Saturday, July 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លើងឆេះសណ្ឋាគារជាន់ទី៨ ផ្អើលភ្ញៀវរត់ជាន់ជើងគ្នា

 ភ្លើងឆេះសណ្ឋាគារជាន់ទី៨ ផ្អើលភ្ញៀវរត់ជាន់ជើងគ្នា

ខេត្តបន្ទាយមានជ័យ ៖ សណ្ឋាគារមួយកន្លែង ដែលជួលឱ្យជនជាតិចិន ស្នាក់នៅ ត្រូវបានអគ្គិភ័យឆាបឆេះជាន់​ទី៨ បណ្តាលរងការខូចខាតអស់ស្ទើរទាំងស្រុង ចំណែកជនជាតិចិន ដែលស្នាក់នៅ បាននាំគ្នារត់ជាន់ជើងគ្នា​ចុះមកក្រោមទាន់ពេល សំណាងល្អមិនបង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចសណ្ឋា​គារ​មីងឌូ  មានទីតាំង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពពីម្ចាស់សណ្ឋាគារមីងឌូ បានរៀបរាប់ប្រាប់ថា សណ្ឋាគារនេះ មានកម្ពស់ ៨ជាន់ (គិតទាំងជាន់ផ្ទាល់ដី) ហើយជាន់ដែលអគ្គិភ័យឆាបឆេះនេះ គឺជាន់ទី៨ ជាកន្លែងដាក់សម្ភារៈ មានដូចជាគ្រែ និងសម្ភារផ្សេងៗជាច្រើន ដោយបើកភ្លើងចោល ទាំងយប់ទាំងថ្ងៃ សម្រាប់ឱ្យសន្តិសុខមើលថែ។ ស្រាប់តែពេលនេះ មានអគ្គិភ័យឆាបឆេះ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ជូនអភិបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងសមត្ថកិច្ចគ្រប់​ស្ថា​ប័ន​បានជួយធ្វើអន្តរាគមន៍ និងកម្លាំងសមត្ថកិច្ចខាងរថយន្តពន្លត់អគ្គិភ័យនាំគ្នាទាញទុយយោ ឡើងទៅបាញ់ទឹក​ផង ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ផង តែជាន់ដែលរងការឆាបឆេះនោះ ត្រូវរងការខូចខាត​អស់ទាំង​ស្រុង។

ម្ចាស់សណ្ឋាគារ បានបញ្ជាក់ថា សណ្ឋាគាររបស់គាត់ (សណ្ឋាគារមីងឌូ) ត្រូវបានជួលឱ្យទៅជនជាតិចិន ស្នាក់​នៅ ហើយពេលកើតមានហេតុការណ៍អគ្គិភ័យឆាបឆេះឡើង នៅជាន់ខាងលើបែបនេះ អ្នកស្នាក់នៅ​ទាំងនោះ បាននាំគ្នារត់ចុះមកខាងក្រោមទាន់ពេល ទើបមិនបង្កឱ្យ មានគ្រោះថ្នាក់កើតឡើងឡើយ តែបណ្តាល​ឱ្យរង​ការ​ខូចខាតជាន់ផ្នែកខាងលើ មាន គ្រែដេកចំនួន២០គ្រែ និងសម្ភារមួយចំនួនទៀត បានរងការខូចខាត​អស់​ទាំង​ស្រុង​។

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា អគ្គិភ័យឆេះសណ្ឋាគារមីងឌូ កណ្តាលក្រុងប៉ោយ​ប៉ែត នេះ គឺអាចផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី។ ចំពោះការខូចខាត គឺភ្លើងបានឆេះបំផ្លាញអស់ទាំងស្រុង នៅជាន់ទី៨។

ប្រភពដដែលបញ្ផាក់ថា នៅពេលកើតហេតុការណ៍អគ្គិភ័យឆាបឆេះភ្លាម  កម្លាំងអន្តរាគមន៍ រួមមាននគរបាល កងរាជអាវុធហត្ថ យោធា នគរបាលការពារព្រំដែន បានចុះអន្តរាគមន៍ភ្លាមៗ ដោយបញ្ផូនរថយន្តពន្លត់អគ្គិភ័យ​ចំនួន៦គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត ក្រុមហ៊ុនកាស៊ីណូ និងស្នងការដ្ឋាននគរបាលខេត្ត បានបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ៦រថយន្ត ទើបអាចគ្រប់គ្រង​ស្ថានការណ៍បានទាំងស្រុង (ភ្លើងរលត់ទៅវិញអស់) នៅវេលាម៉ោង១០យប់ថ្ងៃដដែល ៕

RELATED ARTICLES