Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម មិនចង់ឃ្លាតពីប្រពន្ធ ប្រាប់ម៉ែថាចង់ស្លាប់ ចងក សម្លាប់ខ្លួន

 មិនចង់ឃ្លាតពីប្រពន្ធ ប្រាប់ម៉ែថាចង់ស្លាប់ ចងក សម្លាប់ខ្លួន

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ហាក់មានអារម្មណ៍តានតឹងក្នុងចិត្តប៉ុន្មានថ្ងៃមកហើយ រហូតដល់ទូរស័ព្ទ ប្រាប់ ម្តាយបង្កើតថា ចង់ស្លាប់ ព្រោះមិនចង់ទៅធ្វើការឆ្ងាយឃ្លាតពីប្រពន្ធកូនឡើយ ស្រាប់តែមិនបានប៉ុន្មានផង ខណៈដែលស្ត្រីជាប្រពន្ធមិននៅផ្ទះ បុរសជាប្តីបានចងក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។ករណីចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចដើមស្វាយ ខាងជើងផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ៥ម៉ែត្រ ស្ថិតក្នុងភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ។បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះសុផល ទ្រី ភេទប្រុស អាយុ៣០ឆ្នាំ មានប្រពន្ធឈ្មោះរិន រិត អាយុ២៩ឆ្នាំ និងកូនស្រីម្នាក់អាយុ៣ខួបកន្លះ ក្នុងបន្ទុកគ្រួសារ និងមានលំនៅក្នុងភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុបន្តិច នាងបានដើរទៅផ្ទះឪពុក បង្កើត ឈ្មោះយិន រ៉ាន់ អាយុ៥៨ឆ្នាំ ដែលស្ថិតនៅក្បែរគ្នា ចំណែកកូនស្រីរបស់នាង អាយុ៣ខួបកន្លះ នៅផ្ទះ ជាមួយប្តីរបស់នាង (ជនរងគ្រោះ)។ លុះបន្តិចក្រោយមក ស្រាប់តែកូនស្រីរត់មកប្រាប់នាងថា “ប៉ាងាប់បាត់ ហើយ”។ ឮបែបនេះ នាងនិងឪពុក ក៏ប្រញាប់រត់ទៅមើល ស្រាប់តែឃើញប្តីចងកនៅលើដើមស្វាយ ក្បែរផ្ទះ ទើបប្រញាប់ស្រាយខ្សែចំណង ដាក់ប្តីចុះមកក្រោយ និងជួយធ្វើចលនាសង្គ្រោះបឋមដែរ ប៉ុន្តែប្តីរបស់នាង បានស្លាប់បាត់ទៅហើយ ។

ដោយឡែក តាមការបំភ្លឺពីស្ត្រីឈ្មោះអោម ភាព អាយុ៥៩ឆ្នាំ រស់នៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ និង ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានទូរស័ព្ទមកនិយាយជាមួយគាត់ថា “មានអារម្មណ៍ចង់ងាប់” លុះគាត់ជាម្តាយសួរវិញថា “កូនមានបញ្ហាអី?” គេក៏ឆ្លើយថា “មានតែផ្លូវងាប់មួយទេ ទើបដាច់ចិត្តពីប្រពន្ធនិងកូន ខ្ញុំមិនអាចទៅធ្វើការឆ្ងាយ ប្រពន្ធកូន ខ្ញុំបាន ឡើយ…”។ ស្រាប់តែដាក់ទូរស័ព្ទគាត់ចុះ មិនបានប៉ុន្មានផង កូនប្រសាស្រីរបស់គាត់ បានទូរស័ព្ទមកប្រាប់ថា ប្តីនាងចងកស្លាប់បាត់ទៅហើយ ធ្វើឱ្យគាត់ស្ទើរគាំងបេះដូងស្លាប់តាមកូន។

ក្រោយកើតហេតុ ក្រុមគ្រូពេទ្យ មន្ត្រីនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាន កម្លាំងអធិ ការដ្ឋាននគរបាលស្រុកក្រគរ បានចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និង ស្រាវជ្រាវ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា សព បានចងព្យួរកទៅមែកដើមស្វាយ ១ដើម នៅខាងជើងផ្ទះ ចម្ងាយប្រមាណ៥ម៉ែត្រ ស្ថិតនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ។

តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនងប្រាកដមែន ដោយពុំមានស្នាកស្នាមអ្វីគួរឱ្យកត់ សម្គាល់ជាប់ពាក់ព័ន្ធករណីផ្សេងនោះឡើយ។ មូលហេតុដោយសារមានវិបត្តិផ្លូវចិត្ត។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES