Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិប្បកម្មតុកៅអី ភ្លើងឆេះខ្ទេច

សិប្បកម្មតុកៅអី ភ្លើងឆេះខ្ទេច

ភ្នំពេញ ៖ សិប្បកម្មកែច្នៃតុកៅអី ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលអស់ប្រជាពល រដ្ឋជិតខាង និងសមត្ថកិច្ច ចេញអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយបាញ់ទឹកពន្លត់អស់ចំនួន ២៥រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៥០យប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅ ចំណុចសិប្បកម្មកែច្នៃ តុទូកៅអី ១កន្លែង តាមបណ្តោយផ្លូវបេតុងថ្មី លេខ១១២ ស្ថិតក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ម្ចាស់ទីតាំង មានឈ្មោះសុខា វិសាល ភេទប្រុស អាយុ៤២ឆ្នាំ។ ចំណែកសិប្បកម្មដែលត្រូវភ្លើងឆេះ គឺជា ប្រភេទសំណង់ ធ្វើអំពីដែកប្រក់ស័ង្កសី មានទំហំ១០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ សិប្បកម្មខាងលើ បានបិទទ្វារ សម្រាកពីការងារ ដោយមានតែមនុស្សប្រុស ចំនួន២នាក់ប៉ុណ្ណោះ នៅសម្រាកក្នុងសិប្បកម្មនេះ ហើយ ខណៈពេលមេឃកំពុងតែភ្លៀង ពួកគាត់ដែលរស់នៅក្បែរនោះ បានឃើញមានហុយផ្សែង និងអណ្តាតភ្លើង ឆាបឆេះចេញយ៉ាងសន្ធោសន្ធៅពីផ្នែកខាងក្រោយនៃឃ្លាំងសិប្បកម្មនោះ ដោយមិនដឹងមូលមូលហេតុ។ ឃើញបែបនេះ ពួកគាត់បានស្រែកហៅបុរស២នាក់កំពុងតែដេកលក់នៅផ្នែកខាងមុខ ក្នុងសិប្បកម្មនោះ។

ប្រភពដដែល បន្តថា បន្ទាប់ពីស្រែកឆោឡោថា “មានភ្លើងឆេះហើយ!ៗ” ទើបបុរសទាំង២នាក់នោះ បានភ្ញាក់ ដឹងខ្លួន រួចបើកទ្វារចេញមក និងនាំគ្នាជួយពន្លត់ភ្លើង ដោយអ្នកខ្លះតទុយោទឹក និងខ្លះទៀតដួសទឹកយកទៅ ពន្លត់ តែមិនអាចគ្រប់គ្រងបាននោះទេ ដោយសារតែភ្លើងឆេះ កាន់តែខ្លាំងឡើងៗ ទើបនាំគ្នារាយការណ៍ជូន អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ដើម្បីសុំជំនួយរថយន្តពន្លត់អគ្គិភ័យ ឱ្យចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

បន្ទាប់ពីទទួលបានព័ត៌មានប្រជាពលរដ្ឋភ្លាម លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាល បង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កង ម្លាំងពន្លត់អគ្គិភ័យ ដើម្បីទៅអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេល វេលា កុំឱ្យមានការឆាបឆេះបន្តដល់ ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ រាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់ ២៥ឡាន ស្មើនឹង ៩៦ម៉ែត្រគូប រថយន្តជំនួយមកពីក្រសួង មហាផ្ទៃ ចំនួន៣គ្រឿង ពុំបានប្រើប្រាស់ទឹក រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងនរា ចំនួន២គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន២គ្រឿង ប្រើ ប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ករណីគ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យខូចខាត រោងសិប្ប កម្ម សង់ពីដែក ប្រក់ស័ង្កសី ទំហំ១០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ទាំងស្រុង និងឆេះខូចខាតកៅអីដែកអស់ប្រហែល ៩៥០កៅអី ឆេះឈើមុខតុ ប្រហែល ៤៥សន្លឹក ប៉ុន្តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់បន្ថែមថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបាន ធ្វើការគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃដដែល។ ក្នុងហេតុការណ៍នេះ មិនបានបណ្តាល ឱ្យអ្នកណាម្នាក់រងរបួសឡើយ។ រីឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES