Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ពលរដ្ឋគាំទ្រ វិធានការបង្ក្រាបក្មេងទំនើង ដើរលេង យប់

 ពលរដ្ឋគាំទ្រ វិធានការបង្ក្រាបក្មេងទំនើង ដើរលេង យប់

ខេត្តកំពត ៖ ក្រោយពីលោកស្នងការនគរបាលខេត្តកំពត់ បានដាក់ចេញវិធានការក្តៅ បង្ក្រាបទប់ស្កាត់ និងប្រមូលក្មេងទំនើងមកអប់រំ ដោយចាប់អនុវត្តទាំងពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងមក ឃើញថា ស្ថានភាពក្រុមក្មេងដើរលេងយប់ជ្រៅ និងក្មេងទំនើង ហាក់មានសភាព ស្ងប់ស្ងាត់ជាងមុន តទៅសមត្ថ កិច្ចខេត្តកំពត នឹងរឹតបន្តឹងវិធានការនេះនៅពេលថ្ងៃបន្ថែមទៀត។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីវិធាន ការបង្ក្រាប ទប់ស្កាត់និងប្រមូលក្មេងទំនើងដើរលេងមិននៅផ្ទះ មកអប់រំនៅអធិការដ្ឋានក្រុង-ស្រុក ត្រូវបាន ផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៧ ខែកញ្ញា មក លោកសង្កេតឃើញថា សកម្មភាពក្រុមក្មេង ប្រមូល ផ្តុំគ្នានាពេលយប់ ទាំងប្រាំបួនក្រុង ស្រុកមានការកាត់បន្ថយច្រើន ពិសេសក្នុងក្រុងកំពត បានស្ងប់ស្ងាត់ល្អ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្តជាធម្មតា ដោយមិនមានការបារម្ភ។

លោកស្នងការ បានបន្តថា ជាទូទៅកម្លាំងនគរបាលបានចុះល្បាត ២៤ម៉ោងលើ២៤ម៉ោង ដោយផ្លាស់ប្តូរវេន គ្នាទាំងថ្ងៃទាំងយប់ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ សម្រាប់ការងារបង្ក្រាបទប់ស្កាត់ និងប្រមូលក្មេងទំនើង ពេលយប់មកអប់រំ ប្រព្រឹត្តទៅយ៉ាងសកម្ម ហើយលោក នឹងបន្តរឹតបន្តឹងវិធានការនេះ នៅពេលថ្ងៃបន្ថែមទៀត។

ជុំវិញវិធានការរបស់សមត្ថកិច្ចខាងលើនេះ ក្រុមអាជីវករលក់ដូរនៅសួនច្បារមាត់ព្រែកកំពង់បាយ ក្រុងកំពត បានសម្តែងនូវការគាំទ្រ និងសាទរយ៉ាងខ្លាំង ដោយលើកឡើងថា ចាប់តាំងពីលោកស្នងការ ដាក់ចេញបទ បញ្ផាបង្ក្រាប ទប់ស្កាត់ និងប្រមូលក្មេងទំនើង មួយរយៈចុងក្រោយនេះ ក្រុងកំពត ហាក់លែងសូវមានក្រុម ក្មេងៗដើរលេងយប់ជ្រៅ ឬក្រុមក្មេងទំនើងស្រែកឡូឡា ដេញវាយគ្នាប្រសេចប្រសាចទៀតហើយ។ ពីមុន ទីតាំងប្រមូលផ្តុំក្មេងៗនៅរមណីយដ្ឋានស្រះឈូក និងតំបន់សួនច្បារមាត់ព្រែក មានសកម្មភាពពពាក់ ពពូនបំផុត។

ក្រុមអាជីវករលក់ដូរ បានអំពាវនាវថា ភ្ញៀវទេសចរដែលចង់មកកម្សាន្តក្នុងខេត្តកំពត សូមកុំព្រួយបារម្ភពេល ឃើញភាពស្ងប់ស្ងាត់ដូចប៉ុន្មានថ្ងៃនេះ ព្រោះខែវស្សា ពិតជាមិនសូវមានភ្ញៀវច្រើនមែន ពោលគឺមិនពាក់ព័ន្ធនឹង ការរឹតបន្តឹងវិធានការរបស់សមត្ថកិច្ចឡើយ៕

RELATED ARTICLES