Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតូចចិត្តសង្សារភ្ជាប់ពាក្យជាមួយប្រុសថ្មី សរសេរ លិខិតផ្តាំលាទៅលោតទឹក

តូចចិត្តសង្សារភ្ជាប់ពាក្យជាមួយប្រុសថ្មី សរសេរ លិខិតផ្តាំលាទៅលោតទឹក

ភ្នំពេញ ៖ យុវជនម្នាក់ តូចចិត្តសង្សារបែកចិត្តទៅភ្ជាប់ពាក្យជាមួយប្រុសថ្មី បានជិះម៉ូតូមកអង្គុយយំនៅស្ពាន ជ្រោយចង្វា ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ឃាត់ទាន់ នាំមកកាន់ ប៉ុស្តិ៍នគបាលជ្រោយចង្វា។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨:២០នាទីព្រឹក  ថ្ងៃទី២៥  ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច ស្ពានជ្រោយចង្វាថ្មី (ស្ពានមិត្តភាពកម្ពុជា-ចិន) ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។យុវជនដែលតូចចិត្តសង្សារភ្ជាប់ពាក្យជាមួយប្រុសថ្មី ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន មានឈ្មោះ ស៊ីធូ អាយុ ១៨ឆ្នាំ មុខរបរសិស្ស។ ចំណែកនារីជាសង្សារ ឈ្មោះ ស្រីណា អាយុ ១៨ឆ្នាំ មុខរបរសិស្ស។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1KG-9556 ពីទិសខាងកើត មកលិច មកឈប់លើ ស្ពានជ្រោយចង្វាថ្មី រួចអង្គុយយំ បន្ទាប់មកបានតោងបង្កាន់ដៃស្ពាន ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែភ្លាមនោះ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ប្រទះឃើញក៏ឃាត់ទាន់ពេលនិងទាក់ទងសមត្ថកិច្ចមក នាំយកទៅកាន់ប៉ុស្តិ៍នគ បាលជ្រោយចង្វា ដើម្បីសាកសួរ។

យុវជនខាងលើ បានប្រាប់សមត្ថកិច្ចថា ខ្លួនតូចចិត្តសង្សារបែកចិត្តទៅភ្ជាប់ពាក្យជាមួយប្រុសថ្មី ទូរស័ព្ទក៏មិន លើក ទើបខ្លួនបានសរសេរសំបុត្រ ១ច្បាប់ ទុកឲ្យនាង រួចក៏បានជិះម៉ូតូឡើងស្ពានជ្រោយចង្វា ប៉ុនប៉ងលោត ទឹកសម្លាប់ខ្លួន តែត្រូវបានគេឃាត់ជាប់។

ចំពោះលិខិត ១ច្បាប់ ដែលយុវជនខាងលើ សរសេរផ្ទាល់ដៃ ទុកជូនសង្សារ មានខ្លឹមសារថា «អូនហា ! បងប្រាប់អូនថា បងនឹកអូនខ្លាំងណាស់មិនអាចបំភ្លេចបាន ហើយស្រឡាញ់ខ្លាំងទៀត។ កន្លងមក យើងបានសន្យាថាមិនទៅណាចោលគ្នាទេ ស្រឡាញ់គ្នារហូត ៩ខែជាងមក យើងឆ្លងកាត់ច្រើនណាស់ ប៉ុន្តែឥឡូវនេះ មានគេចូលស្តីអូនហើយ អូនក៏ព្រមយកគេ បងតេ អូនមិនលើក មិនដែលលើកសោះ ?

អូនណាៗ បងស៊ីធូ ម្នាក់នេះ ចង់ប្រាប់អូនថា បើអូនមិនបានបង អូនព្រមយកគេ បងលាអូនរហូតហើយ សូមឲ្យអូននិងគេ ស្រឡាញ់គ្នារហូត ? បងលារហូតហើយ ! ស្រីឈ្មោះអូនណា ប្រុសឈ្មោះ ស៊ីធូ »។

បន្ទាប់មកសមត្ថកិច្ចបានជួយលួងលោម កុំឲ្យយុវជនខាងលើគិតខ្លី រួចក៏បានទាក់ទងទៅអាណាព្យាបាល មកទទួលយកត្រឡប់ទៅលំនៅឋានវិញ៕

RELATED ARTICLES