Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស៊ីចេញលុយអត់ស្មើ កាប់២កាំបិត

ផឹកស៊ីចេញលុយអត់ស្មើ កាប់២កាំបិត

ខេត្តកណ្តាល ៖ បុរស១ក្រុម បានអង្គុយផឹកស្រាជុំគ្នាតាំងពីព្រឹក រហូតដល់ព្រលប់ ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជម្លោះពីរឿងផឹកស៊ី ចេញលុយអត់ស្មើគ្នា រហូតដល់កើតជាអំពើហុង្សា ទាញកាំបិតផ្គាក់កាប់ ប្រហារគ្នា ចំនួន២កាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា កាប់មិត្តភក្តិរួមវង់ផឹកនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះផល សុភា ក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល។ជនរងគ្រោះ មានឈ្មោះសែន ផាត ហៅមករា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល (រងរបួសក្បាល១កាំបិត និងកដៃខាងស្តាំ ១កាំបិត)។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហួត ចាន់ឌី ហៅច្រូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល។ រីឯវត្ថុតាងចាប់យក កាំបិតផ្គាក់អត់ដង ចំនួន១ដើម។

តាមប្រភពពីមន្ត្រីនគរបាលស្រុកមុខកំពូល បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យបានជិះកង់ចេញពីផ្ទះរបស់ខ្លួន នៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ក្នុងគោលបំណងទៅរកឈ្មោះរស់ នៅភូមិវត្តចាស់ ដែលជាអ្នករកត្រី ជាមួយគ្នា។ ពេលទៅដល់ មិនបានជួប ឈ្មោះរស់ តែបានជួបបក្ខពួក៣ទៅ៤នាក់ ក្នុងនោះក៏មានជនរងគ្រោះម្នាក់ផង រួចក៏នាំគ្នាទិញស្រាផឹក។ រហូតដល់ម៉ោង ៦ព្រលប់ ថ្ងៃដដែល ជនសង្ស័យ និងជនរងគ្រោះ បានទាស់ពាក្យសម្តីគ្នា ដោយសារតែរឿង ចេញលុយ ថ្លៃស្រា មិនស្មើគ្នា រហូតឈានដល់កើតមានអំពើហិង្សា ដោយជនសង្ស័យបានយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ ចំនួន២កាំបិត ចំពីលើក្បាល ១កាំបិត និងចំកដៃខាងស្តាំ ១កាំបិត បណ្តាលឱ្យជនរង គ្រោះរងរបួសយ៉ាងធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំ ណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES