Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតដាក់ពាក្យធ្វើការ ប្រុសបោកស៊ីដាច់ម៉ូតូ

ស្រីស្អាតដាក់ពាក្យធ្វើការ ប្រុសបោកស៊ីដាច់ម៉ូតូ

ភ្នំពេញ ៖ យុវតីរូបស្រស់ជានិស្សិតម្នាក់ បានមើលឃើញក្រុមហ៊ុនមួយប្រកាស ជ្រើសរើសបុគ្គលិកតាម បណ្តាញសង្គម ខំជិះម៉ូតូឡើងមកពីខេត្ត ដើម្បីដាក់ពាក្យសម្ភាសន៍ លុះទៅដល់ ត្រូវបុរសម្នាក់ស្លៀក ពាក់ស្អាតបាត បានចេញមកសួរនាំ និងអះអាងថាខ្លួនជាអ្នកសម្ភាសន៍ រួចប្រើល្បិចបន្លំស៊ីដាច់ម៉ូតូរបស់ យុវតីរងគ្រោះអស់ ១គ្រឿង ទើបយុវតីរងគ្រោះរត់មកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្សារ Pencil Super Market ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

យុវតីរងគ្រោះខាងលើ មានឈ្មោះស្រីនី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត មានលំនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមសម្តីយុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នាងបានជិះម៉ូតូ ១គ្រឿង ម៉ាក Zoomer-X ពណ៍ទឹកក្រូចលាយស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-9435 ធ្វើដំណើរចេញពីស្រុកកំណើត មកភ្នំពេញ ដោយបានឃើញក្រុមហ៊ុនលក់កុំព្យូរទ័រមួយ ជ្រើសរើស បុគ្គលិកផ្នែកលក់កុំព្យូទ័រ (ឃើញប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុក) ក៏មកដាក់ពាក្យចូលធ្វើការ។

យុវតីរងគ្រោះ បន្តថា លុះពេលនាងដល់ចំណុចមុខផ្សាររាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាងបាន ក្រឡែក មើលក្រុមហ៊ុននោះ ឃើញមានបុរសអាយុប្រមាណជាង៣០ឆ្នាំ ស្លៀកពាក់ស្អាតបាត និងមានពាក់ម៉ាសក៍ (ទើបចំណាំមុខមិនបាន) បានដើរមកជិតនាង ហើយបានសួរនាំថា ប្អូនរកមើលអ្វីដែរ? ពេលនោះនាងឆ្លើយតាមត្រង់ថា រកមើលក្រុមហ៊ុនលក់កំព្យួរទ័រដែលបង្ហោះតាមបណ្តាញសង្គម ជ្រើសរើស បុគ្គលិកផ្នែកលក់។ ឮបែបនេះ បុរសខាងលើ បានអះអាងថា រូបគេគឺជាបុគ្គលិកក្រុមហ៊ុនផ្នែកលក់ តែដោយ សារក្រុមហ៊ុន រៀងរាល់ថ្ងៃសៅរ៍ តែងតែប្រជុំ ណាមួយមុនជួបសម្ភាសន៍ តម្រូវឱ្យបុគ្គលិកស្លៀកពាក់ និងតុប តែងខ្លួនបានស្អាត ពិសេសនារីៗ ត្រូវរៀបចងសក់បានត្រឹមត្រូវ។

នារីរងគ្រោះ បានបន្តទៀតថា ពេលនោះនាងបានសួរទៅបុរសខាងលើថា “តើខ្ញុំគួរធ្វើយ៉ាងម៉េច?” ជនសង្ស័យ បានឆ្លើយថា ចាំខ្ញុំជូនទៅផ្សារ Pencil Super Market ដើម្បីធ្វើសក់។ បន្ទាប់មក ដោយសារតែទុកចិត្តលើ បុរសនោះ ទើបរូបនាងបានឱ្យជនសង្ស័យជាអ្នកបើកម៉ូតូដឹកនាងទៅផ្សារ ព្រោះថានាងមិនសូវស្គាល់ភ្នំពេញ។ ពេលមកដល់ផ្សារ Pencil Super Market នាងបានយកម៉ូតូទៅផ្ញើ និងទទួលយកសំបុត្រពីជនសង្ស័យត្រឹមត្រូវ មកទុកនៅខ្លួន ហើយបានដើរទៅលើផ្សារ ជាន់ទី១ ជាមួយជនសង្ស័យ រួចក៏ចូលហាងធ្វើសក់។

ក្រោយមក អង្គុយធ្វើសក់ពីម៉ោងជាង ៦ព្រលប់ ដល់ម៉ោង ៧និង៣០នាទីយប់ ទើបរួចរាល់ តែធ្វើរួច នាងហាក់ ដូចជាត្រូវថ្នាំសណ្តំ ដឹងខ្លួន តែនិយាយនិងកាយវិកាយមិនចេញ លុះបុគ្គលិកធ្វើសក់ អង្រួនខ្លួនខ្លាំងៗ ទើបនាង ដឹងខ្លួន មិនទាន់ឲ្យលុយធ្វើសក់ ក៏ប្រញាប់សួរទៅបុគ្គលិក ហាងធ្វើសក់ថា បុរសដែលមកជាមួយទៅណាហើយ ? បុគ្គលិកឆ្លើយថា ឃើញអូនហុចសោ និងសំបុត្រម៉ូតូឱ្យ លុះពេលទៅបន្ទប់ទឹក ទើបភ្ញាក់ដឹងខ្លួន រកសំបុត្រនិង សោម៉ូតូមិនឃើញ ចាប់ផ្តើមភ័យ ក៏ប្រញាប់ចេញពីហាងធ្វើសក់ យ៉ាងលឿន សំដៅទៅរកមើលម៉ូតូ នៅកន្លែង ទទួលផ្ញើ បាត់ម៉ូតូ ទើបដឹងច្បាស់បុរសដែលអះអាងថាជាបុគ្គលិកក្រុមហ៊ុន និងបានជិះម៉ូតូជូននាងមកធ្វើសក់ គោលបំណងបន្លំលួចយកម៉ូតូខ្លួនសោះ។ ការពិតម៉ូតូដែលបាត់តាំងម៉ោង ៧ និង៣០នាទីយប់ ដោយខ្លួនភ័យមិន ដឹងថាទៅណា ក៏ទូរស័ព្ទទៅបងប្រុសជីដូនមួយ ឱ្យមកកន្លែងកើតហេតុ។

ក្រោយកើតហេតុ បងប្រុសជីដូនមួយរបស់យុវតីរងគ្រោះ បានមកដល់ ម៉ោង១០យប់ទៅហើយ និងបាននាំ នាងទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចតុមុខ ខណ្ឌដូនពេញ ដើម្បីធ្វើការស្រាវជ្រាវ។

បន្ទាប់ពីសមត្ថកិច្ចបានស្តាប់ការរៀបរាប់ពីយុវតីរងគ្រោះចប់ និងដោយសារតែយប់ពេក ទើបសមត្ថកិច្ចបានឲ្យ យុវតីរងគ្រោះ ត្រឡប់ទៅផ្ទះបងប្អូន សម្រាកសិន ព្រោះម៉ោង ១១យប់ទៅហើយ ផ្សារក៏បានបិទអស់ដែរ រង់ចាំព្រឹកឡើង នឹងអញ្ជើញយុវតីរងគ្រោះ មកប៉ុស្តិ៍ម្តងទៀត ដើម្បីចង្អុលកន្លែងធ្វើសក់នៅផ្សារ Pencil Super Market ដើម្បីសាកសួរនាំសាក្សី ពីភិនភាគជនសង្ស័យ ងាយស្រួលកំណត់មុខសញ្ញា និងតាមចាប់ខ្លួនជន សង្ស័យ៕

RELATED ARTICLES