Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែបើកម៉ូតូដឹកកូន ឡានបុកស្លាប់ទាំង២នាក់

ម៉ែបើកម៉ូតូដឹកកូន ឡានបុកស្លាប់ទាំង២នាក់

ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ បានបើកម៉ូតូ ១គ្រឿង ដឹកកូនស្រីតូចម្នាក់ ស្រាប់តែត្រូវបុរសម្នាក់ ផឹកស្រាស្រវឹងជោក បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះទាំង២នាក់ម្តាយ និងកូនស្រី បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវអប្សរា ៦០ម៉ែត្រ ពីរង្វង់មូលអប្សរា ទៅរង្វង់មូលព្រៃគុយ ត្រង់ចំណុចខាងកើតមូលដ្ឋានកង រាជអាវុធហត្ថក្រុងសៀមរាប ស្ថិតនៅភូមិអញ្ចាញ សង្គាត់នគរធំ ក្រុងសៀមរាប។ជនរងគ្រោះទាំង២នាក់ម្តាយកូន ដែលត្រូវរថយន្តបុកស្លាប់ ទី១-ស្ត្រីជាម្តាយ មានឈ្មោះចិត្រ សោភា អាយុ១៧ឆ្នាំ មានលំនៅ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងទី២-កូនស្រី ឈ្មោះរ៉ា សុជាតា ភេទស្រី អាយុ ជាង២ខួប។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះអ៊ូ សុផាន់ណារ៉ុង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ បុគ្គលិកអង្គការ មានលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង បង្កម៉ាក Lexus LX-470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-3866 បើកបរដោយឈ្មោះអ៊ូ សុផាន់ណារ៉ុង ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើត ទៅលិច ក្នុងស្ថានភាពស្រវឹង លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូត បុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG-7894 បើកបរដោយស្ត្រី ឈ្មោះ ចិត្រ សោភា និងរួមដំណើរដោយកូនស្រីតូចម្នាក់ យ៉ាងពេញទំហឹង បណ្តាលឱ្យម្តាយកូនអ្នកទាំង២ បាត់បង់ជីវិតនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កហេតុ បានបើករថយន្តគេចខ្លួន តែត្រូវបានសមត្ថកិច្ចតាមចាប់បានទាំង អ្នកបើកបរ និងរថយន្ត។ នៅកន្លែងកើតហេតុ គេឃើញបុរសជាប្តីនិងឪពុករបស់សព បានមកដល់ ទួញយំឱសព ប្រពន្ធនិងកូនស្រី គួរឲ្យសង្វេគ។

 រថយន្តនិងម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចអូសទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រោះទាំង២នាក់ម្តាយកូន ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បីយក ទៅរៀបចំធ្វើ បុណ្យតាមប្រពៃណី៕

RELATED ARTICLES