Monday, June 9, 2025
Homeព័ត៌មានអន្តរជាតិអ៊ុយក្រែន រំដោះបាន Bakhmut មួយផ្នែក ខណៈរុស្ស៊ី រារាំងការវាយប្រហាររបស់ទីក្រុងគៀវ នៅ Donetsk

អ៊ុយក្រែន រំដោះបាន Bakhmut មួយផ្នែក ខណៈរុស្ស៊ី រារាំងការវាយប្រហាររបស់ទីក្រុងគៀវ នៅ Donetsk

មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោក Oleksandr Syrskyi និយាយថាកងកម្លាំងអ៊ុយក្រែន​កំពុង​ឆ្ពោះ​ទៅមុខនៅជិតទីក្រុងBakhmut។លោក Oleksandr Syrskyi ទាហានអ៊ុយក្រែនដណ្តើមបាន​តំបន់តាំង​ទីលំនៅ Berkhivka ភាគខាងជើង Bakhmut។ការអះអាងរបស់អ៊ុយក្រែនដូចគ្នាទៅនឹងមេដឹកនាំ​ទាហាន​ស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin ដែលបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ុយក្រែនបានដណ្តើម​យកមក​វិញ​នូវផ្នែកមួយនៃ តំបន់ Berkhivka ភាគខាងជើងនៃទីក្រុងBakhmut ។លោកបានចាត់ទុកថាជាការអាម៉ាស់មួយ​របស់រុស្ស៊ី។ កងទ័ពរបស់លោកPrigozhin បានចាប់យក Bakhmut កាលពីខែមុនបន្ទាប់ពីការប្រយុទ្ធដ៏យូ​របំ​ផុតនៃសង្រ្គាមហើយបានប្រគល់ទីតាំងរបស់ខ្លួននៅទីនោះទៅឱ្យទាហានរុស្ស៊ីធម្មតា។

រុស្ស៊ី អះអាងថាបានរារាំងការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែននៅទីក្រុង Donetsk

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីព្រឹកថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានរារាំងការវាយ​ប្រហាររបស់​អ៊ុយក្រែនដ៏ធំមួយនៅក្នុងខេត្តភាគខាងកើតនៃទីក្រុង Donetsk ទោះបីជាវាមិនច្បាស់ថាតើនេះជាការ​ចាប់ផ្តើម​នៃការវាយលុករបស់អ៊ុយក្រែនក៏ដោយ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAP កាលពីថ្ងៃចន្ទ ទី ៥ខែមិថុនា ឆ្នាំ ២០២៣។

នៅក្នុងវីដេអូដ៏កម្រមួយកាលពីព្រឹកព្រលឹមថ្ងៃចន្ទ ក្រសួង ការបរទេសរុស្ស៊ីបាននិយាយថាកង​កម្លាំងរបស់​ខ្លួនបានរុញច្រានការវាយលុករបស់អ៊ុយក្រែន ទ្រង់ទ្រាយធំ កាលពីថ្ងៃអាទិត្យ នៅចំណុចចំនួនប្រាំនៅភាគខាង​ត្បូងទីក្រុង Donetsk ដែលជាតំបន់មួយក្នុងចំណោមតំបន់អ៊ុយក្រែនចំនួន ៤ដែលរុស្ស៊ីបានបញ្ចូលដោយ​ខុស​ច្បាប់កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិគឺលោក Igor Konashenkov បាននិយាយថាគោលដៅរបស់សត្រូវគឺ​ដើម្បី​ទម្លុះ​ការការពាររបស់យើងនៅក្នុងផ្នែកដែលងាយរងគ្រោះបំផុត  តែសត្រូវមិនបានសំរេចភារកិច្ចរបស់ខ្លួនទេ។ វាគ្មានជោគជ័យទេ។

លោក Konashenkov បាននិយាយថាទាហានអ៊ុយក្រែន ២៥០នាក់ត្រូវបានសម្លាប់ ហើយរថក្រោះ១៦គ្រឿង រថយន្តប្រយុទ្ធចំនួន ៣គ្រឿង និងរថពាសដែក ២១ គ្រឿងត្រូវបានបំផ្លាញ។

ប្រទេសរុស្ស៊ីបាននិយាយថាកងកម្លាំងរបស់ខ្លួនបានរារាំងការវាយលុករបស់អ៊ុយក្រែនដ៏ធំមួយនៅក្នុងតំបន់ Donetsk ប៉ុន្តែមិនមានការរាយការណ៍ពីអ៊ុយក្រែនលើការវាយលុកដូចដែលរុស្ស៊ីបានប្រកាសនោះទេ ។ ទោះជាយ៉ាងណាក្តីកាលពីល្ងាចទី ៤ខែមិថុនាអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន​បាននិយាយ​ថាទីក្រុងម៉ូស្គូកំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងយោធារបស់ខ្លួនលើការកាន់កាប់ពេញលេញនៃតំបន់ Luhansk និង Donetsk ។Donetsk ជាទឹកដីអ៊ុយក្រែនមួយក្នុងចំណោមដែនដីទាំងបួនដែលរុស្ស៊ីបាន​ដាក់បញ្ចូលកាល​ពីខែកញ្ញាកន្លងទៅ រួមជាមួយ Luhansk, Zaporizhia និង Kherson។

អស់រយៈពេលជាច្រើនខែមក មន្ត្រីអ៊ុយក្រែនបាននិយាយអំពីផែនការដើម្បីបើកការវាយលុក​សម្រាប់និទាឃ​រដូវ​ដើម្បីដណ្តើមយកទឹកដីដែលរុស្ស៊ីបានកាន់កាប់ចាប់តាំងពីការឈ្លានពាននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ ២០២២ក៏ដូចជា​ឧបទ្វីប​គ្រីមៀដែលរុស្ស៊ីដណ្តើមកាន់កាប់បានក្នុងឆ្នាំ ២០១៤៕

RELATED ARTICLES