យោងតាមលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា នៅខេត្តកំពត ទទួលបានអាសនៈ៦ ក្នុងចំណោម៦អាសនៈ នោះ លោកជំទាវ ចម និម្មល ដែលជាបេក្ខភាពតំណាងរាស្ត្រខេត្តកំពត បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានឈ្នះភ្លូកទឹកភ្លូកដី។


លោកជំទាវ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានបង្ហោះសារក្នុងទំព័រហ្វេសប៊ុកថា ‘ក្នុងនាមបេក្ខជនតំណាងរាស្ត្រមណ្ឌលកំពតមួយរូប នៃគណបក្សប្រជាជនកម្ពុជា នាងខ្ញុំ ចម និម្មល សូមអរព្រះគុណ និងសូមគោរពអរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានស្រលាញ់ ជឿទុកចិត្ត និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតទទួលបានទទួលបានជ័យជំនះ ឈ្នះដាច់ ៦អាសនៈលើ៦អាសនៈ’។



លោកជំទាវ បន្តថា ‘គុណបំណាច់ដ៏ថ្លៃថ្លារបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ នាងខ្ញុំសូមធ្វើការដឹងគុណ និងចងចាំជានិច្ច’។ ជាចុងក្រោយ លោកជំទាវ ចម និម្មល បន្ថែមថា ‘ខ្ញុំព្រះករុណា នាងខ្ញុំ សូមយកឱកាសដ៏ថ្លៃថ្លានេះ ប្រគេនពរ និងជូនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសេចក្ដីសុខចម្រើន សុខភាពល្អបរិបូរណ៍ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ’៕

