Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចលុយ៧លាន គេច៣ថ្ងៃ ជាប់ខ្នោះ២

លួចលុយ៧លាន គេច៣ថ្ងៃ ជាប់ខ្នោះ២

ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពលបចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង និងបានលួចយក ប្រាក់ក្នុងថតតុ បានសម្រេច ចំនួនប្រមាណជិត ៧លានរៀល បន្ទាប់មកបាននាំគ្នារត់គេចខ្លួនបាត់អស់ លុះជនរង គ្រោះដាក់ពាក្យប្តឹង ត្រូវសមត្ថកិច្ចស្រាវជ្រាវ អស់រយៈពេល៣ថ្ងៃ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រីឯបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

ករណីអំពើលួចនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស។ លុះមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយមានការ ចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមាន ការសម្របសម្រួលពីសំណាក់លោកឯក ឆេងហួត ព្រះរាជអាជ្ញា  នៃអយ្យការអមសាលាដំបូងខេត្តតាកែវ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស មានករណីអំពើលួច (លួចលុយ) កើតឡើង បង្កដោយជនសង្ស័យមានគ្នាចំនួន៣នាក់ រួមមាន ទី១-ឈ្មោះប៊ន ប៊ុនឡុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង។ ទី២-ឈ្មោះផឹង ប៉ុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង និងទី៣-ឈ្មោះគា តុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង បានធ្វើសកម្មភាពជិះម៉ូតូ ១គ្រឿង មកចូលលួចលុយនៅក្នុងផ្ទះរបស់ឈ្មោះ រិន សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរអាជីវករ មានលំនៅ ភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ដោយលួចបានលុយចំនួន ៦លាន  ៨សែនរៀល ខណៈពេលដែលម្ចាស់ទុកលុយនៅក្នុងថតតុ ហើយចូលទៅដេកក្នុងបន្ទប់ ក្រោយធ្វើសកម្មភាពជនសង្ស័យ បានគេចខ្លួនបាត់។

ក្រោយទទួលបានបណ្តឹង លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជា កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងអធិការដ្ឋានស្រុកទ្រាំង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ ធ្វើការស្រាវជ្រាវ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរ បាលស្រុកទ្រាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ឈ្មោះប៊ន ប៊ុនឡេង និងឈ្មោះគា តុង ប្រគល់មកអធិ ការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES