Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមកពីស៊ីការ ឡានក្រឡាប់ធ្លាក់ទឹក ស្លាប់៤

មកពីស៊ីការ ឡានក្រឡាប់ធ្លាក់ទឹក ស្លាប់៤

ខេត្តព្រៃវែង ៖ រថយន្តសាំងយ៉ុង ១គ្រឿង ទើបនឹងដឹកភ្ញៀវចេញពីហូបការ បំណងត្រឡប់ទៅផ្ទះវិញ លុះមក ដល់ចំណុចផ្លូវកោង ដោយសាររថយន្តបើកបរលឿនពេក ទើបធ្វើឱ្យជ្រុលធ្លាក់ផ្លូវ ក្រឡាប់ចូលទឹកប្រឡាយ បណ្តាលឱ្យស្លាប់ស្ត្រី ចំនួន៤នាក់ និងរបួសស្រាល ៥នាក់ ខណៈអ្នកបើកបររថយន្ត បាត់ខ្លួន រកមិនទាន់ឃើញ នៅឡើយ។

ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ។

រថយន្តដែលក្រឡាប់ធ្លាក់ចូលប្រឡាយ ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-1194 បើកបរ ដោយឈ្មោះយ៉ង់ យ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ (បាត់ខ្លួន)។

ចំណែកស្ត្រីរងគ្រោះដែលបាត់បង់ជីវិតទាំង៤នាក់ រួមមាន ទី១-ឈ្មោះហាយ រតនា អាយុ៣៥ឆ្នាំ មានលំនៅ ភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ។ ទី២-ឈ្មោះលាង ស្រីណាក់ អាយុ២២ឆ្នាំ មានលំនៅ ភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ។ ទី៣-ឈ្មោះសៀត សាម៉ៃ អាយុ៣២ឆ្នាំ មានលំនៅ ភូមិស្វាយក្តី ឃុំរោងដំរី ស្រុកបាភ្នំ។ ទី៤- ឈ្មោះម៉ើល អ៊ី អាយុ៣៦ឆ្នាំ មានលំនៅ ភូមិទីតាង៉ើយ ឃុំរោងដំរី ស្រុកបាភ្នំ។

ដោយឡែក ជនរងគ្រោះ ៥នាក់ទៀត ដែលរងរបួសស្រាល រួមមាន ទី១-ឈ្មោះមាន យ៉េត ភេទស្រី អាយុ៤០ឆ្នាំ មានលំនៅ ភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ (របួសស្រាល)។ ទី២-ឈ្មោះរឹម ព្រង ភេទស្រី អាយុ៣៤ឆ្នាំ មានលំនៅ ភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ (របួសស្រាល)។ ទី៣-ឈ្មោះនី ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ មានលំនៅ ភូមិ ស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ (របួសស្រាល)។ ទី៤-ឈ្មោះនី ស្រីសរ ភេទស្រី អាយុ៣៥ឆ្នាំ មានលំនៅ ភូមិស្វាយ ខ្នី ឃុំរោងដំរី ស្រុកបាភ្នំ (របួសស្រាល)  និងទី៥-ឈ្មោះមាស មឿន ភេទស្រី អាយុ៤០ឆ្នាំ មានលំនៅ ភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ (របួសស្រាល)។

លោកមុំ សារុំ អធិការនគរបាលស្រុកបាភ្នំ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តនិងមនុស្សទាំង១០នាក់ ខាងលើ បានទៅចូលរួមមង្គលការសាច់ញាតិ នៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ លុះពេលត្រឡប់មកវិញសង្ស័យ អ្នកបើកបរស្រវឹង បើកដល់ចំណុចផ្លូវកោង រថយន្តមិនព្រមបត់កោងតាមផ្លូវ បែរបើកត្រង់ទៅមុខ ទើបធ្វើឲ្យ រថយន្តធ្លាក់ផ្លូវ ក្រឡាប់ចូលទៅក្នុងទឹកប្រឡាយដែលនៅអមបណ្តោយផ្លូវ លិចរថយន្តបាត់តែម្តង។លោកអធិការ បានបន្តថា ក្រោយធ្លាក់ចូលប្រឡាយភ្លាម មនុស្សនៅក្នុងរថយន្ត បានប្រឹងលូនចេញពីរថយន្ត ស្រែកហៅអ្នកស្រុកនៅក្បែរៗនោះឱ្យជួយ និងរាយការណ៍មកសមត្ថកិច្ច ចុះទៅអន្តរាគមន៍ភ្លាមៗ ដោយស្រង់ យកមនុស្សចេញពីក្នុងរថយន្ត បានចំនួន៩នាក់ ក្នុងនោះស្លាប់ ៤នាក់ និងអ្នករងរបួសស្រាល ចំនួន៥នាក់ ដោយ ឡែកអ្នកបើកបររថយន្ត បានបាត់ខ្លួនរកមិនទាន់ឃើញ។

រថយន្តខាងលើ ត្រូវបានស្រង់យកទៅរក្សាទុកនៅប៉ូស្តិ៍រដ្ឋបាលឃុំធាយ ជាបណ្តោះអាសន្ន។ ចំណែកអ្នករង របួសចំនួន៥នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ។ដោយឡែក សពជនរងគ្រោះទាំង ៤នាក់ ត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES