Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឧកញ៉ាពិភពដីមាស ពលរដ្ឋខេត្តកំពតប្តឹង ១១០៥នាក់ បោកជាង២១លានដុល្លារ

ឧកញ៉ាពិភពដីមាស ពលរដ្ឋខេត្តកំពតប្តឹង ១១០៥នាក់ បោកជាង២១លានដុល្លារ

កំពត ៖ ស្នងការនគរបាលខេត្តកំពត លោកម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា មកដល់ពេលនេះ មានពលរដ្ឋខេត្ត កំពត ចំនួន ១១០៥នាក់ បានមកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពត ប្ដឹងអ្នកឧកញ៉ាហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស ថាបានបោកប្រាស់ពួកគាត់ លើការទិញ-លក់ដីធ្លី ដែលគិតជាទឹកប្រាក់ ជាង ២១លានដុល្លារ ។

 លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុកស្នងការ ដ្ឋាននគរ បាលខេត្តកំពត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ថា «គិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅ ខេត្តកំពត បានប្ដឹងមកក្រុមហ៊ុនពិភពដីមាស មានចំនួន ១១០៥ បណ្ដឹង ខាតបង់ទឹកប្រាក់ចំនួន ២១ ០៧៨ ៩៦០ ដុល្លារ (ម្ភៃមួយលាន ប្រាំពីរម៉ឺន ប្រាំបីពាន់ប្រាំបួនរយហុកសិបដុល្លារ) ។

 បន្ថែមលើការបញ្ជាក់តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក ខាងលើនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ថា ទឹកប្រាក់ជាង ២១ លានដុល្លារ របស់ប្រជាជននៅខេត្តកំពត ១១០៥នាក់ ដែលខាតបង់ទៅលើក្រុមហ៊ុនពិភពដីមាស ជាចំនួនទឹក ប្រាក់ដ៏ច្រើន ហើយក៏ជាទឹកប្រាក់ភាគច្រើនដែលបានមកពីការខ្ចីធនាគារ ។ ដូច្នេះនេះជាមេរៀនមួយដល់ពួកគាត់ ទៅថ្ងៃក្រោយ កុំឲ្យចាញ់បោកក្រុមហ៊ុនបែបនេះទៀត ។ ប៉ុន្តែយ៉ាងណា ក៏ដោយ លោកថាខាងអាជ្ញាធរមានសមត្ថកិច្ច នៅតែជួយរកយុត្តិធម៌ឲ្យពួកគាត់ជានិច្ច គឺក្រោយទទួលពាក្យ បណ្ដឹងពីប្រជាពលរដ្ឋកំពុងផុងខ្លួនក្នុងបំណុលនេះហើយ ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជានគរបាល យុត្តិធម៌ នឹងធ្វើតាមនីតិវិធី។ ឯរឿងចាត់ចែងទ្រព្យសម្បត្តិក្រុមហ៊ុនយ៉ាងដូចម្ដេច ឬយ៉ាងណានោះ អាស្រ័យលើ ការសម្រេចរបស់តុលាការ បន្ទាប់ពីអ្នកឧកញ៉ាហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភណដីមាស នេះត្រូវបាន ចាប់ខ្លួនបញ្ជូនទៅតុលាការ ។

 លោកម៉ៅ ច័ន្ទមធុរិទ្ធ បានមានប្រសាសន៍ថា “បាទ! រឿងបណ្ដឹងនេះ ខ្ញុំកំពុងបន្តនីតិវិធី ហើយមិនច្រើនយ៉ាងម៉េច បើ ២១លានដុល្លារទៅហើយ គិតមើលទៅ មិនមែនតិចទេ ។ ចំពោះដំណោះសា្រយ ចាំមើលនីតិវិធី ខ្ញុំធ្វើរួចរាល់ សិន ពេលរួចរាល់ហើយ ខ្ញុំបញ្ជូនទៅតុលាការ ចាំមើលតុលាការ គាត់មានចំណាត់ការរបៀបម៉េចទៀត? ហើយ ខ្ញុំបញ្ជាក់ដែរថា សំណុំរឿងបណ្ដឹងនេះ សម្រាប់តែប្រជាពលរដ្ឋនៅខេត្តកំពត ទេ ឯនៅខេត្តផ្សេង ឬនៅកន្លែង ណាផ្សេង ប្រជាពលរដ្ឋដាក់បណ្ដឹងដែរ ខ្ញុំមិនដឹងទេ ខណៈដែលប្រធានក្រុមហ៊ុននោះ បានចាប់ខ្លួនទៅហើយ ។ ក្នុងចំណុចនេះដែរ ខ្ញុំមិនបន្ទោសប្រជាពលរដ្ឋទេ ខ្ញុំគ្រាន់តែចង់បញ្ជាក់ជូនថា ពាក់ព័ន្ធករណីនេះ ខ្ញុំគិតថា វាជា មេរៀនសម្រាប់បងប្អូនទាំងអស់គ្នា កុំឲ្យចាញ់ក្រុមហ៊ុនរបៀបអ៊ីចឹងទៀត ហើយសង្ឃឹមថា ពួកគាត់នឹងឆ្លងកាត់ បទពិសោធន៍ករណីនេះ សង្ឃឹមថា ពួកគាត់នឹងយល់ច្បាស់ ហើយពួកគាត់នឹងលែងចាញ់បោកក្រុមហ៊ុន ធ្វើនំ អត់ម្សៅរបៀបអ៊ីចឹងទៀត ។ ប៉ុន្តែទោះយ៉ាងណា ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តកំពត ក៏ដូចជាសមត្ថ កិច្ចពាក់ព័ន្ធ ខ្ញុំក៏សូមបញ្ជាក់ដែរថា យើងនៅតែរកយុត្តិធម៌ជូនពួកគាត់ដដែល គឺយើងនៅតែបន្តការងារហ្នឹង រហូត“ ។

 គួរបញ្ជាក់ថា ក្រុមហ៊ុនពិភពដីមាស ដែលមានអ្នកឧកញ៉ាហ៊ី គឹមហុង ជាអគ្គនាយក មិនត្រឹមតែទទួលរង បណ្ដឹងពីប្រជាពលរដ្ឋនៅក្នុងខេត្តកំពត ជាង១ពាន់នាក់នេះទេ គឺមានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើនទៀត រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ជាដើម ក៏បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន នេះ ឲ្យដោះស្រាយសំណងជូនពួកគាត់វិញដែរ ដោយពួកគាត់អះអាងថា ក្នុង១គ្រួសារ បានចាញ់បោក ក្រុមហ៊ុននេះ មិនក្រោម ១ម៉ឺនដុល្លារឡើយ ។

ក្រោយមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋរងគ្រោះនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនអ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និងអង្គរក្ស ១៣នាក់  នៅទីស្នាក់ការក្រុមហ៊ុន ស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ក្រោយការឃាត់ខ្លួន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានតុលា ការសម្រេចចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជ ការសាធារណៈ និងការសម្អាតប្រាក់»។

នាយកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការដោះស្រាយបញ្ហាបំណុលរបស់ប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ។ លោកថា បើពុំនោះទេ ពលរដ្ឋនឹងប្រឈមការលក់ទ្រព្យសម្បត្តិ ដីធ្លី ផ្ទះសម្បែង ដើម្បីដោះបំណុល។ លោកចាត់ទុកថា ករណីក្រុម ហ៊ុនពិភពដីមាសនេះ ជាមេរៀនសម្រាប់អាជ្ញាធរ មុនពេលផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មឱ្យក្រុមហ៊ុនណាមួយ គួរសិក្សាឱ្យបានច្បាស់លាស់ជាមុន ដើម្បីចៀសវាងបញ្ហាក្រុមហ៊ុនធ្វើនំអត់ម្សៅបែបនេះ។

លោកអំ សំអាត បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ថា “បាទ! ទី១ យើងឃើញ ថា នៅពេលដែលចាប់ខ្លួនតាមនីតិវិធីតុលាការ អ៊ីចឹងតាមនីតិវិធីតុលាការ វាមានភាពស្មុគស្មាញបន្តិច ប៉ុន្តែអ្វី ដែលជារឿងសំខាន់ ខ្ញុំគិតថា អាជ្ញាធរ គួរតែជួយសម្របសម្រួលសម្រាប់ពួកគាត់ ជាមួយនឹងមីក្រូហិរញ្ញវត្ថុ ឬក៏ធនាគារ ដើម្បីទុកឱកាសឲ្យគាត់មានឱកាសខ្លះដើម្បីសងត្រលប់ទៅវិញហ្នឹង ហើយបញ្ហាទី២ នេះគឺជា មេរៀនសំខាន់ណាស់សម្រាប់អាជ្ញាធរ ក៏ដូចជាក្រសួងពាក់ព័ន្ធ ដែលត្រូវផ្ដល់អាជ្ញាប័ណ្ណសម្រាប់ ក្រុមហ៊ុនក្នុង ការអភិវឌ្ឍ ។ ដូចឧកញ៉ា ២រូបអ៊ីចឹង ដែលក្នុងការអភិវឌ្ឍ ត្រូវតែមានការគិតគូរពិចារណាឲ្យបានច្បាស់លាស់ ហើយអាជ្ញាធរ ត្រូវតែចាត់វិធានការតាមនីតិវិធី ឬក៏ត្រួតពិនិត្យឲ្យបានល្អ ហើយទី៣ គឺពលរដ្ឋ លោកមុននឹង សម្រេចចិត្ត ត្រូវពិចារណា ហើយនិងទទួលនូវព័ត៌មានឲ្យបានគ្រប់គ្រាន់ មុននឹងសម្រេចក្នុងការវិនិយោគ“ ៕ កុលបុត្រ

RELATED ARTICLES