Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្សែភ្លើងឆក់កម្មករស្លាប់ មេការដឹកសពចេញស្ងាត់ៗ

ខ្សែភ្លើងឆក់កម្មករស្លាប់ មេការដឹកសពចេញស្ងាត់ៗ

ខេត្តបន្ទាយមានជ័យ ៖ លោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត បានឱ្យដឹង កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ថា ចំពោះករណីសពកម្មករសំណង់ម្នាក់ ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ ហើយត្រូវបានដឹកចេញពីការ ដ្ឋានសំណង់ស្ងាត់ៗ ដោយគ្មានសមត្ថកិច្ចធ្វើកំណត់ហេតុ ឬការធ្វើកោសល្យវិច័យនោះ ខាងកម្លាំងនគរបាល ក្រុង បានសហការជាមួយមន្ត្រីជំនាញ កំពុងតែចុះស្រាវជ្រាវ។

តាមការសាកសួរកម្មករសំណង់ម្នាក់ ឈ្មោះហ៊ុក សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ ដែលធ្វើការជាមួយជនរង គ្រោះ បានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់នោះ មានឈ្មោះស្រឿន គង់ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងមាលា ខេត្តសៀមរាប និងបានមកធ្វើការសំណង់ជាមួយខ្លួន នៅការដ្ឋានទីតាំង កើតហេតុខាងលើ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

បុរសដដែល បញ្ជាក់ថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះបានយកដែកទៅ កាត់ រួចបន្តយកទៅពត់កង ដើម្បីចងសសរធ្នឹម ស្រាប់តែត្រូវខ្សែភ្លើងឆក់ដាច់ផ្ងារតែម្តង។ ឃើញដូច្នេះ ពួកខ្លួន បាននាំគ្នាលើកយកមកកប់ក្នុងខ្សាច់ រួចបញ្ជូនទៅពេទ្យឯកជនមួយកន្លែង តែអកុសលជនរងគ្រោះបានស្លាប់ ទៅហើយ។ ក្រោយពីស្លាប់ មេការសំណង់ បានដឹកសពយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ដោយមិនបាន ឱ្យមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធ ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសពនោះទេ។

តាមប្រភពព័ត៌មាន បានអះអាងថា ក្រោយកើតហេតុនោះ មេការសំណង់ បានជួយឧបត្ថម្ភប្រាក់ឱ្យទៅសាច់ ញាតិជនរង គ្រោះ ចំនួន ៣លានរៀល។ ចំណែកសាច់ញាតិជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅនគរបាលក្រុងប៉ោយប៉ែត ផងដែរ ដើម្បីឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវ ឱ្យបានច្បាស់លាស់៕

RELATED ARTICLES