Wednesday, November 20, 2024
Homeព័ត៌មានសិល្បៈសាមុត ពីរ ព្រមានជនឆ្លៀតឱកាស យកឈ្មោះទៅ ផ្សាយរកលុយ

សាមុត ពីរ ព្រមានជនឆ្លៀតឱកាស យកឈ្មោះទៅ ផ្សាយរកលុយ

ភ្នំពេញ ៖ លោកបឺត សំរេច ហៅសាមុត ពីរ ដែលអះអាងថាខ្លួនជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នោះ បានទម្លាយរឿងមានជនឆ្លៀតឱកាស បានយកឈ្មោះរបស់ខ្លួនទៅផ្សព្វផ្សាយរកលុយ ទាំងខ្លួនមិនបានដឹងអ្វីសោះ ហើយលោកបានព្រមានជនឆ្លៀតឱកាសទាំងនោះ ឲ្យបញ្ឈប់សកម្មភាពបែបនេះ ភ្លាម បើមិនដូច្នេះទេ លោកនឹងប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា ស្របពេលដែលលោកបឺត សំរេច បានចេញមុខព្រមានជនឆ្លៀតឱកាសដែលយក ឈ្មោះលោក ជាកូនប្រុសអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទៅរកផលប្រយោជន៍ផ្ទាល់ខ្លួននេះ មានមន្ត្រីក្រសួងអប់រំ ចូលនិវត្តន៍ម្នាក់ បានអះអាងថា លោកបឺត សំរេច ហៅសាមុត ពីរ នេះ ពិតជាកូនប្រុសលោកស៊ីន ស៊ីសាមុត ប្រាកដណាស់ ទោះបីមិនបាច់ពិនិត្យឌីអិនអេ ក៏ដោយ ហើយគាត់បានស្នើដល់ភរិយា និងកូនស្រីលោកស៊ីន ស៊ីសាមុត  ព្រមពិនិត្យឌីអិនអេ ជាមួយលោកបឺត សំរេច ដើម្បីបញ្ជាក់ការពិត ដែលមហាជនខ្មែរទូទាំងប្រទេស កំពុងរង់ចាំ។

គួរបញ្ជាក់ថា ថ្មីៗនេះ អតីតកីឡាករប្រដាល់គុនខ្មែរ លោកបឺត សំរេច វ័យ៤៩ឆ្នាំ បានទម្លាយប្រវត្តិពិតរបស់ខ្លួន ដោយបានអះអាងថា លោកគឺជាកូនប្រុសបង្កើត របស់អធិរាជសំឡេងមាស ស៊ី ស៊ីសាមុត ប៉ុន្តែរយៈពេល ៤៩ឆ្នាំ មកនេះ លោកព្យាយាមលាក់ប្រវត្តិ និងមិនទម្លាយប្រាប់អ្នកណាម្នាក់ឡើយ ដោយសារតែលោក មានអារម្មណ៍ ខ្មាស ដែលលោកជាកូនឥតខាន់ស្លា ដោយម្តាយរបស់លោក មិនមែនជាភរិយាស្របច្បាប់ទេ គឺត្រឹមតែជាសង្សារ ឬស្រីកំណាន់របស់ឪពុកលោក (ស៊ីន ស៊ីសាមុត) តែប៉ុណ្ណោះ។

លោកបឺត សំរេច បានអះអាងថា លោកកើតនៅឆ្នាំ១៩៧៤ ដោយម្តាយរបស់លោក ឈ្មោះធីម វិជ្ជរ៉ា  ជាកូនកាត់ ៣សាសន៍ (ឡាវ-ចិន-ខ្មែរ) និងជាអតីតអ្នករបាំព្រះរាជទ្រព្យ ហើយក៏ជាពេទ្យប្រចាំនៅខេត្តកំពង់ឆ្នាំង ម្នាក់ផង ដែរ។ ក្រោយមក ម្តាយរបស់លោក បានទាក់ទងស្នេហាជាមួយលោកស៊ីន ស៊ីសាមុត រហូតទទួលបានឈាម ១តំណក់ គឺរូបលោក (បឺត សំរេច)។ លុះក្រោយពីរូបលោកកើតបាន ៦ខែ ម្តាយរបស់លោក ខឹងនឹងលោកស៊ីន ស៊ីសាមុត ដែលបានរៀបការជាមួយភរិយាទី២ ឈ្មោះឈឺន អង្គារ៉ា ទើបម្តាយលោក បានរត់ទៅស្រុកឡាវ បាត់ ទៅ។

លោកបឺត សំរេច បានអះអាងបន្តទៀតថា លោកទើបនឹងដឹងរឿងនេះ នៅពេលដែលលោកមានអាយុ ១៤ឆ្នាំទៅ ហើយ ដោយអ៊ំស្រីបង្កើត ជាម្តាយចិញ្ចឹមរបស់លោក ដែលត្រូវជាបងស្រីបង្កើតរបស់ម្តាយលោក ជាអ្នកប្រាប់។ ក្រោយមក ម្តាយបង្កើតរបស់លោក បានមានប្តីថ្មី ជាជនជាតិថៃ បង្កើតបានកូនស្រី ៣នាក់ថែមទៀត។ ចំណែក រូបលោក បានរស់នៅជាមួយអ៊ំស្រីបង្កើត ជាម្តាយចិញ្ចឹម រហូតមក។ ចំពោះមូលហេតុដែលលោក ព្យាយាមលាក់ បាំងនូវប្រវត្តិរបស់ខ្លួន មិនឱ្យអ្នកណាម្នាក់ដឹងថាជាកូនបង្កើតរបស់លោកស៊ីន ស៊ីសាមុត ក៏ដោយសារតែលោក មានអារម្មណ៍ខ្មាសអៀន ព្រោះតែម្តាយរបស់លោក មិនមែនជាប្រពន្ធស្របច្បាប់ ហើយលោកជាកូនអត់ ខាន់ ស្លារបស់លោកស៊ីន ស៊ីសាមុត ។ ប៉ុន្តែចុងក្រោយនេះ ដោយសារម្តាយចិញ្ចឹម អង្វរឲ្យលោកទម្លាយប្រវត្តិពិត ព្រោះគាត់ចាស់ណាស់ទៅហើយ ដើម្បីឲ្យមហាជនបានស្គាល់តំណក់ឈាម ១ទៀត របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទើបលោកព្រមទម្លាយចេញនៅពេលនេះ។

បន្ទាប់ពីលោកបឺត សំរេច ហៅសាមុត ពីរ បានទម្លាយរឿងដ៏ភ្ញាក់ផ្អើលខាងលើនេះ ស្រាប់តែមានទំព័រហ្វេសប៊ុក មួយចំនួន បានយកឈ្មោះលោកទៅផ្សព្វផ្សាយរកជំនួយ ទាំងដែលោកជាសាមីខ្លួនមិនបានដឹងអ្វីសោះ ទើប លោកបានចេញមុខប្រតិកម្ម បដិសេធ និងព្រមានប្តឹងជនឆ្លៀតឱកាសទាំងនោះទៀតផង។

លោកបឺត សំរេច ហៅសាមុត ពីរ បានប្រកាសបដិសេធ តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «ខ្ញុំបាទ ឈ្មោះ បឺត សំរេច សូមធ្វើការបដិសេធនូវរាល់ការផុសគ្មានការពិត ក្នុងន័យឆ្លៀតឱកាស បោកបញ្ឆោត រកជំនួយពីបងប្អូន សូមបងប្អូនកុំជឿ និងកុំផ្ញើប្រាក់ទៅឲ្យសោះ ។

ខ្ញុំបាទមិនបានអំពាវនាវរកជំនួយអ្វីទាំងអស់។ ដូចករណីអាខោនខាងក្រោម មិនមែនជាខ្ញុំទេ ហើយខ្ញុំបាទក៏មិន បានឲ្យធ្វើអំពើនេះដែរ។ សូមអរគុណ!»។

ក្រៅពីការប្រកាសតាមហ្វេសប៊ុក ខាងលើ លោកបឺត សំរេច ក៏បានទាក់ទងទៅម្ចាស់ទំព័រហ្វេសប៊ុក ដែលយក ឈ្មោះលោកទៅប្រកាសរកលុយទាំងនោះ ឲ្យលុបចេញជាបន្ទាន់ ក្នុងរយះពេល ១២ម៉ោង បើមិនដូច្នេះទេ លោកនឹងប្តឹងទៅសមត្ថកិច្ច ឲ្យចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា បន្ទាប់ពីអតីតកីឡាករប្រដាល់ លោកបឺត សំរេច ទម្លាយប្រវត្តិផ្ទាល់ខ្លួន ដោយអះអាងថា ជាកូន បង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត រួចមក បានធ្វើឱ្យមានការមជ្ឈដ្ឋានមហាជន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយមានទាំងអ្នកជឿ និងមិនជឿ ហើយក៏មានសំណូមពរឲ្យពិនិត្យ DNA ជាមួយកូនលោកស៊ីន ស៊ីសាមុត ដែលមានការទទួលស្គាល់ ដើម្បីបញ្ជាក់ការពិត។ ករណីនេះ លោកបឺត សំរេច បានបញ្ជាក់ថា លោក និយាយតែអ្វីជាការពិត តាមការប្រាប់របស់អ៊ំស្រីបង្កើត ជាម្តាយចិញ្ចឹមរបស់លោកតែប៉ុណ្ណោះ ហើយលោក ក៏ហ៊ានពិនិត្យ DNA ដើម្បីបញ្ជាក់ផងដែរ។

ទោះបីជាយ៉ាងណា បន្ទាប់ពីលោកបឺត សំរេច អះអាងបែបនេះ លោកយាយ ខាវ ថងញ៉ុត អាយុ ៨៥ឆ្នាំ ជាភរិយា លោកស៊ីន ស៊ីសាមុត ដែលសព្វថ្ងៃកំពុងរស់នៅក្នុងខេត្តស្ទឹងត្រែង បានប្រកាសមិនទទួលស្គាល់ បឺត សំរេច ជាកូនប្រុសរបស់លោកស៊ីន ស៊ីសាមុត នោះទេ ដោយគាត់បញ្ជាក់ថា ករណីបែបនេះ មិនមែនទើបតែកើត ឡើង ជាលើកទី១នោះទេ ដោយកន្លងទៅ មានអ្នកខ្លះចេញមុខអះអាងថា ជាកូនលោកស៊ីន ស៊ីសាមុត ខ្លះថាជាស៊ីន ស៊ីសាមុត ចាប់ជាតិ ដែលសុទ្ធតែមិនពិត ក្នុងបំណងចង់បានការចាប់អារម្មណ៍ និងចង់បានលុយកាក់ លាភ សក្ការ:តែប៉ុណ្ណោះ ។

លោកយាយជាភរិយាលោកស៊ីន ស៊ីសាមុត បញ្ជាក់បន្ថែមថា កូនស្រីច្បងរបស់គាត់ ក៏មិនចង់ពិនិត្យ DNA ដើម្បីបញ្ជាក់ការពិតអីដែរ ព្រោះគាត់ក៏ចាស់ដែរហើយ គឺសព្វថ្ងៃអាយុជាង៦០ឆ្នាំទៅហើយ។

យ៉ាងណា ឆ្លើយតបការបដិសេធរបស់ភរិយាដើមលោកស៊ីន ស៊ីសាមុត ខាងលើនេះ តែមានបុរសម្នាក់ ជាម្ចាស់ គណនីហ្វេសប៊ុក ឈ្មោះ «Sok Vincent» បានអះអាងថា គាត់បានស្រាវជ្រាវរួចហើយ គឺបញ្ជាក់បានថា បឺត សំរេច ពិតជាកូនរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មែន កុំសង្ស័យទៀងតអី។ 

ចំណែកលោកបណ្ឌិតស៊ីវ សេងហាន មន្រ្តីចូលនិវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា  បានអះអាងប្រាប់ «នគរធំ» នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថា តាមការស្រាវជ្រាវរបស់លោក បឺត សំរេច ពិតជាជាកូនបង្កើត របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ៩៩%។ ជាមួយនេះ លោកស្នើដល់ភរិយា និងកូនស្រីច្បងរបស់ លោកស៊ីន ស៊ីសាមុត ព្រមពិនិត្យឌូអិនអេ ជាមួយបឺត សំរេច ដើម្បីបញ្ជាក់ការពិត និងបំបាត់មន្ទិលសង្ស័យ។

លោកបណ្ឌិត ស៊ីវ សេងហាន បានផ្ញើលិខិតមោកាន់ការិយាល័យព័ត៌មាន «នគរធំ» បញ្ចេញយោបល់ពីរឿងបឺត សំរេច ជាកូនលោកស៊ីន ស៊ីសាមុត នេះ ដែលយើងសូមផ្សាយជូនទាំងស្រុងដូចខាងក្រោម ៖

ខ្ញុំបាទ បណ្ឌិត ស៊ីវ សេងហាន មន្រ្តីចូលនិវត្តន៍នៃក្រសួងអប់រំ យុវជន និងកីឡា សូមគោរពបងប្អូន ខ្មែរយើងទាំង ក្នុងនិងក្រៅប្រទេស ជាទីគោរពរាប់អាន! ខ្ញុំមានបញ្ហាលើកអំពីសំណួរថា តើបឺត សំរេច ជាកូនបង្កើតរបស់ អធិរាជសំឡេងមាសស៊ីន ស៊ីសាមុត មែនឬអត់? បញ្ហានេះ ជាបញ្ហាក្ដៅគគុក ដែលបងប្អូនខ្មែរទាំងក្នុង និង ក្រៅប្រទេស ចង់ដឹងការពិតណាស់ ។

 យោងទៅតាមប្រវត្តិស្នេហា រវាងអធិរាជ និងអ្នកនាងវិជ្ជរ៉ា “វិជ្ជរ៉ា មាសបង” “បុប្ផាកំពង់ហាវ” ពេលអ្នកនាងវិជ្ជរ៉ា មានទម្ងន់ (មានផ្ទៃពោះកូនសំរេច) ដោយក្ដីប្រចណ្ឌ និងខឹងអធិរាជ នៅតែបន្ដមានស្រីស្នេហ៍ទៀត អ្នកនាង ក៏រត់ចោលអធិរាជ មកនៅខេត្តមួយ ក្នុងជំរំជនបទ អធិរាជ មកតាមរកប្រពន្ធកូន លួងលោមឲ្យនៅភ្នំពេញ វិញ តែអ្នកនាងវិជ្ជរ៉ា មិនព្រម សុំយកកូន ក៏មិនព្រម ។ ដោយមានបំណងសម្លាប់ខ្លួន ក៏យកកូនជាទីស្រលាញ់ មកទុកឲ្យបងស្រីបង្កើត ចិញ្ចឹមមើលថែ ហើយគាត់លាទៅស្លាប់ (មនុស្សចិត្តពុំដូចគ្នា) តែការស្លាប់របស់ម៉ាក់ ប្អូនសំរេច (អ្នកនាងវិជ្ជរ៉ា) អាចមានករណីសម្លាប់ខ្លួន ឬខ្មែរក្រហមសម្លាប់ នៅឆ្នាំ១៩៧៥ ។ យោងតាមសាក្សីដឹងឮ ឃើញប៉ាប្អូន និងម៉ាក់ប្អូន ស្រលាញ់គ្នា រហូតមានកូនពិតប្រាកដ ។ លក្ខខណ្ឌនេះបញ្ជាក់ថា ប្អូនបឺត សំរេច ប្រាកដជាបុត្រារបស់អធិរាជសំឡេងមាស ប្រាកដមែន និងម្យ៉ាង តាមការវិភាគមុខមាត់ ឫកពារ កាយវិការ ប្អូនបឺត សំរេច ដូចប៉ាណាស់ ទឹកដមសំឡេងក៏ពីរោះដូចគាត់ទៀត ។ លក្ខខណ្ឌនេះ កាន់តែបញ្ជាក់ថា ប្អូនសំរេច ប្រាកដជាកូនប្រុស ឬុបុត្រារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ប្រាកដមែន ។

ទន្ទឹងនឹងនេះ លេចចេញសម្ដីរបស់កូនស្រីច្បងរបស់អធិរាជ ថាត្រូវធ្វើឌីអិនអេ (DNA) ។ បញ្ហាធ្វើឌីអិនអេនេះ ប្រសើរណាស់ មានលក្ខណៈវិទ្យាសាស្រ្តពិតបា្រកដ ដែលបងប្អូនខ្មែរយើងទាំងក្នុងនិងក្រៅប្រទេស ចង់បាន និងរង់ចាំដោយសេចក្ដីពេញចិត្តបំផុត ដើម្បីរកយុត្តិធម៌ឲ្យប្អូនបឺត សំរេច ។ ប្អូនបឺត សំរេច ប្រាកដជាបុត្រា របស់អធិរាជសំឡេងមាសហើយ តែបើធ្វើឌីអិនអេ ក៏ល្អដែរ ។ ទន្ទឹមនឹងនេះ លោកយាយប្រពន្ធលោកស៊ីន ស៊ីសាមុត ប្រឆាំងហាមកូនស្រីធ្វើឌីអិនអេ ជាដាច់ខាត គឺដាច់ខាតមិនឲ្យធ្វើឌីអិនអេ ទេ ។ ការធ្វើឌីអិនអេ នេះ គឺប្រឆាំងនឹងគោលបំណងប្រជាជនខ្មែរទាំងស្រុង ឬប្រឆាំងនឹងការពិតទាំងស្រុង ឬគាត់ស្អប់ការពិត ឬគាត់ ខ្លាចការពិតណាស់ មកពី…។ ប្រជាជនខ្មែរ មិនត្រូវការការប្រឆាំងនឹងការពិតនេះទេ  ដូច្នេះត្រូវលុប បំបាត់ការ ប្រឆាំងនឹងការពិតនេះ ។ បានធ្វើឌីអិនអេ ទើបប្រជាជនខ្មែរ សុខចិត្ត សុខកាយ ។ ដូច្នេះសូមបងប្អូន ឬលោក អ្នកដែលមានសមត្ថភាព និងលទ្ធភាព សូមឲ្យមានការធ្វើឌីអិនអេនេះ ដើម្បីរកយុត្តិធម៌ឲ្យមនុស្សជាតិ ។

 ចំពោះបញ្ហាលោកស៊ីន ស៊ីសាមុត មានស្រីស្នេហ៍ច្រើន យើងអាចធ្វើការកត់សម្គាល់បានថា ទឹកដមសំឡេង របស់អធិរាជសំឡេងមាសរូបនេះ ពីរោះណាស់ ពីរោះក្រអៅ ពីរោះរណ្ដំ ដែលធ្វើឲ្យយើងបានស្ដាប់ រំភើបរីក រាយដោយសារគាត់ សូម្បីតែអ្នកចម្រើនដូចគ្នា នៅតែសរសើរគាត់ ទទួលស្គាល់ថាជាអ្នកចម្រៀងឯក គ្មាន គូប្រៀប គ្មាននរណាស្មើ ។ ពិតមែន! មិនថាស្រីទេដែលស្រលាញ់ សូម្បីតែប្រុសៗក៏ស្រលាញ់គាត់ដែរ ឯរូប ខ្ញុំបាទក៏ស្រលាញ់គាត់ដែរ ។ មនុស្សទាំងអស់ ជាបុថុជ្ជន (មិនមែនអ្នកបួស) តែស្រលាញ់អ្វីដែលល្អ ស្អាត ពីរោះ ។ ករណីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ស្រីស្រលាញ់គាត់ច្រើនណាស់ (សំឡេងពីរោះរណ្ដំ ក្រអួនក្រអៅ រួបសម្បត្តិក៏ស្អាត សង្ហា) យើងមិនបន្ទោស ក៏មិនសរសើរដែរ ពីព្រោះសារជាតិគាត់ដូច្នេះ ។ ដូច្នេះអធិរាជសំឡេង មាស ស៊ីន ស៊ីសាមុត ដែលមានស្រីស្នេហ៍ច្រើន ចាត់ទុកថាជារឿងធម្មតាសម្រាប់មនុស្សល្អពិសេសដូចរូបគាត់ ដូចនិយាយពីខាងលើមកអ៊ីចឹង សូម្បីតែប្រុសៗក៏ស្រលាញ់គាត់ដែរ កុំបន្ទោស គ្មាននរណាខុស នរណាត្រូវទេ។ ខ្ញុំធ្លាប់ឮសូរបងប្រុសៗថា បានធ្វើប្ដីទី១០០ របស់អ្នកនាងហ៊ួយ មាស ក៏សុខចិត្តដែរ សំឡេងនិយាយរបស់ គាត់ពីរោះណាស់ មានមន្តសេ្នហ៍ណាស់ ។

  ចំពោះប្អូនបឺត សំរេច ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា យល់អំពីពាក្យកូន គឺកូនមានន័យថា ជាតំណក់ឈាម ប្ដីនិង ប្រពន្ធ ឬឪពុកនិងម្ដាយ ។ ដូច្នេះកូនមានខាន់ស្លា និងអត់ខាន់ស្លា ជាកូនដូចតែគ្នា ក្មានមួយណាប្រសើរជាង មួយណាទេ ។ បងប្រុសជីដូនមួយខ្ញុំ ឈ្មោះបង សំ សយ ជាកូនឥតខាន់ស្លា ប្ដីប្រពន្ធគាត់រកស៊ីមានបាន គាត់ជាមនុស្សល្អ អ្នកស្រុកស្រលាញ់ គោរពរាប់អានគាត់ រហូតបោះឆ្នោតឲ្យគាត់បានជាប់ ជាប្រធានភូមិ ទួលតាប៉ាង ភូមិទួលរំដេង ខេត្តត្បូងឃ្មុំ) ក្នុងចំណោមបេក្ខជន ០៣នាក់ ឯបេក្ខជនពីរនាក់ទៀត ដែលមិនជាប់ ឆ្នោត សុទ្ធតែជាកូនមានខាន់ស្លា ។ សូមជូនពរឲ្យប្អូនបឺត សំរេច បានសុខចម្រើន អាយុវែង និងបានជោគ ជ័យក្នុងភារកិច្ច បន្តវេនពីប៉ារបស់ប្ដូន ។

 ចំពោះកូនស្រីច្បងរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ។ អ្នកស្រីត្រូវសប្បាយរីករាយវិញទេ ដែលបាន ជូបប្អូនបង្កើត ។ បើអ្នកស្រីប្រាកដជាកូនស្រីបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មែន សូមអ្នក ស្រីមានសេចក្ដីក្លាហាន មកធ្វើឌីអិនអេ កុំឲ្យមហាជនថ្កោលទោស ។

 ជាទីបញ្ចប់ ខ្ញុំបាទសូមជូនពរឲ្យបងប្អូនខ្មែរយើងទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមនុស្សជាតិ បានជួបតែ សេចក្ដីសុខ និងសេចក្ដីចម្រើន អាយុយឺនយូរ ទទួលបានជោគវាសនាក្នុងភារកិច្ចជារៀងរហូតតទៅ ។

ឯប្អូនបឺត សំរេច ចូរប្អូនមានសង្ឃឹម និងមានសេចក្ដីក្លាហាន បោះជំហានទៅមុខ មិនរាថយ ក្នុងការបន្តតំណែង ឬបន្តវេន (ទំពាំងស្នងឫស្សី) ពីប៉ាប្អូន ដើម្បីឈានទៅជោគជ័យក្នុងជីវិត និងរក្សាវង្សត្រកូលអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ឲ្យបានគង់វង្ស ។ ប្អូនជាបុត្រារបស់អធិរាជសំឡេងមាស ស៊ី ស៊ីសាមុត ប្រាកដហើយ ប៉ាប្អូនស្រ លាញ់ប្អូនខ្លាំងណាស់ (តំណក់ឈាមរបស់គាត់) ពេលគាត់តាមរកប្រពន្ធកូនឃើញ គាត់អង្វរលួងលោមឲ្យប្រពន្ធ កូនវិលមកភ្នំពេញ ម៉ាក់ប្អូនពុំព្រមទៀត ទើបមកភ្នំពេញវិញ គាត់តែងចម្រៀងមានចំណងជើងថា “បងផ្ញើកូនផង” គាត់ច្រៀងផង យំផង ។ បញ្ជាក់ថា គាត់អាណិតស្រលាញ់កូន សំរេច ណាស់ ចូរប្អូនរក្សាតម្លៃខ្លួនឲ្យសមនឹង សេចក្ដីស្រលាញ់របស់ប៉ាប្អូន ដែលជាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត… ៕ កុលបុត្រ

RELATED ARTICLES