Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រកឃើញបង្គាចាក់ចាហួយ១០០គីឡូ នៅផ្សារដើមគ

 រកឃើញបង្គាចាក់ចាហួយ១០០គីឡូ នៅផ្សារដើមគ

ភ្នំពេញ ៖ បង្គាចាក់ចាហួយ ប្រមាណ១០៧គីឡូក្រាម និងនំខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៨,៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ (ក.ប.ប) រកឃើញ និងដកហូត ខណៈចុះត្រួតពិនិត្យទំនិញ នៅផ្សារដើមគ ក្នុងរាជធានីភ្នំពេញ។

ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូប អាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ មន្ត្រីនៃសាខា ក.ប.ប រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទំនិញនៅផ្សារ ដើមគ រកឃើញបង្គាចាក់ចាហួយ ចំនួន១០៧គីឡូក្រាម និងនំខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៨,៥គីឡូក្រាម។

នៅក្នុងប្រតិបត្តិការនេះមន្ត្រីនៃសាខា ក.ប.ប រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារដើមគ ដោយបាននាំយករថយន្តពិសោធន៍ចល័តផ្នែក ម្ហូបអាហារចុះត្រួតពិនិត្យ និងដកយកសំណាកគំរូជាក់ ស្តែង បានចំនួន៤១ រួមមាន បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក មើមខ្ទឹមស ខ្ទឹមក្រហម សរសៃគុយទាវ មី ជាដើម ដើម្បីយកមកវិភាគនៅក្នុងរថយន្តពិសោ ធន៍។ ជាលទ្ធផល ពុំបានរកឃើញវត្ថុមានសារធារធាតុគីមីហាមឃាត់ ក្នុងគំរូទាំងនោះទេ ប៉ុន្តែក្នុងប្រតិបត្តិ ការត្រួតពិនិត្យ ក៏បានរកឃើញ និងដកហូតបង្គាមានចាក់ចាហួយ ចំនួន១០៧គីឡូក្រាម និងនំខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ទុកធ្វើការបំផ្លាញចោលតាមនីតិវិធី។

នៅក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនៅផ្សារដើមគ នេះ លោកហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំឱ្យមានការដាក់លាយបន្ថែមនូវសារ ធាតុគីមីហាមឃាត់ ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល ម្ហូបអាហារ នាំឱ្យប៉ះពាល់ដល់សុខភាពសុវត្ថិ ភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ផលិតផលទំនិញ ឱ្យត្រូវតាម លក្ខណៈបច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងម្ហូបអាហារ ការដាក់តាំងលក់ផលិតផល ភេសជ្ជៈ ត្រូវកម្តៅថ្ងៃ និងចេះពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។លោកបានថ្លែងថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើងទៅតាមកំណើនប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ននូវម្ហូប អាហារដែលមិនមានអនុលោមភាពសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។

ក្នុងប្រតិបត្តិការខាងលើនេះ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនូវទឹកចិត្តរីករាយសាទរ និងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីសាខា ក.ប.ប រាជធានីភ្នំពេញ ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារ សុខមាលភាព និងការពារផលប្រយោជន៍ សេដ្ឋកិច្ច របស់ពួកគាត់ផងដែរ និងបានសំណូមពរឱ្យសមត្ថកិច្ច ពាក់ព័ន្ធនឹងការត្រួតពិនិត្យម្ហូបអាហារ ជួយទប់ស្កាត់ទំនិញខូចគុណភាព ឬមិនមានបទប្បញ្ញត្តិបច្ចេកទេស ចូល មក ដែលអាចប៉ះពាល់ជាយថាហេតុដល់សុខភាពប្រជាជន៕

RELATED ARTICLES