Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាន់ដាវទៅកាប់គ្នា ជួបប៉ូលិស ខ្នោះ២

កាន់ដាវទៅកាប់គ្នា ជួបប៉ូលិស ខ្នោះ២

ភ្នំពេញ ៖ ក្មេងទំនើង ១ក្រុម មានគ្នាប្រមាណជិត ២០ម៉ូតូ ប្រដាប់ដោយដាវ កាំបិត បម្រុងទៅកាប់គ្នាតែគាប់ ជួនពេលកំពុងធ្វើដំណើរតាមផ្លូវ បានជួបនឹងសមត្ថកិច្ចល្បាត ភ័យខ្លួន នាំគ្នាជិះម៉ូតូរត់គេចអស់នៅសល់ តែក្មេងស្ទាវ ២នាក់ រត់មិនទាន់ ត្រូវសមត្ថកិច្ចក្របួចជាប់ ព្រមទាំងដកហូតបានដាវ ចំនួន៣ដើម។ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបណ្តោយផ្លូវកា៥ ក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ក្មេងស្ទាវទាំង២នាក់ ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួន ទី១-ឈ្មោះសុង បញ្ញា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) និងទី២-ឈ្មោះទ្រី ប៊ុនហាប់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង (មានសារធាតុញៀន)។ ចំណែកសម្ភារៈដកហូត រួមមាន ដាវច្នៃ ចំនួន៣ដើម និងម៉ូតូ ១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JR-8993។

លោកអធិការ បានបន្តថា មុនពេលកើតហេតុ យុវជនទាំង២នាក់ខាងលើ រួមនិងបក្ខពួក បាននាំគ្នាជិះម៉ូតូ ជិត២០គ្រឿង ចេញពីកោះពេជ្រ សំដៅមកវត្តឧត្តរាវតី នៅឫស្សីកែវ មកយកដាវដែលលាក់ទុកនៅគុម្ពស្មៅ តាមរបងវត្ត លុះយកបានដាវហើយ ក៏នាំគ្នាជិះម៉ូតូសំដៅមកទំនប់ទួលគោក ផ្លូវកា៥ ក្រុម៧ ភូមិចុងខ្សាច់ ក៏ជួបកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ល្បាត ប្រទះឃើញក៏ឃាត់ត្រួតពិនិត្យ ឆែកឆេររកឃើញដាវ ចំនួន៣ដើម លាក់នៅនឹងខ្លួន ចំណែកបក្ខពួកផ្សេងទៀត នាំគ្នាជិះម៉ូតូរត់គេចខ្លួន។

ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ និងស្រាវជ្រាវរកបក្ខពួកមកចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES