Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសស្រវឹងបើកឡានកៀរគេ ជ្រុលបុកដើមឈើ

ប៉ូលិសស្រវឹងបើកឡានកៀរគេ ជ្រុលបុកដើមឈើ

ភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាលម្នាក់ បើកបររថយន្ត ១គ្រឿង ក្នុងស្ថានភាពស្រវឹង បានជ្រុលទៅកៀររថយន្ត១ គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យរងការខូចខាតតិចតួច បន្ទាប់មក រថយន្តបង្កហេតុ បានជ្រុល ឡើងចិញ្ចើមផ្លូវ ទៅបុកដើមត្របែកព្រៃ ១ដើមទៀត ទើបកល់ជាប់ ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅចំណុចភ្លើងស្តុប ផ្លូវ៣១០ កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យជាង៥០ឆ្នាំម្នាក់ ដែលត្រូវគេស្គាល់ថា គឺមន្ត្រីនគរបាល ពាក់សក្តិ៤កន្លះ បានបើករថយន្ត ១គ្រឿង ម៉ាក Lexus LX-470 ពណ៌ស្ករ ធ្វើដំណើរតាម បណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូង ទៅជើង ក្នុងស្ថានភាពស្រវឹង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់ តែរថយន្តរេចង្កូតជ្រុលទៅកៀររថយន្តម៉ាកតូយ៉ូតា ព្រូស ស៊េរីឆ្នាំ២០១០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-5276 ដែលកំពុងឈប់រង់ចាំភ្លើងស្តុប ក្នុងទិសដៅស្របគ្នា បណ្តាលឱ្យរថយន្តតូយ៉ូតា ព្រូស រងការខូចខាត ថ្ពាល់មុខចំហៀងខាងស្តាំបន្តិចបន្តួច តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ដោយឡែករថយន្ត Lexus LX-470 នៅពេលដែលកៀររថយន្តតូយ៉ូតា ព្រូស ហើយក៏រេចង្កូតទៅខាងឆ្វេង បញ្ច្រាសទិសដៅចរាចរណ៍ ឡើងទៅលើចិញ្ចើមផ្លូវ ហើយជ្រុលទៅបុកផ្ទប់ជាមួយនឹងដើមត្របែកព្រៃ ទើបកល់ជាប់ ទៅមុខលែងរួច និងបណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខតិចតួច។ បន្ទាប់មកបុរស ជាអ្នកបើករថយន្ត បានដេកលក់ក្នុងរថយន្តតែម្តង។ មួយសន្ទុះក្រោយមក កម្លាំងសមត្ថកិច្ចចរាចរណ៍ខណ្ឌ បឹងកេងកង បានចុះទៅដល់កន្លែងកើតហេតុ រួចគោះទ្វារហៅ ទើបអ្នកបើករថយន្តដឹងខ្លួន។

ពាក់ព័ន្ធក្នុងករណីខាងលើនេះដែរ កម្លាំងសមត្ថកិច្ច បានឲ្យតំណាងរថយន្តតូយូតា ព្រូស ធ្វើការចរចាគ្នាជាមួយ ខាងរថយន្តបង្កហេតុ ដោយឱ្យជួយចេញថ្លៃការជួសជុល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។ក្រោយពេលកើតហេតុ ដោយពិនិត្យឃើញថា ដើមឈើរងការខូចខាតតិចតួច សមត្ថកិច្ចសម្រេចឱ្យម្ចាស់ រថយន្ត បន្តដំណើរទៅផ្ទះវិញ ដោយមានកម្លាំងសមត្ថកិច្ចជួយជូនទៅទៀតផង៕

RELATED ARTICLES