Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់ប្រជាការពារ៣កាំបិត ជាប់ខ្នោះ៣នាក់

កាប់ប្រជាការពារ៣កាំបិត ជាប់ខ្នោះ៣នាក់

ភ្នំពេញ ៖ ក្មេងទំនើង ចំនួន២ក្រុម បានកើតមានជម្លោះ រួចបើកឆាកកាប់ប្រហារគ្នា បណ្តាលឱ្យភាគីម្ខាង រងរបួសដាច់ម្រាមដៃ អស់៣ម្រាម លុះឃើញបែបនេះ បុរសជាប្រជាការពារម្នាក់ បានចូលទៅឃាត់ ស្រាប់ តែក្មេងទំនើងបានងាកមកាប់ប្រជាការពារ ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅ សង្គ្រោះភ្លាមៗ ចំណែកក្រុមជនដៃដល់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានចំនួន ៣នាក់ នាំយកទៅចាត់ការ តាមច្បាប់។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខក្លឹបមីតណាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមជនសង្ស័យ២ក្រុម បាននាំគ្នាផឹកស៊ី នៅចំណុច មុខក្លឹបមីតណាយ ស្ថិតនៅភូមិត្រពាងថ្លឹង៣ បន្ទាប់មក មានជម្លោះជាមួយគ្នា រហូតដល់ទាញកាំបិតប៉័ងតោ យកមកធ្វើសកម្មភាពកាប់និងវាយទៅលើក្រុមគូជម្លោះ បណ្តាលឱ្យដាច់ម្រាមដៃខាងឆ្វេង ចំនួន៣ម្រាម។ បន្ទាប់មកក្រុមជនសង្ស័យ បានព្យាយាមរត់គេចខ្លួន ចំណែកជនរងគ្រោះដែលដាច់ម្រាមដៃ ត្រូវបានគ្នីគ្នាដឹក យកសង្គ្រោះនិងព្យាបាល។ បន្ទាប់មក មានប្រជាការពារភូមិម្នាក់ បានចូលទៅធ្វើអន្តរាគមន៍ និងឃាត់ខ្លួន ក្រុមជនសង្ស័យ ស្រាប់តែត្រូវក្រុមជនសង្ស័យ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ ចំនួន៣កាំបិត ត្រូវលើទ្រូងខាងឆ្វេង ១កាំបិត ខ្នង ១កាំបិត និងម្រាមដៃខាងឆ្វេង ១កាំបិត បណ្តាលឱ្យរងបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយទទួលបានព័ត៌មាន និងអនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានការដឹកនាំបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ទោ ឡេង វាសនា អធិការរង ទទួលការងារព្រហ្ម ទណ្ឌខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ខ្លួនក្រុមជនសង្ស័យ បានចំនួន៣នាក់។

លោកវរសេនីយ៍ទោ ឡេង វាសនា បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ រួមមាន ទី១-ឈ្មោះសុខ ឆ្លាំង ភេទ ប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះហ៊ុន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទី៣-ឈ្មោះជា តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិថ្មគោល សង្កាត់ ចោមចៅ ទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះថុន រស្មី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប្រជាការពារ មានលំនៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES