Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីវ៉ៃប្រពន្ធ៥ដៃ ទាក់កអូសដល់ស្លាប់ ខឹងតាមទាន់ ដេកជាមួយប្រុស របូតអាវទ្រនាប់

ប្តីវ៉ៃប្រពន្ធ៥ដៃ ទាក់កអូសដល់ស្លាប់ ខឹងតាមទាន់ ដេកជាមួយប្រុស របូតអាវទ្រនាប់

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ ខណៈប្តីចេញទៅធ្វើការងារបាត់ បានចេញទៅផឹកស្រាជាមួយបុរសម្នាក់ រស់នៅ ភូមិជាមួយគ្នា លុះពេលប្តីត្រឡប់មកវិញ ប្រទះឃើញប្រពន្ធស្រវឹងស្រា កំពុងនៅក្នុងបន្ទប់ ចំណែកបុរសជាអ្នក ភូមិម្នាក់ បានរត់ចេញតាមទ្វារក្រោយបាត់ និងឃើញប្រពន្ធរបូតអាវទ្រនាប់ ក៏ផ្ទុះភ្លើងប្រចណ្ឌ វ៉ៃប្រពន្ធ ៥ដៃ រួច យកខ្សែកាបូបទាក់កប្រពន្ធ អូសតាមផ្លូវ រហូតដល់ដាច់ខ្យល់ស្លាប់។ ទីបំផុតបុរសជាប្តី ត្រូវបានសមត្ថកិច្ចចាប់ វាយខ្នោះ បញ្ជូនទៅតុលាការ និងត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។

ករណីឃាតកម្ម ប្តីវ៉ៃដំ យកខ្សែទាក់កសម្លាប់ប្រពន្ធនេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

ជនដៃដល់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរឿន រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកាប់ឈើ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឡាច សម្បត្តិ ហៅដា អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ (ជាមនុស្សញៀន ស្រា)។ ប្តីប្រពន្ធទាំង២ មានលំនៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះរឿន រ៉ា បានវាយទៅលើស្ត្រីរងគ្រោះឈ្មោះឡាច សម្បត្តិ ហៅដា ត្រូវជា ប្រពន្ធ ជាច្រើនដៃ បន្ទាប់មកបានយកខ្សែកាបូបពណ៌ខ្មៅ ទាក់កប្រពន្ធ អូសតាមផ្លូវ បណ្តាលឱ្យស្ត្រីរងគ្រោះ ស្លាប់នៅនឹងកន្លែងតែម្តង។

តាមប្រភពពីលោកឆែម បឿន អាយុ៧៣ឆ្នាំ ជាមេភូមិអូរស្វាយ បានរៀបរាប់ប្រាប់ថា កាលពីអំឡុងឆ្នាំ២០១៦ មិនចាំថ្ងៃខែ មានប្រជាពលរដ្ឋពីរនាក់ប្តីប្រពន្ធ ឈ្មោះរឿន រ៉ា និងប្រពន្ធឈ្មោះឡាច សម្បត្តិ ហៅដា បានមក ស្នាក់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ដើម្បីប្រកបមុខរបរស៊ីឈ្នួលគេ ហើយស្ត្រីជាប្រពន្ធ តែងតែផឹកស្រាសស្រ វឹងជាប្រចាំ ។ គ្រួសារនេះតែងតែប្រើអំពើហិង្សាជាប់ជាប្រចាំ ហើយរូបលោកជាមេភូមិ ធ្លាប់បានហៅឈ្មោះរឿន រ៉ា និងប្រពន្ធឈ្មោះឡាច សម្បត្តិ ហៅដា មកអប់រំ និងធ្វើកិច្ចសន្យាជាញឹកញាប់។ លុះដល់វេលាម៉ោង ១១យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ លោកបានទទួលទូរស័ព្ទពីប្រជាការពារភូមិ ប្រាប់ថា ឈ្មោះរឿង រ៉ា បានវាយប្រពន្ធ ស្លាប់បាត់ហើយ ភ្លាមនោះលោកបានចុះទៅដល់កន្លែងកើតហេតុ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។

តាមសម្តីបុរសឈ្មោះប៊ុន បឿន ហៅតឺន ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នកភូមិជាមួយគ្នា បានឱ្យដឹងថាកាលពីវេលា ម៉ោងប្រមាណ ៨យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ គាត់អង្គុយលេងនៅក្រោមផ្ទះ ស្រាប់តែឃើញឈ្មោះចាន់ ភេទ ប្រុស ដើរចូលមកដេកលេងក្នុងអង្រឹង បានមួយ សន្ទុះ ឃើញឈ្មោះដា (ជនរងគ្រោះ) ដើរចូលមកក្រោមផ្ទះ របស់គាត់ ហើយកាន់ដបស្រាប្រហែលជាកន្លះលីត្រ សុំគាត់អង្គុយផឹកក្រោមផ្ទះ ជាមួយឈ្មោះចាន់ ។ ពេលនោះប្អូនស្រីរបស់គាត់ ឈ្មោះវៃ បានមកដឹកគាត់ទៅហូបបាយនៅផ្ទះរបស់គេ រហូតដល់ម៉ោងប្រហែល ៩យប់ ថ្ងៃដដែល ទើបត្រឡប់មកវិញ ស្រាប់តែឃើញឈ្មោះរឿន រ៉ា ជាប្តី បានឈ្លោះប្រកែកគ្នាជា មួយស្ត្រីរង គ្រោះជាប្រពន្ធ និងបានវាយទៅលើប្រពន្ធ ជាច្រើនដៃ ឃើញបែបនេះ រូបគាត់បានដេញប្តីប្រពន្ធទាំង២នោះចេញ កុំឱ្យឈ្លោះគ្នានៅផ្ទះរបស់គាត់ ហើយគាត់ក៏បានទូរស័ព្ទ ប្រាប់លោកមេភូមិ អំពីរឿងឈ្មោះរ៉ា វាយប្រពន្ធដែរ តែមិននឹកស្មានថា ឈ្មោះរ៉ា វាយប្រពន្ធរហូតដល់ស្លាប់បែបនេះទេ។

តាមសម្តីរបស់ឈ្មោះង៉ែត ធឿន ភេទស្រី អាយុ៦១ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះឡាច សម្បត្តិ ហៅដា (ជនរងគ្រោះ) បានចេញពីផ្ទះ រកទិញស្រាផឹក នៅក្នុង ភូមិ។ លុះដល់ម៉ោង ១០យប់ ថ្ងៃដដែល គាត់បាន ឃើញឈ្មោះរឿន រ៉ា ត្រូវជាប្តីរបស់ឈ្មោះឡាច សម្បត្តិ ហៅ ដា  មកពីររកឈើលើភ្នំដងរែកវិញ បានមកផ្ទះរបស់គាត់ សួររកប្រពន្ធ តែគាត់ប្រាប់ថា អត់ឃើញទេ។ បន្ទាប់មក ឈ្មោះរឿន រ៉ា បានចេញទៅបាត់។ រហូតដល់ម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២៣ ក៏មកស្រែកហៅគាត់ម្តងទៀត ទើបគាត់បានចុះពីលើផ្ទះ មកមើល ស្រាប់តែឃើញឈ្មោះឡាច សម្បត្តិ ហៅដា (ជនរងគ្រោះ) ដេកស្តូកនៅលើគ្រែ លុះគាត់ស្ទាបចុងដៃត្រជាក់ស្រេប តែមិនដឹងថាស្លាប់ឬក៏រស់ទេ លុះ ដល់ព្រឹកឡើង ទើបដឹងថា ស្ត្រីរងគ្រោះបានស្លាប់បាត់ហើយ។

ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចុះអន្តរាគមន៍ដល់ទីតាំង កើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាប្តី នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះរឿន រ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធដោយ ផ្ទាល់ដៃប្រាកដមែន ដោយមុនពេលកើតហេតុ នៅវេលាម៉ោង១០យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ខ្លួនទើបត្រ ឡប់មកពីស៊ីឈ្នួលជញ្ជូនឈើលើភ្នំ មកដល់ផ្ទះស្រាប់តែបាត់ប្រពន្ធ អត់ឃើញនៅផ្ទះ ទើបខ្លួនបានជិះកង់ដើររក ដល់ផ្ទះយាយតឿន តែអត់ឃើញ ។ បន្ទាប់មក ខ្លួនបានទៅសួររកនៅផ្ទះឪញ៉ញ់ ក៏មិនឃើញទៀត ក៏ជិះកង់ទៅ សួរនៅផ្ទះរបស់ឈ្មោះប៊ុន បឿន ហៅតឺន ហើយគាត់បានប្រាប់ថាប្រពន្ធរបស់ខ្លួនដេកក្នុងបន្ទប់ ទើបខ្លួនបាន ស្រែកហៅ តែប្រពន្ធអត់ព្រមចេញមក និងបានឃើញឈ្មោះចាន់ ភេទប្រុស ដើរចេញពីក្រោយបន្ទប់ (បន្ទប់មាន ទ្វារក្រោយ) ទើបធ្វើឱ្យខ្លួនកើតចិត្តប្រចណ្ឌ ក៏ទៅបើកទ្វារចូលទៅ ស្រាប់តែឃើញប្រពន្ធរបូតអាវទ្រនាប់សង្ស័យ ប្រពន្ធលួចដេក (រួមរ័ក) ជាមួយប្រុស ក៏បានវាយទៅលើផ្ទៃមុខប្រពន្ធខ្លាំងៗ ចំនួន៥ដៃ រួចនាំទៅផ្ទះ តែប្រពន្ធមិន ព្រមទៅ ទើបខ្លួនបានទាក់កអូស ទៅដល់ផ្ទះយាយតឿន ស្រាប់តែប្រពន្ធត្រជាក់ចុងដៃចុងជើង ភ្លាមនោះខ្លួន បានដុតភ្លើងឆ្អើរបានមួយសន្ទុះ ប្រពន្ធក៏បាត់ដង្ហើម ទើបដឹងថាប្រពន្ធបានស្លាប់បាត់ហើយ។យោងតាមកំណត់ហេតុស្រាវជ្រាវ និងពិនិត្យទីកន្លែងកើតហេតុ ហើយនិងចម្លើយសារភាព របស់ជនសង្ស័យ អាចសន្និដ្ឋានបានថា ឈ្មោះរឿន រ៉ា ពិតជាបានវាយសម្លាប់ប្រពន្ធប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បី ចាត់ការតាមនីតិវិធី និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចចេញដីកាឃុំខ្លួនដាក់ ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣៕

RELATED ARTICLES