Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចាប់បង្ខាំងមនុស្សខុសច្បាប់ ជាប់ខ្នោះ៩នាក់

 ចាប់បង្ខាំងមនុស្សខុសច្បាប់ ជាប់ខ្នោះ៩នាក់

ស្វាយរៀង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការ បង្ក្រាបក្រុមជនសង្ស័យ ចំនួន៩នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់។ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យចាប់បង្ខាំងមនុស្សខុសច្បាប់នេះ បានធ្វើឡើង ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅទីតាំងចំនួន២ផ្សេងគ្នា ទី១-នៅចំណុចផ្ទះជួល ស្ថិតនៅ ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត និងទី២-នៅចំណុចមុខផ្ទះសំណាក់ថៃអាង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ ដែលត្រូវកម្លាំងអាវុធហត្ថ ចាប់ ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអ៊ាន ដុល្លារ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ ទី២-ឈ្មោះផាន់ រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររកស៊ីតាមអនឡាញ រស់នៅភូមិ ទួលកន្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទី៣-ឈ្មោះរ៉េត សង់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី៤-ឈ្មោះឡៃ ទៀត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី៥-ឈ្មោះសុខ ចិន្តា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅបណ្តោះអាសន្ន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី៦-ឈ្មោះវុទ្ធី សុងលី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកអនឡាញ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួល គោក រាជធានីភ្នំពេញ។ ទី៧-ឈ្មោះស្រឿន ស្រួច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកជូនភ្ញៀវ រស់នៅភូមិទួល កន្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទី៨-ឈ្មោះទេព ផានិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត និងទី៩-ឈ្មោះហ្វាម អាន់ហ្វឿក ភេទប្រុស អាយុ២៤ឆ្នាំ មុខ របរកម្មកររោងចក្រ ជនជាតិវៀតណាម ស្នាក់នៅបណ្តោះអាសន្ន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ចំណែកវត្ថុតាងដកហូតបាន រួមមាន -ទូរស័ព្ទដៃ ចំនួន១០គ្រឿង -រថយន្ត ចំនួន២គ្រឿង (ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់  និងម៉ាក Lexus RX-330 ពណ៌ស) -ពិលឆក់ ចំនួន៣ -ដំបងឈើ ចំនួន១ -កូនកាំបិត ចំនួន១ ម្សៅក្រាមសថ្លា ចំនួន១កញ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុល បង្ហាញពី លោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ឱ្យកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធ ហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោកឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបករណីចាប់បង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិតាបឹប និងចំណុចមុខផ្ទះសំណាក់ថៃអាង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ៩នាក់ រួមទាំងវត្ថុតាងផងដែរ។

ជនសង្ស័យទាំង៩នាក់ខាងលើ ត្រូវបានមន្ត្រីជំនាញអាវុធហត្ថរៀបចំកសាងសំណុំរឿងបញ្ជួនទៅចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES