Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែចាក់សោបង្ខាំងកម្មករ ខឹងអត់ព្រមធ្វើការថែម ម៉ោង

ថៅកែចាក់សោបង្ខាំងកម្មករ ខឹងអត់ព្រមធ្វើការថែម ម៉ោង

ភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ១ក្រុម មានគ្នាប្រមាណ ៤០នាក់ ត្រូវបានថៅកែបង្ខំឱ្យធ្វើការ ថែមម៉ោងនៅពេលយប់ តែកម្មករមិនយល់ព្រម ស្រាប់តែថៅកែ ចាក់សោបង្ខាំងក្រុមកម្មករឱ្យនៅក្នុងរោងចក្រ ដើម្បីធ្វើការងារ សូម្បីតែចេញក្រៅរកទិញអីហូប ក៏មិនឱ្យចេញ ទើបក្រុមកម្មករសម្រេចប្តឹងសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍ ផ្អើលទាំងយប់តែម្តង។

ករណីថៅកែរោងចក្រ ចាក់សោបង្ខាំងកម្មករឱ្យធ្វើការថែមម៉ោងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង ៨យប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចរោងចក្រមិនទាន់មានយីហោ (ទើបនឹងបើកបាន ជាង១ខែ) ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកម្មករខាងលើ បានឲ្យដឹងថា រោងចក្រនេះ ទើបតែបើកថ្មី បានជាងមួយខែប៉ុណ្ណោះ ហើយមាន កម្មករប្រមាណ ជាង១០០នាក់ ចំណែកថៅកែ គឺជាជនជាតិហ្វីលីពីន និងមិនទាន់មានរដ្ឋបាលនៅឡើយទេ។ រោងចក្រនេះ ចូលធ្វើការនៅវេលាម៉ោង៧ព្រឹក ចេញនៅម៉ោង១១ព្រឹក ដើម្បីហូបបាយ ហើយចូលធ្វើការវិញ នៅវេលាម៉ោង១២ថ្ងៃត្រង់ និងចេញទៅផ្ទះនៅវេលាម៉ោង៦ព្រលប់។

ក្រុមកម្មករខាងលើ បានបន្តថា ថៅកែបានឱ្យពួកគេថែមម៉ោងការងារ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៨យប់ដោយ មិនបានឱ្យពួកគេចេញក្រៅទិញអីហូបនោះទេ។ លុះដល់ម៉ោង៨យប់ ក៏បានឲ្យពួកគេថែមរហូត ដល់ម៉ោង១០ យប់បន្តទៀត តែកម្មករមិនព្រម ទើបថៅកែបិទទ្វារបង្ខាំង មិនឱ្យពួកគេចេញ ទើបពួកគេសម្រេចចិត្តប្តឹងសមត្ថ កិច្ច ដើម្បីជួយអន្តរាគមន៍ភ្លាមៗតែម្តង ហើយក្នុងនោះក៏មានកម្មករជាង៣០នាក់ ព្រមថែមម៉ោងតាមថៅកែផង ដែរ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរ បានចុះមកដល់រោងចក្រខាងលើ ឃើញថារោងចក្រខាង លើនេះ ពិតជាបានបិទទ្វារបង្ខាំងមិនឱ្យកម្មករចេញក្រៅប្រាកដមែន។ ប៉ុន្តែពេលដែលសមត្ថកិច្ចទៅដល់ខាង រោងចក្របានបើកទ្វារឱ្យកម្មករចេញភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការណែនាំដល់ថៅកែរោងចក្រ ដែលជាជនជាតិហ្វីលីពីន ខាងលើនេះ កុំឱ្យបង្ខំកម្មករហួសពីកម្លាំងពលកម្ម បើពួកគាត់ព្រមធ្វើការថែមម៉ោង គឺមិនអីទេ៕

RELATED ARTICLES