Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគេប្តឹងលួចម៉ូតូ រត់មកសម្តែងលោតទឹកស្ពាន ជ្រោយចង្វា

គេប្តឹងលួចម៉ូតូ រត់មកសម្តែងលោតទឹកស្ពាន ជ្រោយចង្វា

ភ្នំពេញ ៖ បុរសម្នាក់ នៅសុខៗជិះម៉ូតូ ១គ្រឿង មកផ្តួលចោលនៅលើស្ពានជ្រោយចង្វា រួចស្ទុះឡើងតោងបង្កាន់ ដៃស្ពាន ធ្វើជាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកសារព័ត៌មាន និង សមត្ថកិច្ច ជួយដឹងឮ និងជួយរកយុត្តិធម៌ឱ្យខ្លួន ដោយអះអាងថា ត្រូវម្ចាស់កសិដ្ឋានចិញ្ចឹមទា មួយកន្លែងនៅខេត្តកំពង់ស្ពឺ ឆបោក លុះខ្លួនយកម៉ូតូជិះចេញពីកសិដ្ឋាន បែរជាត្រូវគេប្តឹងចោទប្រកាន់ថា រត់ចោលកន្លែង និងលួចម៉ូតូទៅវិញ។

ករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៦និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូន ពេញ។

បុរសដែលអះអាងថាចាញ់បោកគេ រួចធ្វើជាមករកលោតទឹកនេះ មានឈ្មោះជា លឹមហាវ អាយុ៤៧ឆ្នាំ ស្នាក់នៅ ភូមិ ខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-5571 ធ្វើដំណើរឡើងស្ពានជ្រោយចង្វា ពីទិសខាងលិច ទៅ កើត លុះនៅពេលឡើងដល់ស្ពានបានបន្តិច បុរសនោះបានឈប់ម៉ូតូ រួចផ្តួលម៉ូតូចោល ហើយឡើងទៅតោង បង្កាន់ដៃស្ពាន ធ្វើជាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ច បាននាំ គ្នាមកឃាត់។

ប្រភពដដែល បន្តថា លុះពេលមានអ្នកសារព័ត៌មាន និងសមត្ថកិច្ច មកដល់ បុរសនោះបែរជាអះអាងថាគាត់ គ្មានបំណងលោតសម្លាប់ខ្លួននោះទេ តែគាត់ធ្វើជាលោតទឹកបែបនេះ ក៏ដោយសារតែចង់ឱ្យមានអ្នកកាសែតមក ផ្សព្វផ្សាយ និងឱ្យសមត្ថកិច្ចដឹងឮ ហើយជួយរកយុត្តិធម៌ ដែលខ្លួនត្រូវបានម្ចាស់កសិដ្ឋានមួយកន្លែង បោក ប្រាស់។

បុរសរូបនេះ បានរៀបរាប់ប្រាប់ថា គាត់ត្រូវបានឈ្មោះធា ជាម្ចាស់កសិដ្ឋានចិញ្ចឹមទា និងត្រី នៅក្នុងភូមិសំបួរ ឃុំ ច្បារមន ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ណែនាំឱ្យគាត់ចូលហ៊ុនគ្នា ដោយឱ្យជួយជាកម្លាំង មើលការខុសត្រូវ ចិញ្ចឹម ទា ហើយសន្យាថា ពេលចំណេញ ឱ្យ៣៥ភាគរយ។ បន្ទាប់ពីជួយចិញ្ចឹមទា បានប្រមាណ ៧ខែ និង ចាប់ ទាលក់ ២លើករួចហើយ តែម្ចាស់កសិដ្ឋាននោះ ពុំបានចែកប្រាក់ចំណេញ តាមការសន្យានោះទេ មិនតែប៉ុណ្ណោះ បាន យករថយន្តម៉ាកស្តារិច មួយគ្រឿង របស់គាត់ ទៅបញ្ចាំ ថែមទាំងរករឿងដេញគាត់ចេញពីកសិដ្ឋានទៀតផង។

បុរសខាងលើ បន្តថា លុះមកដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ម្ចាស់កសិដ្ឋាននោះ បានឱ្យកម្មករទៅគប់ដុំថ្មគំរាម នៅកន្លែងគាត់ស្នាក់នៅ ជាហេតុធ្វើឱ្យគាត់មានភ័យខ្លាចយ៉ាងខ្លាំង ហើយក៏បានយកម៉ូតូម៉ាកហុងដា វ៉េវ របស់ ម្ចាស់កសិដ្ឋាន ដើម្បីជិះគេចខ្លួន ស្រាប់តែម្ចាស់កសិដ្ឋាននោះ ប្តឹងគាត់ថា បានលួចម៉ូតូ និងរត់ចោលទីតាំងទៅ វិញ។

បុរសខាងលើ បានឱ្យដឹងបន្តទៀតថា បន្ទាប់ពីជិះម៉ូតូគេចខ្លួននោះ រូបគាត់បានទៅប្តឹងអាជ្ញាធរឃុំច្បារមន និង មកប្តឹងអាជ្ញាធរសង្កាត់ច្រាំងចំរេះទី២ ដែរ ដោយអះអាងថា ខ្លួនពុំបានលួចម៉ូតូនោះទេ ប៉ុន្តែពុំមានដោះស្រាយ ឡើយ ទើបគាត់ជិះម៉ូតូមកស្ពានជ្រោយចង្វា រួចធ្វើជាលោតទឹក ដើម្បីឱ្យសមត្ថកិច្ចដឹងឮ និងជួយរកយុត្តិធម៌។ជុំវិញរឿងរ៉ាវខាងលើនេះ ពុំទាន់ដឹងច្បាស់ថា តើការពិតឬយ៉ាងណា ខណៈដែលបុរសខាងលើ ផ្តល់ព័ត៌មានបែប នេះរួច ក៏បានជិះម៉ូតូចេញទៅវិញបាត់ទៅ៕

RELATED ARTICLES