Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងបុករត់ បើកឡានដេញកៀរ

ខឹងបុករត់ បើកឡានដេញកៀរ

ភ្នំពេញ ៖ រថយន្តចំនួន ២គ្រឿង បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នាបន្តិចបន្តួច ប៉ុន្តែភាគីបង្កហេតុ មិនឈប់ដោះស្រាយគ្នា បែរជាព្យាយាមបើករត់គេច ជាហេតុធ្វើឱ្យភាគីម្ខាងទៀតបើករថយន្តប្រដេញតាម និងកៀរឱ្យឈប់ បណ្តាលឱ្យរងការខូចខាតរៀងខ្លួន ចំណែកម្ចាស់រថយន្តទាំងសងខាង បានចុះមកឈ្លោះ ប្រកែកគ្នាបែកផ្សែងទាំងយប់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅចំណុចខាងត្បូងស្តុបពេទ្យចិន លើកំណាត់មហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

ភាគីជម្លោះ ម្ខាងបើករថយន្តម៉ាក BYD (Build Your Dream) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-2954។ ចំណែកម្ខាងទៀត បើករថយន្តម៉ាក កាមរី ហាយប៊្រីដ ពណ៌ស្ករ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2C-9909។

យោងតាមប្រភពព័ត៌មានពីភាគីខាងម្ចាស់រថយន្ត BYD (Build Your Dream) បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានបើកបរថយន្តម៉ាក BYD (Build Your Dream) រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់ ដោយបើកតាម បណ្តោយផ្លូវ២៨២ ទិសដៅពីកើត ទៅលិច។ លុះពេលមកដល់ចំណុចផ្លូវបំបែក ស្រាប់តែមានរថយន្ត កាមរី ហាយប៊្រីដ ពណ៌ស្ករ មានស្លាកលេខ ត្បូងឃ្មុំ 2C-9909 បើកបរដោយបុរសម្នាក់ សង្ស័យស្ថិតក្នុងស្ថានភាពស្រវឹង បានបើកបរតាមបណ្តោយផ្លូវលេខ៥៧ ទិសដៅពីត្បូង ទៅជើង ហើយឆ្លងផ្លូវមិនប្រយ័ត្ន ក៏បុករថយន្តរបស់ខ្លួន ពេញទំហឹងតែម្តង។

ម្ចាស់រថយន្ត BYD (Build Your Dream) បន្តថា ដំបូងគាត់ស្មានថា បុកហើយឈប់ដោះស្រាយគ្នា មានអី ស្រាប់ តែភាគីរថយន្តបង្ក កាមរីហាយប៊្រីដ បានបើករត់គេច ទើបខ្លួនបើករថយន្តដេញតាមពីក្រោយ រហូតដល់ផ្លូវបំ បែក២៧៨ កែងព្រះមុនីវង្ស ទើបដេញតាមទាន់ តែម្ចាស់រថយន្តបង្កនោះមិនព្រមឈប់ ទើបគាត់សម្រេចចិត្តបើក កៀរតែម្តងទៅ។

ជុំវិញករណីខាងលើ នៅមិនទាន់មានការបំភ្លឺពីសាមីភាគីម្ចាស់រថយន្តកាមរីហាយប៊្រីដ នៅឡើយទេ បន្ទាប់ពីកើត ហេតុភ្លាមៗនោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីភាគីទាំងសងខាងតឹងសរសៃ កដាក់គ្នា ព្រមទាំងឱ្យភាគីទាំងសងខាងដោះស្រាយគ្នាជំហានដំបូងសិន។ ប៉ុន្តែដោយសារការដោះស្រាយមិនត្រូវគ្នា សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងយក រថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ ចាំភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES