ខេត្តកោះកុង ៖ គូស្នេហ៍វ័យក្មេងមួយគូ បានភ្ជាប់ពាក្យរួច ក្លាយជាគូដណ្តឹង ជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តធុនធំ១គ្រឿង បើកបុកនិងកិន បណ្តាលឱ្យខ្ទេចខ្លួន ស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៧-១៤៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។

គូដណ្តឹងវ័យក្មេងដែលត្រូវរថយន្តកិនស្លាប់ទាំង២នាក់ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹង ថា ខាងប្រុស មានឈ្មោះ រ៉ា។ ចំណែកខាងស្រី មានឈ្មោះស៊ីថា មុខរបរជាងអ៊ុតសក់ មានលំនៅក្នុងខេត្តព្រះសី ហនុ។

តាមប្រភពពីអ្នកស្គាល់ជនរងគ្រោះទាំង២នាក់ខាងលើ បានឱ្យដឹងថា គូស្នេហ៍ទាំង២ បានរៀបចំពិធីភ្ជាប់ពាក្យ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ហើយមានគម្រោងចូលរោងការក្នុងពេលឆាប់ៗខាងមុននេះ បែរជាមកជួប គ្រោះអកុសល ត្រូវបាត់បង់ជីវិតនៅកណ្តាលផ្លូវទាំង២នាក់បែបនេះទៅវិញ ធ្វើឱ្យក្រុមគ្រួសារ សាច់ញាតិទាំង សងខាង តក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកស្រែអំបិល បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៣៥នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ធុនធំ និងម៉ូតូ បណ្តាលឱ្យភាគីម៉ូតូ ចំនួន២នាក់ (ប្រុស១ ស្រី១) ស្លាប់នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤៧-១៤៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។

របាយការណ៍ដដែល បន្តថា ភាគីរថយន្ត ជាប្រភេទរថយន្តសណ្តោងធុនធំ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-9288។ ចំណែកភាគីម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1Q-6032។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យភាគីម៉ូតូ ជិះគ្នា២នាក់ (ប្រុស១ ស្រី១) បានស្លាប់នៅនឹង កន្លែង។ រីឯអ្នកបើកបររថយន្តបង្កហេតុ បានចុះរត់គេចខ្លួនបាត់ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី នៅពេលក្រោយ។ ចំណែកសពជនរង គ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


