Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពេទ្យអត់ចូលសាលា រៀនតពីឪ ចាក់ថ្នាំអ្នកជំងឺស្លាប់ ជាប់ខ្នោះទាំងឪនិងកូន

ពេទ្យអត់ចូលសាលា រៀនតពីឪ ចាក់ថ្នាំអ្នកជំងឺស្លាប់ ជាប់ខ្នោះទាំងឪនិងកូន

ខេត្តតាកែវ ៖ បុរសចំណាស់ជាគ្រូពេទ្យភូមិម្នាក់ បានបើកព្យាបាលអ្នកជំងឺ ទាំងមិនបានចូលសាលារៀន វិជ្ជសាស្ត្រអ្វីទាំងអស់ លុះក្រោយមក បានផ្ទេរជំនាញបង្រៀនកូន ឱ្យចេះចាក់ថ្នាំព្យាបាលអ្នកជំងឺ គ្រាន់ ជំនួសដៃជើង ពេលឪមិននៅ និងធ្វើជាអាជីពតទៅថ្ងៃមុខ លុះចុងក្រោយ មានអ្នកជំងឺម្នាក់ ចូលមកព្យាបាល ត្រូវបានពេទ្យកូនប្រុស ចាក់ថ្នាំឱ្យ ស្រាប់តែអ្នកជំងឺប្រកាច់ស្លាប់ ទើបផ្អើលដល់សមត្ថកិច្ចចុះស្រាវជ្រាវ និង ឈានដល់ការឃាត់ខ្លួនឪពុកកូន ជាគ្រូពេទ្យ ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីគ្រូពេទ្យភូមិ ចាក់ថ្នាំបណ្តាលឱ្យអ្នកជំងឺស្លាប់នេះ បានកើតឡើង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់។

ជនសង្ស័យទាំង២នាក់ឪពុកកូន ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសន សឿន ភេទប្រុស អាយុ ៧១ឆ្នាំ មុខរបរគ្រូពេទ្យភូមិ (ជាឪពុក) និងទី២-ឈ្មោះសឿន វឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរគ្រូពេទ្យភូមិ (ត្រូវជាកូន)។ ឪពុកកូនទាំងពីរ មានលំនៅក្នុងភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់។ ចំណែកអ្នកជំងឺដែលបាត់បង់ជីវិត ដោយស្នាដៃគ្រូពេទ្យភូមិខាងលើ មានឈ្មោះកៅ ថុស ភេទស្រី អាយុ៧៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិតម្រា ឃុំជម្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចស្រុកត្រាំកក់ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានចុះ ស្រាវជ្រាវ និងឃាត់ខ្លួ់នជនសង្ស័យជាគ្រូពេទ្យភូមិ ចំនួន២នាក់ (ឪពុក និងកូន) ក្រោយព្យាបាលជំងឺចាក់ថ្នាំ និង បន្តោកសេរ៉ូម ខុសបច្ចេកទេស បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះកៅ ថុស អាយុ៧៣ឆ្នាំ បានបាត់បង់ជីវិត ក្រោយពី ទទួលការព្យាបាលពីគ្រូពេទ្យខាងលើ។

ប្រភពដដែល បន្តថា ជនសង្ស័យទាំង២នាក់ឪពុកកូនខាងលើ គឺជាគ្រូពេទ្យភូមិ ដែលរៀនជំនាញតពីគ្នា (កូន រៀនតពីឪពុក ដោយមិនបានចូលសាលា) នោះទេ។ លុះពេលព្យាបាលឱ្យអ្នកជំងឺ ក៏ជួបនឹងបញ្ហាបែប នេះតែ ម្តង។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES