Saturday, July 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមច្រូតស្មៅក្រោយផ្ទះ រន្ទះបាញ់ ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់

ច្រូតស្មៅក្រោយផ្ទះ រន្ទះបាញ់ ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់

ខេត្តស្វាយរៀង ៖ ប្តីប្រពន្ធពីរនាក់ កំពុងច្រូតស្មៅគោ នៅវាលស្រែខាងក្រោយផ្ទះសុខៗ ស្រាប់តែមានភ្លៀងធ្លាក់ រួចត្រូវរន្ទះបាញ់ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ភ្លាមៗដែរ តែអកុសល ស្ត្រីជាប្រពន្ធ មានសភាពធ្ងន់ខ្លាំងពេក ទើបបាត់បង់ជីវិត ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ចំណែកបុរសជាប្តី កំពុងសង្គ្រោះបន្ទាន់។

ហេតុការណ៍បាតុភូតធម្មជាតិ រន្ទះបាញ់នេះ បានកើតឡើង កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចវាលស្រែខាងក្រោយផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិទួលសាលា ឃុំជ្រុងពពេល ស្រុក រំដួល។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បុរសជាប្តី មានឈ្មោះពៀម រ៉ា អាយុ៣២ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះជូ សុវណ្ណដារ៉ា អាយុ៣៥ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំង២នាក់ មានលំនៅ ភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល។

តាមប្រភពពីសមត្ថកិច្ចស្រុករំដួល បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធរងគ្រោះទាំងពីរនាក់ ខាងលើ បាននាំគ្នាទៅច្រូតស្មៅគោ នៅឯវាលស្រែ ខាងក្រោយផ្ទះរបស់ខ្លួនស្រាប់តែបន្តិចក្រោយមកមាន ភ្លៀងធ្លាក់ និងផ្លេកបន្ទោរ រួចក៏មានរន្ទះបាញ់ បណ្តាលឱ្យត្រូវប្តីប្រពន្ធទាំងពីរ របួសធ្ងន់ទាំង២នាក់ និងផ្អើល អស់អ្នកភូមិ មកជួយអន្តរាគមន៍ ចាត់បញ្ជូនជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀង ភ្លាមៗ។

ប្រភពដដែល បន្តថា ក្រោយពីបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅដល់មន្ទីរពេទ្យ ដោយសារតែស្ថានភាព របួសរបស់ស្ត្រីរងគ្រោះជាប្រពន្ធ មានសភាពធ្ងន់ខ្លាំងពេក ទើបគ្រូពេទ្យមិនអាចសង្គ្រោះបាន ដោយស្ត្រីរងគ្រោះ បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ ចំណែកជនរងគ្រោះជាប្តី កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ។សពស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ពាក់ព័ន្ធនឹងករណីបាតុភូតគ្រោះធម្មជាតិនេះ អាជ្ញាធរស្រុករំដួល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលដែលមានភ្លៀងខ្យល់កន្ត្រាក់ ផ្គររន្ទះ ត្រូវទៅរកទីទួលដែលមាន សុវត្ថិភាព ដើម្បីការពារកុំឱ្យគ្រោះថ្នាក់ជាយថាហេតុ៕

RELATED ARTICLES