Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងបើកភ្លើងហ្វាចាំងភ្នែក ធាក់ម៉ូតូដួល ប្រុសបាក់ដៃ ស្រីបាក់ជើង

ខឹងបើកភ្លើងហ្វាចាំងភ្នែក ធាក់ម៉ូតូដួល ប្រុសបាក់ដៃ ស្រីបាក់ជើង

ខេត្តសៀមរាប ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើអ្នកដទៃ ដោយជិះម៉ូតូតាមវាយ និងធាក់ម៉ូតូជនរងគ្រោះចំនួន បណ្តាលឱ្យដួល រងរបួសបាក់ដៃម្នាក់ (ប្រុស) និងបាក់ជើងម្នាក់ (ស្រី) ដោយសារខឹងជនរងគ្រោះជិះម៉ូតូ បើក ភ្លើងហ្វា ចាំងភ្នែក។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានឱ្យដឹងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៣ ថា កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ក្រុមជនរងគ្រោះមានគ្នាចំនួន ៥នាក់ ជិះម៉ូតូ ២គ្រឿង ចេញពីមើលកុន នៅក្នុងក្រុងសៀម រាប ដឹកគ្នាត្រឡប់មកផ្ទះវិញ នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។ លុះដល់ចំណុចភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រាប់តែមានមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណ ចំនួន៣នាក់ បើកម៉ូតូ ១គ្រឿង ប្រដេញពីក្រោយ ហើយ បានវាយទៅលើជនរងគ្រោះ ឈ្មោះរិទ្ធ តូអី ភេទប្រុស អាយុ២២ឆ្នាំ និងបន្តតាមធាក់ទៅលើម៉ូតូក្រុមជនរងគ្រោះ បណ្តាលឱ្យដួល និងទៅបុកបង្កាន់ដៃស្ពានដែក បណ្តាលឱ្យជនរងគ្រោះឈ្មោះរិទ្ធ តូអី ភេទប្រុស រងរបួសបាក់ ឆ្អឹងកំភួនដៃខាងស្តាំ និងរបួសដាត់រលាត់ភ្លៅ និងត្រគាកផ្នែកខាងស្តាំ ចំណែកឈ្មោះលី សៀវឡាវ ភេទស្រី រងរបួសបាក់ឆ្អឹងស្មងជើងខាងស្តាំង និងដាច់រលាត់ស្បែកភ្លៅ និងត្រគាកផ្នែកខាងស្តាំ ត្រូវដឹកបញ្ជូនទៅព្យា បាលនៅមន្ទីរពេទ្យ នៅឯក្រុងសៀមរាប។

បន្ទាប់ពីទទួលព័ត៌មាន និងពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលមូលដ្ឋាន បានសហការជាមួយនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះស្រាវជ្រាវ ស៊ើបអង្កេត រហូត ឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនបានក្រុមជនសង្ស័យ ចំនួន០៣ នាក់យកមកសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកប្រាសាទបាគង។

ជនសង្ស័យទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឡី សំណាង អាយុ២១ឆ្នាំ មុខរបរជាងដែកមាន លំនៅ ភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។ ទី២-ឈ្មោះជុង សិទ្ធ អាយុ១៥ឆ្នាំ មុខរបរគ្មាន មានលំនៅ ភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង និងទី៣-ឈ្មោះឃៀន ថៃ អាយុ២២ឆ្នាំ មុខរបរគ្មាន មានលំនៅភូមិ ត្រពាំងថ្នល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។

បន្ទាប់ពីសាកសួរ ក្រុមជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ល្មើសខាងលើ ប្រាដកមែន ដោយឈ្មោះ ឃៀន ថៃ ជាអ្នកបើកម៉ូតូ ឈ្មោះជុង សិទ្ធ អង្គុយកណ្តាល ចំណែកឈ្មោះឡី សំណាង អង្គុយខាងក្រោយ ធ្វើសកម្មភាពវាយទៅលើឈ្មោះរិទ្ធ តូអី ចំនួន១ដៃ ហើយដកខ្សែក្រវាត់បម្រុងវាយបន្ថែមទៀត តែជនរងគ្រោះបើកម៉ូតូគេចទៅបុកបង្កាន់ដៃស្ពានតែម្តង។ មូលហេតុដោយសារជនសង្ស័យខឹងជន រងគ្រោះបើក ម៉ូតូបញ្ចាំងភ្លើងហ្វាចាំងភ្នែក។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ តេងច័ន្ទ ណាត ស្នងការនគរបាលខេត្តសៀមរាប និងលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ កម្លាំងជំនាញបានរៀប ចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បី បញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី៕

RELATED ARTICLES