Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតារាសម្តែង ដូរចិត្តលែងយកប្តីចោរ ប្រកាសយកបង ប៉ូលិសចាប់ចោរវិញ

តារាសម្តែង ដូរចិត្តលែងយកប្តីចោរ ប្រកាសយកបង ប៉ូលិសចាប់ចោរវិញ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ជាតារាសម្តែង ដែលថ្ងៃមុនបានប្រកាសឱ្យចោរឆក់ទូរស័ព្ទនាង  យកទូរស័ព្ទមក ឱ្យនាងវិញ នាងអាចនឹងយកធ្វើសង្សារ ឬប្តីនោះ ឥឡូវបន្ទាប់ពីចោរឆក់នោះ មិនយកទូរស័ព្ទឱ្យនាងវិញហើយ ត្រូវបានចាប់ខ្លួនមក នាងបានប្តូរចិត្ត លែងទទួលយកបងចោរជាសង្សារឬប្តី ដោយប្រកាសយកបងប៉ូលិស ដែលចាប់ចោរបាន ធ្វើសង្សារ ឬប្តីវិញម្តង បើបងប៉ូលិសនៅលីវ។

តារាសម្តែងស្រីរូបស្រស់ ឈ្មោះលី ស្រីមុំ បានប្រាប់នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ថា “ពីដំបូង ខ្ញុំថា បើសិនជាបងចោរ ព្រមយកទូរស័ព្ទមកឱ្យខ្ញុំ ដោយខ្លួនឯង ខ្ញុំនឹងព្រមយកគាត់ធ្វើសង្សារ ឬក៏មាននិស្ស័យ អាចនឹងយកគាត់ធ្វើប្តី ហើយបើសិនគាត់យកទូរស័ព្ទមកឱ្យខ្ញុំ ខ្ញុំថែមទាំងជូនសគុណឱ្យគាត់ ២០០ដុល្លារទៀត។ ប៉ុន្តែឥឡូវហ្នឹងគាត់អត់បានយកទូរស័ព្ទមកឱ្យខ្ញុំខ្លួនឯងទេ ប៉ុន្តែបងសមត្ថកិច្ច គាត់អ្នកស្រាវជ្រាវ ហើយចុះ ទៅចាប់ចោរហ្នឹងបាន អ៊ីចឹងគឺមានតែខ្ញុំយកបងប៉ូលិស ធ្វើប្តីវិញ។ ឥឡូវសំខាន់ខ្ញុំសុំទាក់ទងលក្ខណៈស្រលាញ់គ្នាជាសង្សារសិន ហើយបើសិនជាមាននិស្ស័យហើយ យើងយល់ ចិត្តគ្នា យើងនឹងអាចយកគ្នាធ្វើជាប្តីប្រពន្ធបាន…”។

តារាសម្តែង លី ស្រីមុំ បានបន្តថា “ពេលដំបូង ចោរឆក់ទូរស័ព្ទខ្ញុំភ្លាម ខ្ញុំភ័យ ខ្ញុំគាំង បានត្រឹមឈរ មើលចោរជិះ ម៉ូតូយកទូរស័ព្ទខ្ញុំទៅ ដល់មួយសន្ទុះ ទើបខ្ញុំស្រែក ហើយកាលហ្នឹង ខ្ញុំនិយាយពិត ត្រង់មែន បើសិនជាបងចោរ គាត់យកទូរស័ព្ទមកឱ្យខ្ញុំ ខ្លួនឯងផ្ទាល់មែន ខ្ញុំនឹងជូនសគុណគាត់ ២០០ដុល្លារ ហើយខ្ញុំអាចយកគាត់ធ្វើជាសង្សារ ឬក៏ប្តីមែន ហើយបើសិនជាគាត់ប្រថុយមួយក្តារ ហ៊ានយកទូរស័ព្ទមកឱ្យខ្ញុំមែន ខ្ញុំយកគាត់ជាប្តី គាត់បានខ្ញុំធ្វើ ជាប្រពន្ធហើយ បានលុយ ២០០ដុល្លារទៀត តែសំខាន់ឥឡូវហ្នឹង គាត់អត់បានយកទូរស័ព្ទមកឱ្យខ្ញុំ តាមសន្យា ដូចមាត់ខ្ញុំនិយាយ ឥឡូវបងសមត្ថកិច្ច ចាប់ចូលគុកហើយ លុយក៏មិនបានហើយ គាត់អត់បានខ្ញុំធ្វើប្រពន្ធទៀត។ និយាយរួមទៅ អត់បានខ្ញុំធ្វើប្រពន្ធហើយ អត់បានលុយ ២០០ដុល្លារហើយ ជាប់ទាំងគុកទៀត។ ខ្ញុំឆ្ងល់ថា ហេតុអី បានជាបងចោរ ពេលហ្នឹងមិនជឿខ្ញុំ? ខ្ញុំនិយាយការពិត គិតថាខ្ញុំកុហកគាត់ គិតថាខ្ញុំប្រើល្បិចដើម្បីឱ្យយកទូរស័ព្ទ មកឱ្យខ្ញុំវិញ តែពេលហ្នឹង ខ្ញុំនិយាយពិតមែន បើសិនគាត់យកមកឱ្យខ្ញុំមែន ខ្ញុំយកគាត់ធ្វើសង្សារមែន…”។

ស្រីស្អាត លី ស្រីមុំ បានបន្តថា “មកដល់ពេលនេះ បងៗសមត្ថកិច្ច គាត់អត់ទាន់ទាក់ទងមកខ្ញុំទេ ខ្ញុំអត់ទាន់ដឹងដំ ណឹងទេ ហើយប្រហែលជាគាត់ទើបនឹងចាប់ចោរបាន អ៊ីចឹងប្រហែលកំពុងតែធ្វើសំណុំរឿង បានគាត់អត់ទាន់ មានពេលខលមកខ្ញុំទេ អ៊ីចឹងបានខ្ញុំអត់ទាន់ហ៊ានខលទៅ សួរ ខ្លាចរំខានការងារពួកគាត់ ហើយខ្ញុំទើបបានព័ត៌ មានយប់មិញដែរ មិត្តភក្តិអ្នកសិល្បៈ ផ្ញើព័ត៌មានឱ្យខ្ញុំ តាមឆាត និងសួរនាំថា បានទូរស័ព្ទវិញនៅ? ឃើញគេចាប់ ចោរបានហើយ។ យ៉ាងណា ពេលនេះខ្ញុំក៏សូមអរគុណដល់បងៗសមត្ថកិច្ចដែលស្រាវជ្រាវ ចាប់បានចោរ ដែល ឆក់ទូរស័ព្ទខ្ញុំ ខ្ញុំអរគុណមែនទែន ដែលគាត់ខំធ្វើការងារ ស្វះស្វែង ដុតដៃដុតជើង ខំបម្រើប្រជាពលរដ្ឋ ឱ្យប្រជា ពលរដ្ឋមានភាពកក់ក្តៅ…”។

តារាសម្តែងរូបស្រស់ បានបន្តថា “ខ្ញុំអត់ទាន់មានសង្សារ អត់ទាន់មានប្តីទេ ហើយខ្ញុំជាកូន កំព្រា ឪពុកម្តាយ ស្លាប់ចោលអស់ហើយ តាំងពីតូចដល់ធំ ខ្ញុំអត់ដែលមានភាពកក់ក្តៅទេ ពិសេសរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺជីវិតធ្លាក់ដល់សូន្យតែម្តង ជួបទុក្ខផ្ទួនៗ អស់ពីម្តាយស្លាប់ ឪពុកស្លាប់ ខ្លួនក៏មានគ្រោះថ្នាក់បាក់ជើង បងប្រុស ក៏ឈឺ រហូតដល់ពេលនេះ ត្រូវចោរឆក់ទាំងទូរស័ព្ទបាត់ទៀត។ ដោយសារតែជួបរឿងលំបាកច្រើនពេក ទើប ពេលខ្លះ ធ្វើឱ្យនាងខ្ញុំធ្លាប់គិតខ្លី ចង់បញ្ចប់ជីវិតម្តងៗដែរ ពេលខ្លះខ្ញុំបាក់ទឹកចិត្ត និងអស់សង្ឃឹមខ្លាំងណាស់»។

នារីដដែល បានបញ្ជាក់ថា “ខ្ញុំជាតារាសម្តែង ចូលសិល្បៈ ១០ឆ្នាំហើយ ថត MV ថតស្ពត ថតរឿងអី ១០ឆ្នាំហើយ អត់ល្បី ដល់ពេលបាត់ទូរស័ព្ទមួយ ផ្ទុះល្បីបណ្តោយ។ យ៉ាងណា ពេលនេះ ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផលិតកម្ម ម្ចាស់ក្រុមហ៊ុន ម្ចាស់ផលិតផល ដែលមានចិត្ត សប្បុរស មេត្តាជួយផ្តល់ការងារឱ្យនាងខ្ញុំបានថត សម្តែង ដើម្បី ឱ្យនាងខ្ញុំមានលទ្ធភាពរកប្រាក់ដោះស្រាយជីវភាព ពិសេសរកប្រាក់មកដោះដែកចេញពីជើងរបស់នាងខ្ញុំ ដែល បាក់កន្លងមក (មិនទាន់ដោះដែកចេញនៅឡើយ)…”។

គួរបញ្ជាក់ថា ជនសង្ស័យដែលឆក់ទូរស័ព្ទស្រីស្អាតជាតារាសម្តែងខាងលើ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ នៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន ជនសង្ស័យបានម្នាក់ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មាន លេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ខណៈបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចាន់ សុខពៅ ហៅពៅម៉ាប់ ភេទប្រុស មុខរបរ មិន ពិតប្រាកដ មានលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារ ធាតុញៀន)។ រីឯវត្ថុតាងចាប់យក រួមមាន ស្លាកលេខម៉ូតូ ១សន្លឹក (ភ្នំពេញ 1KG-3260) មួកសុវត្ថិភាព ពណ៌ស ម៉ាក SPC ចំនួន១ ទូរស័ព្ទដៃ ម៉ាក Huawei ពណ៌ខៀវ ខោខូវប៊យជើងខ្លី ត្រឹមជង្គង់ ម៉ាក FUBU JEANS កូនកាំ បិតស្នៀតរុញ ម៉ាក Deli 2057 ក្រដាសអាលុយមីញ៉ូម ចំនួន០១ដុំ និងទុយោ មួយចំនួន (សម្រាប់ជក់ថ្នាំញៀន)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយកើតមានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាល ខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង ចុះធ្វើ ការស្រាវជ្រាវជាបន្ទាន់ រហូតកំណត់បានមុខសញ្ញា ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់  នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិចោមចៅ សង្កាត់ចោម ចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបក្ខពួកផ្សេងទៀត បានរត់គេចខ្លួនបាត់។

ជនសង្ស័យខាងលើ (ជាមុខសញ្ញាលួចឆក់ ធ្លាប់ជាប់គុក ច្រើនដងមកហើយ) ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការ បន្តតាមនីតិវីធី។

គួររំលឹកថា កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទមួយ បាន កើតឡើងនៅត្រង់ចំណុច ផ្លូវលេខ៣១០ កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ដោយ នារីរូបស្រស់ ជាតួសម្តែងភាពយន្ត ឈ្មោះ លី ស្រីមុំ  ខណៈកំពុងដើរតាមផ្លូវសុខៗ ស្រាប់តែត្រូវជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង មកអែបក្បែរ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទយកទៅបាត់។ ក្រោយកើតហេតុ នារីរង គ្រោះ បានផ្តាំទៅចោរឆក់នោះថា បើយកទូរស័ព្ទមកឱ្យនាងវិញ នាងនឹងមិនប្តឹងចាប់ទេ ហើយនឹងជូនសគុណ ២០០ដុល្លារ និងព្រមអាចយកធ្វើជាសង្សារ ឬជាប្តីទៀតផង ប្រសិនបើត្រូវចិត្ត៕

RELATED ARTICLES