Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីទៅទិញបន្លែលក់ ឡានបុកស្លាប់ចោលប្រពន្ធកូន

ប្តីទៅទិញបន្លែលក់ ឡានបុកស្លាប់ចោលប្រពន្ធកូន

ភ្នំពេញ ៖ បុរសម្នាក់ បានក្រោកតាំងពីវេលាទៀបភ្លឺ ជិះម៉ូតូសំដៅទៅទិញបន្លែនៅផ្សារដើមគ យកមកទុកលក់ ដូរមុខរោងចក្រ ស្រាប់តែត្រូវរថយន្ត ១គ្រឿង បើកបរទាំងស្ថានភាពស្រវឹង និងប្រើប្រាស់ល្បឿនលឿនជ្រុល មកបុកចំពីមុខពេញទំហឹង បណ្តាលឱ្យស្លាប់ចោលប្រពន្ធ និងកូនតូច២នាក់ យ៉ាងអាណោចអាធ័ម។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំ ណុចមុខមន្ទីរសម្រាកព្យាបាលនិងសម្ភព សុភ័ក្ត្រវិសាល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះអែម មករា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរមុខរោងចក្រ មានលំនៅក្នុងបុរីញូថោន២ ភូមិអង្គ សង្កាត់កំបូល ខណ្ឌកំបូល។ បុរសរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IN-1843។ ចំណែករថយន្តបង្កហេតុ ម៉ាក MG 6 ស៊េរី ឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា CH.SOKNY អ្នកបើកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

យោងតាមសម្តីបុរសម្នាក់ ដែលឃើញហេតុការណ៍ បានឱ្យដឹងថា ដំបូងគាត់ឃើញរថយន្តម៉ាក MG.6 បើករេ ពេញផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីខាងកើត មកលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរេមកឆ្វេងដៃ បុកម៉ូតូជនរងគ្រោះដែលកំពុងបើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីខាង លិច មកកើត បញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង អូសម៉ូតូធ្លាក់ទៅប្រឡាយលូទឹកស្អុយ បណ្តាលឱ្យបុរសម្នាក់ បែកក្បាល បាក់ជើងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែករថយន្ត បានបន្តដំណើរចេញពី កន្លែងកើត ហេតុ ទៅដល់បុរីអូដឹម ត្រូវសមត្ថកិច្ចចាប់ឃាត់រថយន្ត និងអ្នកបើកបរក្នុងសភាពស្រវឹងស្រាជោក។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា រាល់ថ្ងៃ នៅវេលាម៉ោង ៤ទៀបភ្លឺ ប្តីរបស់គាត់តែង តែងើបទៅទិញបន្លែនៅមុខផ្សារដើមគ ដើម្បីយកមកលក់មុខរោងចក្រ ស្រាប់តែថ្ងៃនេះ បានមក ជួបគ្រោះ ថ្នាក់ចរាចរណ៍ ស្លាប់ចោលប្រពន្ធ និងកូនពីរនាក់ កូនប្រុស អាយុ៩ឆ្នាំ កូនស្រី អាយុ៣ឆ្នាំ ឱ្យនៅកំព្រាឯកា គ្មានទីពឹងបែបនេះតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែង យកមធ្យោបាយទាំង ២គ្រឿង ទៅរក្សាទុកនៅការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅ ពេលក្រោយ។

ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យប្រពន្ធដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាម ប្រពៃណី៕

RELATED ARTICLES