ភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញដេកសន្លប់ស្តូកស្តឹងនៅក្បែរផ្លូវរថភ្លើង មួយកន្លែង ដោយមានស្ថានភាពរងរបួសបែកក្បាល និងបាក់ជើង តែពុំទាន់ដឹងច្បាស់ថា រងរបួសដោយសារ រថភ្លើងបុក ឬត្រូវគេវាយ រួចដឹកយកមកទម្លាក់ចោល នោះទេ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្បែរផ្លូវរថភ្លើង ខ្សែភ្នំពេញ-កំពត ត្រង់ចំណុចភូមិស្រែក្នុង ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល។តាមប្រភពពីអ្នកភូមិនៅកន្លែងកើតហេតុ បានឱ្យដឹងថា បុរសរងគ្រោះម្នាក់នោះ មានអាយុប្រមាណជាង៣០ឆ្នាំ សម្បុរខ្មៅ ស្លៀកខោជើងវែងពណ៌ស្លែ ពាក់អាវពណ៌ផ្កាប្រផេះ ដៃវែង ពីខាងក្នុង និងអាវយឺតពណ៌ប្រផេះ ពីខាង ក្រៅ ១ជាន់ទៀត ហើយពួកគាត់ដែលជាអ្នកភូមិ ពុំធ្លាប់ឃើញនិងស្គាល់បុរសនេះពីមុនមកទេ។

អ្នកភូមិ បានឱ្យដឹងបន្តថា មុនពេលភ្ញាក់ផ្អើល គឺមានអ្នកភូមិម្នាក់ ធ្វើដំណើរទៅចម្ការ លុះពេលទៅដល់ត្រង់ ចំណុចខាងលើ ស្រាប់តែប្រទះឃើញបុរសរងគ្រោះដេកសន្លប់ក្នុងស្ថានភាពមានរបួសស្នាមបែកក្បាល និង បាក់ជើង ទើបអ្នកភូមិស្រែកហៅអ្នកផ្សេងទៀតឱ្យទៅជួយមើល បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។ ភ្លាមៗនោះ ពុំមាននរណាម្នាក់ហ៊ានទៅប៉ះពាល់ជនរងគ្រោះឡើយ បានត្រឹមតែនាំគ្នាឈរមើលតែប៉ុណ្ណោះ ហើយក៏ពុំបានដឹងថា តើបុរសនេះជួបគ្រោះចរាចរណ៍ដោយសាររថភ្លើង ឬរថយន្តបុក ឬមួយក៏ត្រូវគេ វាយឱ្យរបួស នៅកន្លែងផ្សេង រួចដឹកយកទៅទម្លាក់ចោលនៅទីនោះនៅឡើយទេ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ បានរាយការណ៍ជូនប្រជាការពារភូមិ ដើម្បីរាយការណ៍ទៅកាន់នគរបាលប៉ុស្តិ៍ កន្ទោក ឱ្យចុះទៅពិនិត្យមើល និងឆែកឆេរខ្លួនប្រាណបុរសរងគ្រោះ ក្រែងមានអត្តសញ្ញាណប័ណ្ណ ឬលិខិត សម្គាល់ខ្លួននៅជាប់ខ្លួន ដែលអាចកំណត់អត្តសញ្ញាណជនរងគ្រោះបាន និងចាត់ចែងបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ សង្គ្រោះបន្ទាន់៕


