Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម តាអត់ការងារធ្វើ ទាញចម្ពាមកៅស៊ូ បាញ់កូនស្រីគេ លេង ជាប់ខ្នោះ

 តាអត់ការងារធ្វើ ទាញចម្ពាមកៅស៊ូ បាញ់កូនស្រីគេ លេង ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងអង្គុយលេងនៅក្នុងផ្ទះសុខៗ ឃើញក្មេងស្រីតូចម្នាក់ ជាកូនអ្នកជិតខាង ជិះកង់លេងនៅលើផ្លូវ កាត់មុខផ្ទះរបស់ខ្លួន ក៏ទាញចម្ពាមកៅស៊ូ ដាក់គ្រាប់កង់ បាញ់ក្មេងស្រីរងគ្រោះ បណ្តាល ឱ្យរបួសបែកមុខ ក្រោមភ្នែកខាងឆ្វេង លុះឪពុកម្តាយក្មេងស្រីរងគ្រោះ សុំអ្នកជិតខាងឆែកកាមេរ៉ាសុវត្ថិភាពខាង មុខផ្ទះមើល ទើបដឹងថា ជនដៃដល់ ជាបុរសចំណាស់ រស់នៅក្បែរខាងគ្នា រួចក៏ប្តឹងសមត្ថកិច្ចចាប់ វាយខ្នោះ បុរសចំណាស់នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីបុរសចំណាស់ប្រើចម្ពាមកៅស៊ូ បាញ់ក្មេងស្រីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពី វេលាម៉ោង ៦និង២៧នាទីព្រលប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះលេខ៤ ផ្លូវបេតុង ភូមិ១៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះង្វៀង យ៉ាំងងី ហៅហេង ផល្លា ភេទប្រុស ជនជាតិវៀត ណាម មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក។ ចំណែកវត្ថុតាងចាប់យក ចម្ពាមកៅស៊ូ ដងឈើ ចំនួន១ដើម។ រីឯក្មេងស្រីរងគ្រោះ មានឈ្មោះសួន វ៉ាន់នី មានលំនៅក្នុងភូមិកើតហេតុ ខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៦និង២៧នាទីព្រលប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្មេងស្រីរងគ្រោះឈ្មោះសួន វ៉ាន់នី ត្រូវជាកូនបង្កើតឈ្មោះតាំង សុវណ្ណ បានជិះកង់ស្គីលេង នៅលើផ្លូវបេតុង ក្នុងភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទៅវិញទៅមក ជាមួយក្មេងៗដទៃទៀតនៅក្នុងភូមិ។ លុះបន្តិចក្រោយមក ស្រាប់តែក្មេងស្រីរងគ្រោះ បានខ្ទប់មុខស្រែកយំថា “ឈឺណាស់!ៗ” រួចរត់ទៅប្រាប់ឪពុក របស់ខ្លួន។

ប្រភពដដែល បន្តថា ក្រោយពីបានឃើញនៅលើផ្ទៃមុខកូនស្រី មានស្នាមរបួសធ្ងន់បែបនេះ បុរសជាឪពុកបាន សួរកូនស្រី (ក្មេងស្រីរងគ្រោះ) ថា “អ្នកណាគប់ ឬបាញ់?” តែរកមុខជនបង្កហេតុមិនឃើញសោះ។ លុះមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បុរសជាឪពុកក្មេងស្រីរងគ្រោះ បានទៅសុំមើល កាមេរ៉ាសុវត្ថិភាពមុខផ្ទះអ្នកជិតខាង (ទីតាំងកើតហេតុ) ស្រាន់តែឃើញជនសង្ស័យ ឈ្មោះង្វៀង យ៉ាំងងី ហៅ ហេង ផល្លា កំពុងអង្គុយក្បែរតុក្នុងផ្ទះរបស់ខ្លួន បានទាញចម្ពាមកៅស៊ូ បាញ់សំដៅកូនស្រីរបស់គាត់ (ក្មេង ស្រីរងគ្រោះ) បណ្តាលឱ្យរងរបួសក្រោមភ្នែកខាងស្តាំ យ៉ាងធ្ងន់ ហើយភ្លាមនោះ បុរសជាឪពុកក្មេងស្រីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រះចក សហការជាមួយឪពុករបស់ក្មេងស្រីរងគ្រោះ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង ១២និង៣០នាទីថ្ងៃដដែល ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះង្វៀង យ៉ាំងងី ហៅហេង ផល្លា នៅចំណុចមុខផ្ទះលេខ៤ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រួមនិងវត្ថុតាង ចម្ពាម កៅស៊ូ នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES