងនោះហើយ ប៉ុន្តែយូរៗត្រូវតែរំព្ញកអតីតកាលម្តង ឬថាកុំភ្លេចគុណ សម្តេចឪ ព្រះនរោត្តម សីហនុ សម្តេចសឺន សាន លោកអាលី អាឡាតាស់ លោកយ៉ាស៊ូស៊ី អាកាស៊ី ប្រមុខអ៊ុនតាក់ ជាដើម ដែលព្រះអង្គនិងអស់លោក មានគុណធំធេងណាស់ ក្នុងការចូលរួមរកដំណោះស្រាយស្តីពីបញ្ហាកម្ពុជា។

ដូច “នគរធំ” បង្ហាញហេតុផលរួចហើយថា “កិច្ចព្រមព្រៀងអត់សុពលភាព” តែប្រើយូរៗទៅវាភ្លាវ សែតព្រលែត។ សូម្បីតែ “សាលក្រមតុលាការអន្តរជាតិទីក្រុងឡាអេ” ដែលបង្គាប់ឱ្យថៃ ចាញ់កម្ពុជា ស្តីពីប្រាសាទព្រះវិហារ តាំងពីឆ្នាំ ១៩៦២ នោះ សួរថា តើថៃ ធ្លាប់រំលោភបំពានសាលក្រមតុលាការអន្តរជាតិនោះទេ? គឺធ្លាប់រំលោភជារឿយៗ ជាក់ស្តែង កាលនាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វេឆាឈីវ៉ៈ បានបញ្ជាឱ្យកងទ័ពថៃ វាយប្រហារកងទ័ពកម្ពុជា ដែលឈរជើងការពារ ប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨ នោះ យ៉ាងម៉េចដែរ?

ឥឡូវថៃ លើកសំណើរបៀបខ្សែលើ សុំឱ្យកម្ពុជា បើកច្រកតាមជណ្តើរប្រាសាទព្រះវិហារ ដើម្បីឱ្យអ្នកទេសចរ ងាយស្រួលឆ្លងពីទឹកដីថៃ ចូលមើលប្រាសាទតែម្តង។ សំណើរបស់ថៃ ត្រូវបានប្រជាពលរដ្ឋខ្មែរ បញ្ចោញទស្សនៈព្រោងព្រាត តាមបណ្តាញសង្គម មិនយល់ព្រមឱ្យបើកច្រកនោះទេ តែចង់ឱ្យបើកច្រកអន្តរជាតិខេត្តព្រះវិហារ ឆ្ងាយពីប្រាសាទ ឬថា ឱ្យអ្នកទេសចរចូលមកដល់ទីប្រជុំជន ស្រអែម ស្រុកជាំក្សាន្ត ជាមុនសិន សឹមបន្តទៅមើលប្រាសាទលើកំពូលភ្នំនោះ ប៉ុន្តែ បើយើងឆោតធ្វើតាមថៃ បើកច្រកតាមជណ្តើរទិសខាងជើងនោះ “ចោលលុយដុំ” មួយឆ្នាំៗ ចំណេញទៅថៃ រាប់លានដុល្លារ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏មិនខុសពីសាលក្រមអន្តរជាតិ បើអនុវត្តយូរៗទៅ គង់តែផុតសុពលភាព ដែលមិនគួរសង្ស័យ។

សរុបទៅ “កិច្ចព្រមព្រៀងផុតសុពលភាព” មានខ្លឹមសារយ៉ាងនេះឯង ទោះបីជាប្រទេសបារាំង ជាម្ចាស់ផ្ទះ សុំរំព្ញកពី អតីតកាល ក៏បានត្រឹមតែរំព្ញកប៉ុណ្ណោះ មិនអាច “បញ្ចូនទ័ពមួកខៀវ” មកកម្ពុជា បានដូចសម័យអ៊ុនតាក់ នោះទេ ព្រោះ ស្រុកខ្មែរមានសុខសន្តិភាពហើយ។ បើគ្រាន់តែរំព្ញក អត់អីទេ ព្រោះ CPP ក៏រំព្ញកដែរ មានទៅភ្លេចកិច្ចព្រមព្រៀង ៣២ឆ្នាំ នោះឯណា?…៕

RELATED ARTICLES