Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោទព្រះសង្ឃឆបោក លក់វត្ថុបុរាណសំរឹទ្ធក្លែងក្លាយ ផ្អើលមន្ត្រីធម្មការ និងគណៈសង្ឃ ចុះស្រាវជ្រាវបន្ទាន់

 ចោទព្រះសង្ឃឆបោក លក់វត្ថុបុរាណសំរឹទ្ធក្លែងក្លាយ ផ្អើលមន្ត្រីធម្មការ និងគណៈសង្ឃ ចុះស្រាវជ្រាវបន្ទាន់

ខេត្តកំពង់ស្ពឺ ៖ ព្រះចៅអធិការវត្តមួយអង្គ បានទទួលរងការចោទប្រកាន់ថា បានឆបោកពុទ្ធបរិស័ទ ប្រជាពលរដ្ឋ អស់រាប់សែនដុល្លារ តាមរយៈការលក់វត្ថុបុរាណសំរឹទ្ធ រហូតផ្អើលដល់មន្ត្រីធម្មការ និងគណៈសង្ឃ ចុះស្រាវជ្រាវ បន្ទាន់ ជុំវិញករណីនេះ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ព្រះចៅអធិការវត្ត ដែលរងការចោទប្រកាន់ មានព្រះនាម ណយ វណ្ណាត ជាចៅអធិការវត្តរតនមុនីគិរីឧត្តមស្ថិត នៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ។

សូមបញ្ជាក់ថា មុនពេលមន្ត្រីធម្មការ និងគណៈសង្ឃ ចុះស្រាវជ្រាវករណីចៅអធិការវត្តរតនមុនីគិរីឧត្តម ឆបោក លក់វត្ថុបុរាណសំរឹទ្ធក្លែងក្លាយនេះ គឺមានបណ្តាញព័ត៌មានអនឡាញមួយឈ្មោះរាជសីហ៍ឦសាន បានផ្សព្វ ផ្សាយព័ត៌មានថា កន្លងមក ព្រះភិក្ខុ ណយ វណ្ណាត ចៅអធិការវត្តរតនមុនីគិរីឧត្តម បានលួងលោមបោកបញ្ឆោត បុគ្គលមានប្រាក់ និងប្រជាពលរដ្ឋជាច្រើននាក់ ឱ្យជឿលង់ថា ព្រះអង្គមានវត្ថុស័ក្តិសិទ្ធិ មានតម្លៃ គឺវត្ថុបុរាណ សំរឹទ្ធ ដោយសន្យាថា នឹងលក់យកលុយ និងបានបោកយកប្រាក់ពីប្រជាពលរដ្ឋ អស់រាប់ម៉ឺន រាប់សែនដុល្លារ តាមរយៈរូបភាពផ្សេងៗ មានដូចជា បោកថា ព្រះអង្គ មានវត្ថុបុរាណមានតម្លៃ ឱ្យញោមនេះ ញោមនោះ ចាត់ ចែងលក់ តែត្រូវដាក់លុយតម្កល់ ៥០០ដុល្លារ ១ពាន់ដុល្លារ ពេលលក់បាន នឹងបានផលលាភ រហូតដល់១លាន ដុល្លារ តែចុងក្រោយបែរជាបោកប្រាស់ ឆាន់ដាច់លុយដាក់ចូលថង់យាម រហូតដល់ចុងក្រោយ ជនរងគ្រោះដឹង ថា ព្រះអង្គគ្មានវត្ថុបុរាណដូចដែលបានប្រាប់ ក៏ទាមទារឱ្យសងលុយវិញ។

ជុំវិញករណីខាងលើនេះ ក្រសួងធម្មការនិងសាសនា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពី ទទួលបានព័ត៌មានខាងលើ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក សម សោភ័ណ ប្រធានមន្ទីរ ធម្មការនិង សាសនាខេត្តកំពង់ស្ពឺ និងព្រះមេគណខេត្ត ព្រមទាំងព្រះមន្ត្រីសង្ឃ អាជ្ញាធរ អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទ ជាច្រើននាក់ទៀត បាននិមន្តភិក្ខុ ណយ វណ្ណាត គង់នៅវត្តរតនមុនីគិរីឧត្តម ស្ថិតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មកបំភ្លឺ នៅសាលាគណខេត្តកំពង់ស្ពឺ ស្ថិតឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមការបំភ្លឺរបស់ភិក្ខុ ណយ វណ្ណាត និងលោកអាចារ្យ គណៈកម្មការវត្ត និងការស្រាវជ្រាវរបស់មន្ត្រីសង្ឃស្រុក ជាលទ្ធផល សាលាគណខេត្ត បានបញ្ជាក់ថា ការលើកឡើងរបស់សារព័ត៌មានខាងលើ គឺមិនពិតទេ គឺមាន ចេត នាញុះញង់ធ្វើបាបព្រះសង្ឃ និងបង្ខូចកិត្តិយសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។តាមការបញ្ជាក់របស់ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រះអនុគណស្រុក ព្រះមេគណខេត្ត សាមីព្រះចៅអធិ ការ និងអាចារ្យ គណៈកម្មការវត្ត ករណីនេះ ពុំមែនជាព័ត៌មានពិតឡើយ។

ដោយឡែក យោងតាមកំណត់ហេតុកិច្ចប្រជុំ ដែលបានធ្វើកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលា គណខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីវេលាម៉ោង៨ព្រឹក នៅសាលាគណខេត្ត មានកិច្ចប្រជុំសាកសួរដំណើរ រឿងព្រះភិក្ខុ ណយ វណ្ណាត ព្រះចៅអធិការវត្តរតនមុនីគិរីឧត្តម ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានសារ ព័ត៌មានខាងលើផ្សព្វផ្សាយចោទព្រះអង្គ ពីបទឆបោកសេចក្តីទុកចិត្តពុទ្ធបរិស័ទ។

ឆ្លើយតបទៅនឹងសំណួរបស់មន្ត្រីសង្ឃ ដែលបានចោទសួរថា តើមានគេប្តឹងព្រះអង្គដែរឬទេ? តើព្រះអង្គធ្លាប់ មានទំនាក់ទំនងជួញដូរវត្ថុបុរាណឬទេ? ចំពោះវត្ថុបុរាណ ព្រះអង្គធ្លាប់ឱ្យគេជួញដូរដែរទេ? ព្រះភិក្ខុ ណយ វណ្ណាត បានមានថេរដីកាថា មិនមានគេប្តឹងព្រះអង្គនោះទេ ហើយព្រះអង្គ ក៏មិនធ្លាប់មានទំនាក់ទំនងជួញដូរវត្ថុ បុរាណដែរ។ ចំណែកវត្ថុបុរាណនោះ ព្រះអង្គ បានឱ្យគេបាត់ទៅហើយ ហើយជាស្ពាន់ទេ មិនមែនជាសំរឹទ្ធនោះ ឡើយ ដោយបានឱ្យគេ ម្នាក់ នៅភ្នំពេញ យូរហើយ ។ ព្រះអង្គសូមបដិសេធថា មិនបានបង្គាប់បញជាឱ្យ អាចារ្យ លក់ សម្ភារៈ ឬវត្ថុបុរាណ តម្លៃ ១លានដុល្លារនោះទេ។ ព្រះអង្គបដិសេធដាច់ខាត ចំពោះការចោទប្រកាន់ថា ព្រះ អង្គបានឆបោកទឹកចិត្តពុទ្ធបរិស័ទ ពោលគឺមិនមែនជាការពិតទេ ដែលបានចោទព្រះអង្គ បោកលុយពុទ្ធ បរិស័ទ រាប់ម៉ឺនដុល្លារនោះ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកនូ យន មេភូមិកក់ និងជាគណៈកម្មការវត្តរតនមុនីគិរីឧត្តម បានបញ្ជាក់ ប្រាប់ថា ព្រះភិក្ខុ ណយ វណ្ណាត មិនបានធ្វើការបោកប្រាស់ ដូចគេចោទប្រកាន់នោះទេ។ ចំពោះលោកជំទាវ នង កុលាប ដែលគាត់មកវត្តនោះ គឺមកធម្មតាប៉ុណ្ណោះ។ ចំពោះការដឹកនាំរបស់ព្រះអង្គក្នុងវត្ត គឺល្អប្រសើរ ហើយ ព្រះអង្គ ក៏មិនដែលមានទំនាក់ទំនងជាមួយអ្នកណាដែរ ចំពោះការជួញដូរវត្ថុបុរាណសំរឹទ្ធអីនោះ គឺលោកមិន ដែលបានឮទេ។

ចំណែកលោកហែម រ៉ា ជាប្រធានអាចារ្យនៅក្នុងវត្ត បានឱ្យដឹងថា ព្រះអង្គ ណយ វណ្ណាត មានការដឹកនាំបានល្អ ជាងថ្នាក់ដឹកនាំមុនៗផង មានតែការជួយដល់បរិស័ទទីទ័លក្រ ចំពោះលោកជំទាវ គាត់មកវត្តស្រោចទឹកធម្មតា។ ចំពោះបច្ច័យវត្ត ព្រះអង្គជាអ្នកគ្រប់គ្រង ប៉ុន្តែធ្វើការ ចំណាយផ្សេងៗ មានការពិភាក្សាជាមួយអាចារ្យ និងគណៈ កម្មការ បានត្រឹមត្រូវ ទើបចំណាយ។ រីឯការជួញដូរវត្ថុបុរាណ ឬសំរឹទ្ធអីនោះ គឺមិនធ្លាប់ឮទេ។

ដោយឡែកព្រះភិក្ខុ នូ ជិន អនុគណស្រុកភ្នំស្រួច បានសំណូមពរដល់ព្រះភិក្ខុ ណយ វណ្ណាត ប្រើប្រាស់ស្មាត ហ្វូន ដោយប្រុងប្រយ័ត្នបំផុត ហើយសូមកុំឱ្យផ្សព្វផ្សាយថា ព្រះអង្គស្នងបារមី តាមបណ្តាញសង្គម តទៅទៀត។ ចំពោះបញ្ហានេះ មិនមានពាក្យបណ្តឹង ហេតុនេះមិនទាន់យកជាផ្លូវការនៅឡើយ តែសម្រាប់ការទប់ស្កាត់ព្រះអង្គ មិនត្រូវចេញខ្សែវីដេអូ តបតទៅគេទៀតទេ បើឆ្លើយ ត្រូវឱ្យលោកអាចារ្យ គណៈកម្មការ ឆ្លើយជំនួសវិញ ហើយ សូមព្រះអង្គ ត្រូវសហការជាមួយព្រះមេគណ និងលោកប្រធានមន្ទីរធម្មការនិងសាសនា ឱ្យបានជិតស្និទ្ធ៕ ដារិទ្ធ

RELATED ARTICLES