ភ្នំពេញ ៖ បុរសម្នាក់ បានប្រើល្បិចឆបោកយកប្រាក់ពីស្ត្រីម្នាក់ ចំនួន២លានរៀល ដោយប្រាប់ថាខ្លួនអាចមាន លទ្ធភាពរត់ការដោះលែងកូនប្រុសរបស់ស្ត្រីរងគ្រោះ ដែលត្រូវបានកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន លុះក្រោយពីស្ត្រីរងគ្រោះផ្ញើប្រាក់ឱ្យជនសង្ស័យជាបន្តបន្ទាប់ អស់ចំនួន ២លានរៀល បែរជាមិនឃើញដោះលែងកូនប្រុស ចំណែកជនសង្ស័យបានបិទទូរស័ព្ទ ទាក់ទងមិនបានទៀត ទើបសម្រេចដាក់ពាក្យបណ្តឹង និងឈានដល់ការឃាត់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។ជន សង្ស័យឆបោក ដែលត្រូវកម្លាំងអាវុហត្ថធ្វើការឃាត់ខ្លួន មានឈ្មោះអ៊ិន វុទ្ធី អាយុ៥៣ឆ្នាំ។

តាមការរៀបរាប់របស់ជនរងគ្រោះ បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខ្លួន និងកូនស្រី បានជួប នឹងជនសង្ស័យ នៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយរូបគេបានដើរមកប្រាប់ថា គេជា អ្នករត់ការដោះលែងអ្នកទោសជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ បន្ទាប់មកខ្លួនក៏ពឹងពាក់ជនសង្ស័យនោះឱ្យជួយដោះស្រាយរឿងកូនប្រុសខ្លួនម្នាក់ ដែលត្រូវសមត្ថកិច្ចការិយា ល័យប្រឆាំងគ្រឿញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដោយ ជនសង្ស័យបានសួរខ្លួនថា មានលទ្ធភាពប៉ុន្មាន សម្រាប់ធ្វើការដោះស្រាយជាមួយសមត្ថកិច្ច? បន្ទាប់មកខ្លួនបានប្រគល់លុយឱ្យទៅជនសង្ស័យចំនួន ៦០ម៉ឺនរៀលសិន និងក្រោយមកក៏ធ្វើការផ្ញើលុយ ចំនួន ១លាន ៤សែនរៀល និងផ្ញើជាបន្តបន្ទាប់ទៀត តាមរយៈលេខរបស់ជនសង្ស័យ ដោយជនសង្ស័យសន្យាថា នឹងជួយដោះស្រាយជាមួយតុលាការ ដើម្បីជួយឱ្យកូនខ្លួនរួចទោសចេញមកវិញ។ បន្ទាប់ពីទទួលបានលុយរួចហើយ ជនសង្ស័យបានបិទទូរស័ព្ទ មិនអាចទំនាក់ទំនងបាន ទើបខ្លួនដឹងថា បាន ចាញ់បោកជនសង្ស័យ។

ជនរងគ្រោះ បន្តថា រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ខ្លួនរួមជាមួយសាច់ញាតិ ក៏បានប្តឹងទៅកាន់កង រាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ហើយបានធ្វើការណាត់ជួបជាមួយ ជនសង្ស័យ តាមរយៈបណ្តាញសង្គមតេឡេក្រាមដោយ ឱ្យមកជួបគ្នានៅត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ហើយជន សង្ស័យបានមកតាមការណាត់ជួប ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌចម្ការមន ឃាត់ខ្លួនជនសង្ស័យយកមក អនុវត្តតាមនីតិវិធីតែម្តង។
នៅចំពោះមុខកម្លាំងជំនាញ ជនសង្ស័យឈ្មោះអ៊ិន វុទ្ធី បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូច ការរៀបរាប់របស់ជនរងគ្រោះប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕