Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អ្នកកាសែតជិះម៉ូតូ គេបុករបួសធ្ងន់

 អ្នកកាសែតជិះម៉ូតូ គេបុករបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ជាចាងហ្វាងសារព័ត៌មានម្នាក់ កំពុងបត់ម៉ូតូសំដៅចូលទីស្នាក់ ការរបស់ខ្លួន ស្រាប់តែត្រូវម៉ូតូ ១គ្រឿងទៀត ជិះដោយបុរសម្នាក់ ជ្រុលមកបុកពេញទំហឹង បណ្តាលឱ្យ រងរបួសធ្ងន់ទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅតាម បណ្តោយផ្លូវស្តង់តាងួន ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ជនរងគ្រោះក្នុងករណីនេះ មានឈ្មោះភុំ ជិណ្ណារ៉ា ភេទប្រុស អាយុជាង៦០ ឆ្នាំ ជាចាងហ្វាងការផ្សាររបស់សារ ព័ត៌មានអ៊ែរញូវ (Air News) ដែលមានទីស្នាក់ការនៅក្បែរកន្លែងកើតហេតុ។ ចំណែកភាគីម្ខាងទៀត ជាបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅពេលលោកភុំ ជិណ្ណារ៉ា បើកម៉ូតូ ទៅទីស្នាក់ការរបស់ខ្លួន ដែលស្ថិតនៅត្រង់ចំណុចកើតហេតុ លុះពេលបត់ម៉ូតូសំដៅចូលទីស្នាក់ការ ក៏ត្រូវម៉ូតូ ១គ្រឿងទៀត បានមកបុកពេញទំហឹងតែម្តង។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ លោកភុំ ជិណ្ណារ៉ា និងភាគីម្ខាងទៀត ដែលរងរបួសធ្ងន់ដូចគ្នា ត្រូវបាន លោកនួន នីគីដា ដែលជាអ្នកបង្កើតរថយន្តសង្គ្រោះបន្ទាន់មនុស្សធម៌ ដោយឥតថ្លៃ និងក្រុមការងារជួយសង្គ្រោះ បឋម ប្រចាំក្រុងប៉ោយប៉ែត បានបញ្ជូនរថយន្តមកដឹកទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ដើម្បីជួយ សង្គ្រោះ និងព្យាបាលភ្លាមៗ។

ចំណែកម៉ូតូ ទាំង២គ្រឿង បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ធ្វើការវាស់វែងរួចហើយ ក៏យកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES