Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីបើកឡានបុកប្រពន្ធស្លាប់ សមត្ថកិច្ចចាប់ប៉ូលិស វ៉ៃខ្នោះ

ប្តីបើកឡានបុកប្រពន្ធស្លាប់ សមត្ថកិច្ចចាប់ប៉ូលិស វ៉ៃខ្នោះ

ភ្នំពេញ ៖ បុរសជាមន្ត្រីប៉ូលិស ចិត្តកំណាចម្នាក់ មានបានបើករថយន្តបុកប្រពន្ធ បណ្តាលឱ្យស្លាប់យ៉ាងអា ណោចអាធ័ម រួចបើករថយន្តគេចខ្លួនបាត់ស្រមោល ដោយដំបូងឡើយ ត្រូវបានគេសង្ស័យថាគ្រាន់តែជាករណី គ្រោះថ្នាក់ចរាចរណ៍ធម្មតាប៉ុណ្ណោះ ដឹងអីក្រោយពីសមត្ថកិច្ចជំនាញចុះ ស្រាវជ្រាវ ទើបដឹងថាជាអំពើឃាតកម្ម បើកឡានបំបុកសម្លាប់ និងឈានដល់ការតាមចាប់ខ្លួនជនដៃដល់ជាឃាតករ ដែលជាប្តីរបស់ស្ត្រីរងគ្រោះ នាំយកមកចាត់ការតាមច្បាប់។

ករណីឃាតកម្ម ប្តីបើករថយន្តបំបុកសម្លាប់ប្រពន្ធនេះ បានកើតឡីង កាលពីវេលាម៉ោង ៤និង៤២នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុង ចំណុចទល់មុខមណ្ឌលសុខភាពនិរោធ ស្ថិតក្នុងភូមិ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសូត្រ សិទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ មន្ត្រីនគរបាល តួនាទីជានាយរងការិយាល័យភ័ស្តុភារ និងហិរញ្ញវត្ថុ នៃអង្គភាពអន្តរាគមន៍ ស្នាក់ នៅផ្ទះលេខ 15F8 ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មាន ឈ្មោះព្រុំ អ៊ាង ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពពីសមត្ថកិច្ចជំនាញខណ្ឌច្បារអំពៅ បានឱ្យដឹងថា ដោយមានការចង្អុលណែនាំពីលោក ឧត្តមសេ នីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការបញ្ជាដឹកនាំដោយ លោក ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ម សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាបពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន បើករថយន្តបំបុកប្រពន្ធ បណ្តាលឱ្យស្លាប់ នៅចំណុចមុខមណ្ឌលសុខភាពនិរោធ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារ អំពៅ កាលពីវេលាម៉ោង ៤និង៤២នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កាលពីវេលាទៀបភ្លឺ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើត ឡើងនៅចំណុចទល់មុខមណ្ឌលសុខភាពនិរោធ ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយ ស្ត្រីវ័យចំណាស់ម្នាក់ ឱ្យកូនស្រីវ័យ១៥ឆ្នាំ បើកម៉ូតូដឹកចេញពីផ្ទះ ទៅទិញបន្លែ យកមកលក់បន្ត ប៉ុន្តែជាអកុសល ពេលជិះម៉ូតូចេញពីផ្ទះបានបន្តិច ក៏ត្រូវរថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ បុកពីក្រោយ បណ្តាលឱ្យស្ត្រីជាម្តាយ ធ្លាក់ពីលើម៉ូតូបាក់កស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

តាមសម្តីយុវតីឈ្មោះសុធី ចាន់សុធា អាយុ១៥ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះ បានរៀប រាប់ប្រាប់ថា មុនពេលកើតហេតុ រូបនាងបានបើកម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1P-1681 ដឹកម្តាយចេញពីផ្ទះម្តុំ កោះនរា ក្នុងគោលបំណងទៅទិញបន្លែ នៅផ្សារច្បារអំពៅ យកមកលក់បន្ត ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវបេតុងកោះនរា ទិសដៅពីជើង ទៅត្បូង លុះដល់ចំណុច កើតហេតុ ស្រាប់តែរថយន្តម៉ាកហាយឡែនដឺរ ពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរទិសដៅស្របគ្នា បានជ្រុល មកបុកពីក្រោយម៉ូតូរបស់នាង បណ្តាលឱ្យម្តាយរបស់នាងធ្លាក់ពីលើម៉ូតូ សន្លប់ស្តូកស្តឹង មិនដឹងថាស្លាប់ ឬរស់ នោះទេ។ ដោយឡែករូបនាងរងរបួសតិចតួច ភ្លាមៗនោះរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅ បាន មកដឹកយកទៅសង្គ្រោះដែរ តែជាអកុសល ត្រូវក្រុមគ្រូពេទ្យបានប្រាប់ថា ម្តាយរបស់នាងបានស្លាប់បាត់ទៅ ហើយ ដោយសារធ្លាក់ពីលើម៉ូតូ បាក់ក។ ដោយឡែកខាងរថយន្ត ក្រោយពេលបង្កគ្រោះថ្នាក់រួច បានបើករត់គេច បាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះទៅពិនិត្យកន្លែងកើត ហេតុ ស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព រហូតឈានដល់ការកំណត់មុខសញ្ញាបានថា តាមពិតករណីនេះ មិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍ធម្មតានោះទេ តែជាអំពើឃាតកម្ម បើករថយន្តបំបុកសម្លាប់។

បន្ទាប់ពីសមត្ថកិច្ចជំនាញ សហការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក ក៏កំណត់បានថា មុខសញ្ញាជនដៃដល់ គឺត្រូវជាប្តីរបស់ស្ត្រីរងគ្រោះតែម្តង រួចក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះសូត្រ សិទ្ធី ជាមន្ត្រីនគរបាល តួនាទីជានាយរងការិយាល័យភ័ស្តុភារ និងហិរញ្ញវត្ថុ នៃអង្គភាពអន្តរាគមន៍ នាំយកមកធ្វើការសាកសួរ ព្រមទាំង ដកហូតបានរថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ស គ្មានស្លាកលេខ។

យ៉ាងណា ជុំវិញករណីបើករថយន្តបំបុកសម្លាប់ប្រពន្ធខ្លួនឯងនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ឱ្យដឹងពី មូលហេតុពិតប្រាកដនៅឡើយ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES