Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូបើកផ្លូវឱ្យឡានពេទ្យ បុកឡានទំនើប ស្លាប់២

ជិះម៉ូតូបើកផ្លូវឱ្យឡានពេទ្យ បុកឡានទំនើប ស្លាប់២

ភ្នំពេញ ៖ យុវជន ១ក្រុម ដែលគេស្គាល់ថា ជាក្រុមជិះម៉ូតូបើកផ្លូវ សម្រួលចរាចរណ៍ឱ្យរថយន្តសង្គ្រោះ ដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ បាននាំគ្នាជិះម៉ូតូបើកផ្លូវឱ្យរថយន្តសង្គ្រោះ ១គ្រឿង លុះដោយសារតែស្ថាន ភាពផ្លូវកកស្ទះ ទើបជិះក្នុងទិសដៅបញ្ច្រាស ស្រាប់តែជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើប ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ ស្លាប់នៅនឹងកន្លែងមួយរំពេច ចំណែកម្នាក់ទៀត បានស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ រីឯម្នាក់ទៀត រងរបួសធ្ងន់ សរុបស្លាប់ ២នាក់ របួសធ្ងន់១។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខរោងចក្រផលិតទឹកស្អាតនិរោធ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

 ជនរងគ្រោះដែលស្លាប់និងរបួសទាំង៣នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា គឺជាក្រុមយុវជនដែលជិះម៉ូតូបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ  គេឃើញយុវជនមួយក្រុមមានគ្នា ៦នាក់ បានជិះម៉ូតូ ២គ្រឿង ដឹកគ្នា (ម៉ូតូ ១គ្រឿង ជិះគ្នា៣នាក់) បានជិះបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ធ្វើដំ ណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅបញ្ច្រាសចរាចរណ៍ ពីលិច មកកើត ក្នុងល្បឿនយ៉ាងលឿន តែ ដោយសារមិនប្រយ័ត្ន ទើបម៉ូតូ ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ព្រៃវែង 1O-9436 ដឹកគ្នា៣នាក់ បានបុករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Lexus LX-570 ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា LY-SOKHA ដែលកំពុងធ្វើដំណើរស្របទិសដៅចរាចរណ៍ ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យ រថយន្ត និងម៉ូតូ រងការខូចខាតយ៉ាងដំណំ។ រីឯយុវជន ៣នាក់ ភាគីខាងម៉ូតូ បានដួលបោកក្បាល បណ្តាលឱ្យស្លាប់ម្នាក់ ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសលយុវជនម្នាក់បានបាត់បង់ជីវិត ពេលទៅដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុ ម្ចាស់រថយន្ត Lexus LX-570 បានចុះពីរថយន្ត ចេញពីកន្លែងកើតហេតុបាត់ ដោយបន្សល់ រថយន្តនៅនឹងកន្លែង។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានចុះមកធ្វើការវាស់វែង ស្ទួចយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ។

ចំណែកសពយុវជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES