Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនប្រុសឈ្លោះម៉ែ វ៉ៃក្បាលបងស្រី១ដំបង

កូនប្រុសឈ្លោះម៉ែ វ៉ៃក្បាលបងស្រី១ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយម្តាយបង្កើត លុះបងស្រីចូលទៅឃាត់ ស្រាប់តែផ្ទុះកំហឹង ទាញដំបងវាយក្បាលបងស្រី បណ្តាលឱ្យរយះ រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាម ច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំ ណុចភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់។

ជនសង្ស័យដែលយកដំបងសំពងបងស្រីបង្កើតខ្លួនឯង បណ្តាលឱ្យរយះក្បាល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ឈៀន ឆៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុក បាណន់។ ចំណែកស្ត្រីរងគ្រោះ ដែលត្រូវជាបងបង្កើតរបស់ជនសង្ស័យ មានឈ្មោះឈៀន ច្រិប ភេទស្រី អាយុ ៣៦ឆ្នាំ មានលំនៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានកើតមានទំនាស់ពាក្យ សម្តីជាមួយនឹងម្តាយបង្កើតរបស់ខ្លួន លុះក្រោយមក ស្ត្រីរងគ្រោះជាបងស្រី បានចូលមកឃាត់ និងស្តីបន្ទោស ជនសង្ស័យជាប្អូនប្រុស ២-៣ម៉ាត់ ស្រាប់តែជនសង្ស័យផ្ទុះ កំហឹង ក៏ស្ទុះទាញដំបងឈើ វាយទៅលើជនរង គ្រោះជាបងស្រី ចំក្បាល ១ដំបង បណ្តាលឱ្យរបួសបែកក្បាល លើត្រចៀកខាងឆ្វេង មួយកន្លែង។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចស្រុក ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងចុះ ទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរ និង ដកហូតវត្ថុតាងដំបងឈើ មួយកំណាត់ផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនប្រព្រឹត្តសកម្មភាពបែបនេះ គឺដោយសារមានជម្លោះមួយម្តាយ និងខឹងបងស្រីមកឃាត់ ហើយស្តីបន្ទោសខ្លួន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES